ភ្នំពេញៈ ​អ្នកជំនាញ​ឯករាជ្យ​របស់​អង្គការសហប្រជាជាតិ កំពុងធ្វើដំណើរ​ទស្សន​កិច្ច​ក្នុងប្រទេស​កម្ពុជា ដើម្បី​ស្វែងយល់​អំពី​សិទ្ធិមនុស្ស និង​ធ្វើការ​វាយតម្លៃ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។​

លោក វី​កទ័រ ម៉ា​ឌ្រី​ហ្គា​ល់ ប័​រឡូ​ស (Victor Madrigal-Borloz) ជា​អ្នកជំនាញ​ឯករាជ្យ​របស់​អង្គការសហប្រជាជាតិ ស្តីពី​ការការពារ​ប្រឆាំងនឹង​អំពើហិង្សា និង​ការរើសអើង​ផ្អែកលើ​និន្នាការ​ផ្លូវភេទ និង​អត្តសញ្ញាណ​យេនឌ័រ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៣​។​

លោក វី​កទ័រ ម៉ា​ឌ្រី​ហ្គា​ល់ ប័​រឡូ​ស ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល បាន​ថ្លែងថា​៖ «​ខ្ញុំ​មើលឃើញថា ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ជំហាន​សំខាន់​មួយ​ក្នុងការ​អនុលោម​តាម​អាណត្តិ ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ផ្ដល់ឱ្យ​ខ្ញុំ ដើម្បី​អនុវត្ត​ការសន្ទនា និង​ស្វែងរក​ការសហការ​គ្នា ដែល​ទាក់ទង​នឹង​សិទ្ធិមនុស្ស​នៃ​សមាគម​ស្ដ្រី​ស្រឡាញ់​ស្ដ្រី បុរស​ស្រឡាញ់​បុរស អ្នក​ស្រឡាញ់​ទាំង​២​ភេទ​ដូចគ្នា អ្នក​ប្ដូរ​យេនឌ័រ និង​បុគ្គល​ចម្រុះ​យេនឌ័រ (​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​)»​។

អ្នកជំនាញ​រូបនេះ​នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្តបាត់ដំបង ហើយនឹង​ចូលរួម​ជាមួយ​អាជ្ញាធរ អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកតស៊ូ​មតិ មេដឹកនាំ​សាសនា និង​អ្នក​ដទៃទៀត​។ លោក​នឹងធ្វើ​កំណត់សម្គាល់​អំពី​វិធាន​ការដែល​បានអនុម័ត​ដើម្បី​លុបបំបាត់​អំពើហិង្សា និង​ការរើសអើង​ដោយ​ផ្អែកលើ​ការតម្រង់ទិស​ផ្លូវភេទ និង​អត្តសញ្ញាណ​យេនឌ័រ ហើយ​ស្តាប់​ភ័ស្តុតាង​ទាក់ទង​នឹង​ចន្លោះប្រហោង និង​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់​។​

លោក​បន្តថា ក៏​នឹង​ប្រមូល​ធាតុ​ផ្សំ​នានា​ដើម្បី​វិភាគ​មូលហេតុ​នៃ​អំពើហិង្សា និង​ការរើសអើង រួមទាំង​ផលប៉ះពាល់​នៃ​ការរើសអើង​ក្នុងសង្គម និង​ទម្រង់​នៃ​ការរើសអើង​ប្រសព្វ​គ្នា​។

លោក ម៉ា​ឌ្រី​ហ្គា​ល់ ប័​រឡូ​ស បាន​និយាយថា ៖ «​ការវាយតម្លៃ​របស់ខ្ញុំ​នឹង​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ហេតុផល​ដើម្បី​ផ្តល់​អនុសាសន៍​ដល់​រដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​»​។​

