​ភ្នំពេញៈ ​នាយកដ្ឋាន​បឋមសិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​អង្គការ​ភ្លែ​ន​អន្តរជាតិ រួមគ្នា​កែលម្អ​សៀវភៅ​សិស្ស​ថ្នាក់​ឆ្នាំ​ទី​១ ​​នៃ​កម្មវិធី​ព​ន្លឿ​ន​ការសិក្សា​ទាំង ៤ មុខវិជ្ជា​ជា​លើកដំបូង ដើម្បី​ផ្តល់ឱកាស​ដល់​កុមារ​ដែលមាន​អាយុ​ច្រើន ហើយ​បោ​បង់​ការសិក្សា​ឱ្យ​ចូលរៀន​ឡើងវិញ និង​ចំណេញ​ឆ្នាំ​សិក្សា​។​

​ការកែលម្អ​សៀវភៅ​សិស្ស​ថ្នាក់​ឆ្នាំ​ទី១ នៃ​កម្មវិធី​ព​ន្លឿ​ន​ការសិក្សា​ទាំង ៤ មុខវិជ្ជា គឺមាន​ភាសា​ខ្មែរ គណិតវិទ្យា​វិទ្យាសាស្ត្រ​អនុវត្ត និង​សិក្សា​សង្គម ត្រូវបាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​មួយរយៈ​ពេល​ ៤​ ថ្ងៃ ចាប់ពី​ថ្ងៃទី ១០ ដល់ ១៣ ខែមករា ឆ្នាំ ​២០២៣ នៅ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ចាម ដោយមាន​អ្នកចូលរួម​ប្រមាណ ៤០ នាក់ មកពី​នាយកដ្ឋាន​បឋម​សិក្សា និង​មន្ទីរអប់រំ​ចំនួន ១១ ខេត្ត​។

​លោក​ យី គឹម​ថា​ន នាយករង​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១១ មករា​ថា ការកែលម្អ​សៀវភៅ​សិក្សា​ថ្នាក់​ឆ្នាំ​ទី ១ នេះ​ដោយសារតែ​កម្មវិធីសិក្សា​ដែលមាន​កន្លងមក​គឺ​បានធ្វើ​តាំងពី​ប្រមាណ ១០ ឆ្នាំ​មកហើយ ដែល​ទាមទារ​ឱ្យមាន​ការកែលម្អ​ជាថ្មី ដើម្បីឱ្យ​ស្របតាម​បរិបទ​ដែលមាន​ការកែប្រែ​សៀវភៅ​សិក្សា​គោល​ទូទៅ​ជាប្រចាំ​។​

​ជាមួយគ្នានេះ លោក​បាន​អះអាងថា ការកែលម្អ​សៀវភៅ​សិស្ស​ថ្នាក់​ឆ្នាំ​ទី ​១ ​នៃ​កម្មវិធី​ព​ន្លឿ​ន​ការសិក្សា​នេះ​គឺត្រូវធ្វើ​យ៉ាងណា​ឱ្យ​សមស្រប​ទៅតាម​កម្មវិធី​សិក្សា​ថ្នាក់​ទូទៅ​នៅ​ទូទាំងប្រទេស​ផងដែរ ព្រោះ​កម្មវិធី​ព​ន្លឿ​ន​ការសិក្សា​នេះ ក៏​ជា​កម្មវិធី​ជាតិ​ដែល​ទាមទារ​ឱ្យ​សិ​ស្សា​នុ​​សិស្ស​ដែល​រៀន​កម្មវិធី​នេះ​ទទួលបាន​ចំណេះដឹង​ដូច​សិស្ស​ទូទៅ​ដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការកែលម្អ​សៀវភៅ​សិស្ស​ថ្នាក់​ឆ្នាំ​ទី ​១​ នៃ​កម្មវិធី​ព​ន្លឿ​ន​ការសិក្សា​នេះ​យើង​នឹង​ធ្វើការ​ពិនិត្យឡើងវិញ​ទៅលើ​សេចក្តីណែនាំ និង​ការអនុវត្ត​។ នៅពេលដែល​ធ្វើការ​កែលម្អ​ហើយ សៀវភៅ​នេះ​នឹងដាក់​ឱ្យ​​ប្រើប្រាស់​ទូទាំងប្រទេស មានន័យថា មិនមែន​ធ្វើ​តែ​នៅក្នុង​តំបន់​ដែលមាន​កម្មវិធី​របស់​អង្គការ​ភ្លែ​ន​ទេ​គឺ​ប្រើប្រាស់​នៅតាម​តំបន់​ណា​ដែល​សម្បូរ​ក្មេង​អាយុ​លើសពី​កម្រិត​នៃ​ការសិក្សា​របស់គាត់​ហើយ​មិនទាន់បាន​ចូលរៀន​គឺអាច​អនុវត្ត​កម្មវិធី​នេះ​បាន​»​។​

