ភ្នំពេញៈអង្គភាព​លូទឹក បូមទឹក​នៃ​មន្ទីរ​សាធារ​ណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យ​ដឹងថា អ្នកជំនាញ​ជប៉ុន កំពុង​សិក្សា​ ដើម្បី​បង្កើត​ស្ថានីយ​បូមទឹក​ថ្មី​បន្ថែមទៀត​ ស្របពេល​ស្ថានីយ​ថ្មី​មួយទៀត កំពុង​សាងសង់​បន្ថែម​ពី​ស្ថានីយ​បូមទឹក​ចំនួន ​១៤ ដែល​កំពុងមាន​ក្នុងពេល​បច្ចុប្បន្ន ដើម្បី​រំដោះ​ទឹកជន់​លិច​ក្នុង​តំបន់​មួយចំនួន​ក្នុង​រាជ​ធានី​ភ្នំ​ពេញ។

ស្ថានីយ​បូមទឹក​ចំនួន១៤កន្លែង ដែល​កំពុង​ដំណើរ​ក្នុង​ពេលបច្ចុប្បន្ន គឺ​រួមមានស្ថានីយ​បូមទឹក​បឹងត្របែក, ស្ថានីយ​បូម​ទឹក​បឹងទំពុន, ស្ថានីយ​បូមទឹក​លូ​៥, ស្ថានីយ​បូមទឹក​បុរី១០០ខ្នង, ស្ថានីយ​បូមទឹក​ទួល​សំពៅ, ស្ថានីយ​បូមទឹក​កប់​ស្រូវ, ស្ថានីយ​បូមទឹក​ស្វាយប៉ាក, ស្ថានីយ​បូមទឹក​ព្រះ​ពន្លា, ស្ថានីយ​បូមទឹក​ទួលគោក​ទី១, ស្ថានីយ​បូមទឹក​ទួលគោក​ទី២ និង​ស្ថានីយ​៤​កន្លែង​ទៀត​នៅមុខ​រាជវាំង និង​ព្រះ​គ​ម្ល​ង់។

លោក ម៉ែន សុខ​ខេន ប្រធាន​អង្គភាព​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន​ស្ថានីយ​បូមទឹក១ថ្មី កំពុង​ត្រូវបាន​សាងសង់ នៅ​តំបន់​គីឡូ​ម៉ែត​លេខ៩ ស្ថិតក្នុង​ខណ្ឌឫស្សីកែវ បន្ថែម​​ពីលើ​ស្ថានីយ​បូមទឹក​ដែលមាន​ស្រាប់​ទាំង១៤នេះ។ ទន្ទឹមនឹងនេះ​អ្នកជំនាញ​កម្ពុជា និង​ជប៉ុន ក៏​កំពុង​សិក្សា​បន្ថែមទៀត ដើម្បី​បង្កើត​ស្ថានីយ​បូមទឹក​នៅ​តំបន់ថ្មីៗ ដែល​កំពុង​រង​ការ​ជន់​លិច​ផងដែរ។

លោក បាន​បញ្ជាក់ថា៖‍​«នៅ​គីឡូម៉ែត្រ​លេខ៩ យើង​កំពុង​ចាប់ផ្តើម​សាងសង់ ដែល​យើង​ទើប​ធ្វើ​ពិធី​ក្រុង​ពលី​កាលពី​ខែ​មុន ហើយអ្នក​ជំនាញ កំពុង​បន្តការងារ​បុកគ្រឹះ។ អ្នកជំនាញ​ជប៉ុន ក៏គេ​កំពុងតែ​សិក្សា​ឱ្យ​យើង​បន្ថែមទៀត ដូចជា​តំបន់​ប៉ែក​ខាងត្បូង​រាជធានី នៅម្តុំ​តំបន់​សេដ្ឋកិច្ច​ពិសេស។ យើង​កំពុង​សិក្សា​ថា ត្រូវ​ថែម​ស្ថានីយ​បូមទឹក​នៅ​កន្លែង​ណា​ទៀត ព្រោះ​តំបន់​ហ្នឹង​នៅមាន​ការ​ជន់​លិច​ខ្លាំង​ដែរ»។