ទាក់ទិន​រឿងនេះ​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា គឺ​លោក កត្តា អ៊​ន ថ្លែងថា ដំណើរ​ទស្សនកិច្ច​នេះ វា​ជា​ចំណុច​១​ដ៏​ល្អ​សម្រាប់​កម្ពុជា ក្នុង​លើកកម្ពស់​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា មិន​ត្រឹមតែ​អង្គការ​សង្គម​ស៊ីវិល មិន​ត្រឹមតែ​រាជរដ្ឋាភិបាល និង​មនុស្ស​គ្រប់គ្នា គឺ​ផ្ដល់​អាទិភាព និង​ធ្វើការ​លើកកម្ពស់​សិទ្ធិ និង​សេរីភាព​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា លុបបំបាត់​នូវ​ការរើសអើង​ផ្សេងៗ​ទាំង​លក្ខណៈ​គ្រួសារ ទាំង​លក្ខណៈ​សង្គម​ផងដែរ​។​

​លោក កត្តា អ៊​ន ថា​៖ «​ខ្ញុំ​មើលឃើញថា វា​ជា​ចំណុច​ល្អ​១ ក្នុង​ការឱ្យ​តម្លៃ​ទៅលើ​សិទ្ធិមនុស្ស ដែល​មានន័យថា បងប្អូន​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា គាត់​ក៏មាន​សិទ្ធិសេរីភាព​ដូច​អ្នក​មិន​ស្រឡាញ់​ភេទ​ដូចគ្នា​ដែរ ហើយ​សិទ្ធិសេរីភាព​នេះ គឺ​ត្រូវបាន​ធានា​ការពារ​ដោយ​បទដ្ឋាន​គតិយុត្ត​អន្តរជាតិ និង​ធានា​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ផ្សេងៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​លោក​បន្តថា​៖« មួយវិញទៀត​យើង​ក៏​ឃើញថា បងប្អូន​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា មាន​សេរីភាព​ទូលំទូលាយ ហើយ​សេរីភាព​នេះ គឺ​សម្បូរបែប​មែនទែន ពីព្រោះ​ពួកគាត់​អាច​ប្រើប្រាស់​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អាច​រួមរស់​ជាមួយគ្នា ការតុបតែង​ខ្លួន និង​ការកែ​ភេទ​ជាដើម​»​។​

អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា ទាំងអស់នេះ វា​គឺជា​សេរីភាព​ដ៏​ទូលំទូលាយ បើ​ប្រៀបធៀប​ទៅនឹង​បណ្ដា​ប្រទេសមួយ​ចំនួន​ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ដែល​ប្រទេស​ទាំងនោះ គឺ​គេ​មានច្បាប់​រឹតត្បិត​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា រហូតដល់​មានការ​ផ្ត​ន្ទ​ទោស​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ផងដែរ​។​

សូមបញ្ជាក់ថា លោក វី​កទ័រ ម៉ា​ឌ្រី​ហ្គា​ល់ ប័​រឡូ​ស (Victor Madrigal-Borloz) បាន​ចូលកាន់​តួនាទី​ជា​អ្នកជំនាញ​ឯករាជ្យ​របស់​អង្គការសហប្រជាជាតិ លើ​ការការពារ​ប្រឆាំងនឹង​អំពើហិង្សា និង​ការរើសអើង​ដោយ​ផ្អែកលើ​និន្នាការ​ផ្លូវភេទ និង​អត្តសញ្ញាណ​យេនឌ័រ នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ ហើយ​លោក ក៏​ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​កម្មវិធី អេ​លី​ន័​រ រ៉ូ​សា​វេ​ល (Eleanor Roosevelt)​នៅ​កម្មវិធី​សិទ្ធិមនុស្ស​របស់​សាកលវិទ្យាល័យ​ច្បាប់ ហា​វើ​ឌ (Harvard)​ផងដែរ​។​ ​រហូតដល់​ខែមិថុនា ឆ្នាំ​២០១៩ លោក​បាន​បម្រើការ​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ស្តារនីតិសម្បទា​អន្តរជាតិ​សម្រាប់​ជនរងគ្រោះ​ដោយ​ទារុណកម្ម​(IRCT)៕