​កាលពី​ឆ្នាំ​ ២០១១-២០១២ នាយក​​ដ្ឋា​ន​បឋមសិក្សា​សហការ​ជាមួយ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ​(PSE)​ ធ្លាប់បាន​ចងក្រង​សៀវភៅ​ថ្នាក់​ព​ន្លឿ​ន​ការសិក្សា​ចំនួន​ ១២ ​ក្បាល ​(​គ្រូ​សិស្ស​)​ សម្រាប់​ ៣ ​កម្រិត​ដោយ​សិក្សា​លើ​ ៤ ​មុខវិជ្ជា​គឺជា​ភាសា​ខ្មែរ គណិតវិទ្យា វិទ្យា​សាស្ត្រ​អនុវត្ត និង​សិក្សា​សង្គម​។

​ការ​ចងក្រង​សៀវភៅ​ក្នុងពេលនោះ គឺជា​ការច្របាច់បញ្ចូល​គ្នា​រវាង​សៀវភៅ​សិក្សា​គោល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ពី​ការសិក្សា​៦ ​ឆ្នាំ​នៅ​ថ្នាក់​ធម្មតា មក​សិក្សា​៣​ឆ្នាំ​នៅ​ថ្នាក់​ព​ន្លឿ​ន​ការសិក្សា ដែល​មានន័យថា បញ្ចូល​កម្មវិធីសិក្សា​ថ្នាក់​ទី​ ១ ​និង​ថ្នាក់​ទី​ ២ បង្កើតបានជា​កម្មវិធី​ថ្នាក់​ឆ្នាំ​ទី​១ និង​បញ្ចូល​កម្មវិធីសិក្សា​ថ្នាក់​ទី​ ៣ និង​ថ្នាក់​ទី ​៤ បង្កើតបានជា​កម្មវិធី​ថ្នាក់​ឆ្នាំ​ទី​ ២ ព្រមទាំង​បញ្ចូល​កម្មវិធីសិក្សា​ថ្នាក់​ទី​ ៥ និង​ថ្នាក់​ទី​ ៦ បង្កើតបានជា​កម្មវិធី​ថ្នាក់​ឆ្នាំ​ទី ៣​។​

​លោក​ ចាន់ សុភា ប្រធាន​នាយកដ្ឋាន​បឋមសិក្សា​បាន​ថ្លែងថា កន្លងមក ក្រសួង​អប់រំ យុវជន និង​កីឡា​សង្កេតឃើញថា​កុមារ​មួយចំនួន​មាន​អាយុ​ច្រើន​មិនបាន​ចូលរៀន និង​រៀន​មិន​ស្របតាម​កម្រិត​ថ្នាក់​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការ​អនុវត្ត​គោលនយោបាយ​សាលា​កុមារ​មេត្រី​អប់រំ​កម្រិត​មូលដ្ឋាន​ច្បាប់​អប់រំ និង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​។​

លោក​បាន​បន្តថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​បានចេញ​សេចក្តីណែនាំ​កាល ថ្ងៃទី​ ២ ខែឧសភា ឆ្នាំ​ ២០១៣ ស្តីពី​ការអនុវត្ត​កម្មវិធី​ព​ន្លឿ​ន​ការសិក្សា​នៅ​បឋមសិក្សា ក្នុង​គោលបំណង​ប្រមូល​កុមារ​ដែលមាន​អាយុ​ច្រើន ហើយ​បោះ​​បង់​ការសិក្សា​ឱ្យចូល​រៀន​ឡើងវិញ​។