តាម​ការសិក្សា​របស់​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន សណ្ឋាន​ដី​នៅ​ទីក្រុង​ភ្នំពេញ ជា​តំបន់​ទំនាប​បាតខ្ទះ​ព័​ទ្ឋ​ជុំវិញ​ដោយ​ទំនប់ ហើយ​រង​ការគំរាមកំហែង​ដោយ​ទឹកជំនន់​ចំនួន ៣ប្រភព ដោយ​ទី១ គឺ​ជំនន់​ដោយ​ទឹកភ្លៀង ទី២ ជំនន់​ដោយ​ទឹកទន្លេ និង​ទី៣ ជំនន់​ពី​ស្ទឹង​ព្រែក​ត្នោត ខេត្ត​កណ្តាល និង​ខេត្តកំពង់ស្ពឺ។

លោក ម៉ែន សុខ​ខេន បាន​លើក​ឡើង​ថា បើ​រាជធានី​ភ្នំពេញ មាន​ស្ថានីយ​បូមទឹកកាន់តែ​ច្រើន នោះ​នឹងចូលរួម​ជួយ​កាត់​បន្ថយ​ការ​ជន់​លិច​បាន​មួយផ្នែក។ ប៉ុន្តែ​លោកថា ការចូលរួម​របស់​ប្រជាពលរដ្ឋ ក្នុងការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹម​ត្រូវ និង​ចូលរួម​ថែរក្សា​ប្រព័ន្ធ​បង្ហូរទឹក​នៅផ្ទះនីមួយៗ គឺជា​ការចូលរួម​ដ៏​សំខាន់​ជាង ដែល​អាចឱ្យ​តំបន់​ដែល​ពលរដ្ឋ កំពុង​រស់នៅ មិន​ប្រឈម​ការស្ទះ​ជន់​លិច។

លោក បាន​បញ្ជា​ក់ថា៖«យើង​មិន​សង្ឃឹម​ទៅលើស្ថានីយ​ហ្នឹង​ទាំងស្រុង​ទេ លុះត្រា​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​គាត់​រស់នៅក្នុង​រាជធានី​ភ្នំពេញ​ហ្នឹង។ ដោយសារតែ​យើង​ខំ​បង្កើន​នូវ​សមត្ថភាព​បូមទឹក ប៉ុន្តែ​ពលរដ្ឋ​ អត់​ចូលរួម​ក្នុងការ​ថែទាំ​បណ្តាញ​លូ ប្រឡាយ។ យើង​មិនឱ្យ​គាត់​មក​ថែទាំ​ទេ យើង​សុំ​តែ​ឱ្យ​គាត់​យកចិត្តទុកដាក់​ធ្វើ​ម៉េច រឿង​សំរាម និង​របស់របរ​បោះចោល​ហ្នឹង គឺ​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​ទៅ នោះ​នឹង​កាត់បន្ថយ​ភាគរយ​ច្រើន​នៃ​ការ​ស្ទះលូ និង​លិចលង់»។

ចាប់តាំងពី​ឆ្នាំ១៩៩០ ​រាជធានី​ភ្នំពេញ​ មាន​បឹង​ចំនួន​២៦ ហើយក្នុងនោះ​បឹង​ចំនួន​១៦ ត្រូវបាន​ចាក់ដី​លុប​ទាំង​ស្រុង និង​​រលាយ​បាត់​រូបរាង​ពី​ផែនទី​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ ខណៈ​បឹង​ចំនួន១០ទៀត កំពុង​ត្រូវបាន​ចាក់​ដី​លុប​មួយផ្នែក​ជា​បណ្ដើរ​ៗ។ នេះ​បើយោងតាម​របាយការណ៍​​ស្តីពី បឹង​ចុងក្រោយ​ ក្នុង​រាជធានី​ភ្នំពេញរបស់អង្គការ​សមាគម​ធាងត្នោត កាល​​ពី​ឆ្នាំ២០១៩។

