​ភ្នំពេញៈ​ ប្រទេស​សមាជិក​គណៈកម្មកា​រ​ទន្លេមេគង្គ (MRC) ទាំង ៤ រួមមាន កម្ពុជា ឡាវ ថៃ វៀតណាម និង​ដៃគូ​របស់ខ្លួន​មាន​ចិន និង​មី​យ៉ាន់​ម៉ា នឹង​អំពាវនាវ​ឱ្យមាន​ដំណោះស្រាយ​ថ្មីៗ​នៃ​អាង​ទន្លេមេគង្គ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​នានា​ខណៈ​ទន្លេ​នេះ កំពុង​ឆ្លងកាត់​នូវ​ការផ្លាស់ប្តូរ​យ៉ាង​សម្បើម​។​

​សេចក្តីប្រកាស​ព័ត៌មាន​គណៈ​កម្ម​ការ​ទន្លេមេគង្គ​ ​(MRC)​ បញ្ជាក់​នៅ​ថ្ងៃទី​ ១០ ខែមករា​ថា​៖ «​ថ្នាក់ដឹកនាំ​មេគង្គ​នឹង​អំពាវ​​នាវ​ឱ្យមាន​ដំណោះស្រាយ​ថ្មីៗ​ក្នុង​កិច្ចប្រជុំ​កំពូល​របស់ ​MRC​នាពេល​ខាងមុខនេះ​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​នានា​»​។​

​ប្រមុខ​រដ្ឋាភិបាល​មក​ពី​ប្រទេស​សមាជិក​ទាំង​ ៤ របស់ ​MRC​ រួមមាន កម្ពុជា ឡាវ ថៃ និង​វៀតណាម និង​គណៈប្រតិភូ​ជាន់ខ្ពស់​មកពី​ប្រទេស​ជា​ដៃគូ​មាន​ចិន និង​មី​យ៉ាន់​ម៉ា នឹង​បើក​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ និង​សន្និសីទ​អន្តរជាតិ​របស់​ MRC ដោយមាន​ការចូលរួម​ផ្ទាល់​ចាប់​ពីថ្ងៃ​ទី​ ២ ដល់​ថ្ងៃទី​ ៥ មេសា នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ដើម្បី​កំណត់​ជោគវាសនា​របស់​អាង​ទន្លេមេគង្គ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា ព្រឹត្តិការណ៍​កម្រិត​នយោបាយ​ខ្ពស់បំផុត​របស់​ស្ថាប័ន​នេះ នឹង​នាំឱ្យ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង​ ៦ ជួបពិភាក្សា​ពី​ការអភិវឌ្ឍ​ថ្មីៗ កាលានុវត្តន៍ និង​ដំណោះ​ស្រាយ​បែប​នវានុវត្តន៍​លើ​បញ្ហា​ប្រឈម​នានា ដោយ​រាប់​ចាប់ពី​ផលវិបាក​នៃ​ការអភិវឌ្ឍ​ពាក់​ព័ន្ធ​នឹង​ទឹក រហូតដល់​ការ​ប្រែ​​ប្រួល​អាកាសធាតុ ដែល​កំពុង​ជះឥទ្ធិពល​ដល់​ទន្លេមេគង្គ​។​

លោក អា​នុ​ឡាក់ ខិ​ធិ​ឃូ​ន នាយក​ប្រតិបត្តិ​នៃ​លេខា​ធិ​​ការដ្ឋាន​ MRC​ ថ្លែងថា​៖ «​ទន្លេមេគង្គ​កំពុង​ឆ្លងកាត់​នូវ​ការផ្លាស់ប្តូរ​យ៉ាង​សម្បើម​។ យើង​ត្រូវតែ​ច្នៃប្រឌិត​ឥតឈប់ឈរ ទាំង​ផ្នែក​គោលនយោបាយ យុទ្ធ​​សាស្ត្រ និង​បច្ចេកវិទ្យា ដើម្បី​នាំឱ្យ​ការគ្រប់គ្រង និង​អភិវឌ្ឍ​អាង​ទន្លេមេគង្គ​កាន់តែ​មានការ​ទទួលខុសត្រូវ និង​ប្រកប​ដោយ​ចីរភាព​»​។​

​កិច្ចប្រជុំ​កំពូល​លើក​ទី ​៤ នឹង​នាំមុខ​ដោយ​សន្និសីទ​អន្តរជាតិ​មួយ​នៅ​ថ្ងៃទី​ ២ និង​ទី​ ៣ ខែមេសា​នឹង​ពិភាក្សា​ជុំវិញ​ប្រធាន​បទ​ «​នវានុវត្តន៍ និង​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​សន្តិសុខ​ទឹក និង​ទន្លេមេគង្គ​ប្រកបដោយ​ចីរភាព​»​។​

​សន្និសីទ​នេះ ត្រូវបាន​គេ​រំពឹងថា នឹងមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ជំនាញ និង​អ្នក​ចាប់​​អារម្មណ៍​ពី​កិច្ចការ​ទន្លេមេគង្គ​នៅ​ទូទាំង​ពិភពលោក ប្រមាណ​ ៤០០​ នាក់​។

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា អ្នកចូលរួម​ទាំងអស់​នឹងធ្វើ​ការផ្លាស់ប្តូរ​ទស្សនៈ​ប្រកបដោយ​ការ​បំផុសគំនិត ចំណេះដឹង​ដែល​បាន​អនុវត្ត រួមទាំង​បទពិសោធន៍​ជាក់ស្ដែង​ជុំវិញ​នវានុវត្តន៍​ពាក់​-​ព័ន្ធ​នឹង​ទឹក​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទន្លេ​មេគង្គ​។

​សាធារណជន ឬ​អង្គភាព​នានា​ដែល​ចាប់អារម្មណ៍​ត្រូវ​ចុះឈ្មោះ​ចូលរួម​ជាមុន​។ អ្នក​ជំនាញការ ត្រូវបាន​ស្វាគមន៍​ឱ្យ​ដាក់សំណើ​ធ្វើ​បទ​បង្ហាញ​នៅឯ​សន្និសីទ​នេះ​៕