លោក ហេង យ៉ុ​ន​គូ​រ៉ា នាយក​ប្រតិបត្តិ​អង្គការ​កែច្នៃ និង​អនាម័យ​សហគមន៍ បានសាទរ​ចំពោះ​ការសិក្សា​បន្ថែម​ក្នុងការ​បង្កើត​ស្ថានីយ​បូមទឹក​ឱ្យបាន​កាន់តែច្រើន។ ប៉ុន្តែ​យ៉ាងណា លោក នៅតែ​មើល​ឃើញ​ថា បញ្ហា​ជន​លិច​ក្នុង​រាជធានី​ភ្នំ​ពេញ គឺ​នៅតែ​កើតមាន ព្រោះ​ការ​ចោល​សំរាមនៅតែ​បន្តកើន​ឡើង ខណៈ​បឹង​ធម្មជាតិមួយចំនួន ដែល​ជួយ​ស្តុក​ទឹកក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បាត់​បង់។

លោក បាន​បញ្ជាក់ថា៖«បើសិនជា​ធ្វើ​ប្រឡាយទឹក ធ្វើ​ប្រដាប់​បូមទឹក ហើយ​មិន​គិតគូរ​នឹង​សំណល់​រឹង​ហ្នឹង​ទេ នោះ​សំ​ណល់ និង​សំរាម​ប្លា​ស្ទិ​ក​ហ្នឹង គឺអាច​ចូលក្នុង​ម៉ាស៊ីន​បូម​នេះ ក៏​មិនអាច​ដំណើរការ​បានដែរ ដែល​អាច​ខូច​ម៉ាស៊ីន​ទាំង​នោះ ហើយ​រឿង​រំដោះ​ពី​ក្រុងទៅខាង​ក្រៅ គឺជា​រឿង​ល្អ​មួយ ប៉ុន្តែ​ឥឡូវ ជុំវិញ​ភ្នំពេញ បឹង​លុប​អស់ហើយ ខ្ញុំ​មិន​ដឹងថា បូម​​ទៅណា​ទៀត»។

ជាមួយ​គ្នា​នេះលោក ហេង យ៉ុ​ន​គូ​រ៉ា យល់​ថា ចំពោះ​ដំណោះស្រាយ​នានា​ជុំវិញ​ឥរិយាបថ​ពលរដ្ឋ​ក្នុងការ​ទុកដាក់​សំរាម​អាជ្ញាធរ គួរតែមា​ន​ការ​ផ្លាស់ប្តូរ ហើយ​គួរ​តែប្រើ​ប្រាស់​ការគ្រប់​គ្រង​បញ្ហា​សំរាម តាម​ប្រព័ន្ធវិសហ​មជ្ឈ​ការ ដែល​ផ្តល់​សម​ត្ថកិច្ច​ក្នុង​ការ​គ្រប់​គ្រង​សំរាម​ឱ្យទៅ​មូល​ដ្ឋាន​ជាក់​ស្តែង​វិញ ហើយ​ពលរដ្ឋនៅ​តាម​មូល​ដ្ឋាន ត្រូវមាន​កាតព្វកិច្ច​ចូល​រួម​ក្នុ​ង​ការងារ​នេះ​។

លោក បាន​រៀប​រាប់​បន្ត​ថា​៖«ការ​រំដោះ​ទឹក​ស្អុយ​ចេញ​ពីក្រុង​នេះ គឺលូ​ដែលបាន​ដាក់ទាំ​ងនោះ បាន​ទាប​ជាងថ្ន​ល់ និង​ផ្ទះ​ពលរដ្ឋ​អស់​ហើយ។ ដូច្នេះ នៅក្នុង​លូ​នោះ គឺពោ​ពេញ​ដោយ​ដប​ជ័រ និងប្លា​ស្ទិក ដែល​ជាចំណុ​ចធ្វើឱ្យការ​ការ​បូមលូ​ដោ​យ​​ម៉ាស៊ីន នៅតែមាន​កា​រស្ទះ។ ឃើញ​ថា ប្រព័ន្ធ​ប្រមូល​សំរាម ក៏ប្រមូល​មិន​ទាន់ ហើយ​ធ្វើឱ្យសំរា​ម​ទាំងនោះ​ហូរចូ​ល​ទៅ ហើយ​នេះ​គឺរឿង​តិចៗ ដែល​យើង​មិន​បាន​គិតគូរ ធ្វើ​ឱ្យ​ទីក្រុង​យើង​មាន​ការ​លំបាក​»៕