​លោក​បញ្ជាក់ថា​៖ «​កម្មវិធី​ព​ន្លឿ​ន​ការសិក្សា​នៅ​បឋមសិក្សា​នេះ​នឹង​ជួយ​ព​ន្លឿ​ន​ការសិក្សា​របស់​កុមារ​ដែលមាន​អាយុ​ច្រើន រៀន​មិន​ស្រប​កម្រិត​ថ្នាក់​ឱ្យបាន​រៀន​ស្រប​កម្រិត​ថ្នាក់​វិញ និង​រួមចំណែក​កាត់បន្ថយ​អត្រា​ត្រួតថ្នាក់ បោះ​បង់​ការសិក្សា​រួមទាំង​បង្កើន​ការចូល​រៀន​ឡើងវិញ​និង​ជួយ​សម្រួលការ​រៀនសូត្រ​របស់​សិស្ស ដើម្បីឱ្យ​ពួកគេ​មានឱកាស​រៀន​ទាន់​កម្មវិធី​ដូច​សិស្ស​ដទៃទៀត​និង​អាច​បន្ត​ការសិក្សា​ទៅ​ថ្នាក់​បន្ទាប់​ទៀត​ប្រកបដោយ​គុណភាព​ពិតប្រាកដ​»​។​

​លោក​ ចាន់ សុភា បាន​ថ្លែងថា នេះ​ជា​លើក​ទី ​១ ​ហើយ ដែល​នាយកដ្ឋាន​បឋមសិក្សា​សហការ​ជាមួយ​អង្គការ​ភ្លែ​ន​បានរៀបចំ​កម្មវិធី​សិក្ខាសាលា​ពិគ្រោះ​យោបល់​និង​កែលម្អ​លើ​សៀវភៅ​កម្មវិធី​ព​ន្លឿ​ន​ការសិក្សា​ថ្នាក់​ឆ្នាំ​ទី ១​ សម្រាប់​កម្រិត​បឋមសិក្សា​នេះ បន្ទាប់ពី​សៀវភៅ​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ ១០ ​ឆ្នាំមុន​។ លោក​ថា សៀវភៅ​ថ្មី​នេះ មាន​សារៈសំខាន់​ដែលជា​ជំនួយស្មារតី​សម្រាប់​លោកគ្រូ អ្នកគ្រូ និង​សិ​ស្សា​នុ​សិស្ស​ក្នុងការ​អនុវត្ត​សកម្មភាព​បង្រៀន​និង​រៀន​នៅតាម​មូលដ្ឋាន​របស់ខ្លួន​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​តាមរយ​:​សិក្ខាសាលា​ពិគ្រោះ​យោបល់​កែលម្អ​សៀវភៅ​កម្មវិធី​ព​ន្លឿ​ន​ការសិក្សា​ថ្នាក់​ឆ្នាំ​ទី​១​នៅពេលនេះ ខ្ញុំ​សង្ឃឹមថា អស់លោក លោកស្រី​ចូលរួម​បញ្ចេញមតិ​យោបល់​និង​ផ្លាស់ប្តូរ​បទពិសោធន៍​ល្អៗ រួមគ្នា​ធ្វើឱ្យ​សៀវភៅ​កម្មវិធី​ព​ន្លឿ​ន​ការសិក្សា​ថ្នាក់​ឆ្នាំ​ទី ​១ ​នេះ​មាន​ភាព​សុក្រឹត​ពោរពេញ​ទៅដោយ​ភាពជឿជាក់​ដើម្បី​យកទៅអនុវត្ត​នៅតាម​មូលដ្ឋាន​របស់ខ្លួន​បាន​ជោគជ័យ​»​។​

​កម្មវិធី​ព​ន្លឿ​ន​ការសិក្សា គឺ​មានន័យថា ជាការ​រួមបញ្ចូល​គ្នា​រវាង​កម្មវិធីសិក្សា​គោល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា (​ស្តីពី​ការសិក្សា ​៦​ ឆ្នាំ​នៅ​ថ្នាក់​ធម្មតា មក​សិក្សា​ ៣ ​ឆ្នាំ​នៅ​ថ្នាក់​ព​ន្លឿ​ន​ការសិក្សា​)​ ដោយ​បញ្ចូល​កម្មវិធីសិក្សា​ថ្នាក់​ទី​ ១ ​និង​ទី​ ២​ បង្កើតបានជា​កម្មវិធី​ថ្នាក់​ឆ្នាំ​ទី​ ១,​បញ្ចូល​កម្មវិធីសិក្សា​ថ្នាក់​ទី​ ៣ ​និង​ទី ​៤ ​បង្កើតបានជា​កម្មវិធី​ថ្នាក់​ឆ្នាំ​ទី​ ២ ​និង​បញ្ចូល​កម្មវិធីសិក្សា​ថ្នាក់​ទី​៥ ​និង​ទី ៦ ​បង្កើតបានជា​កម្មវិធី​ថ្នាក់​ឆ្នាំ​ទី​ ៣ ​នៃ​កម្មវិធី​ព​ន្លឿ​ន​ការសិក្សា​ចំពោះ​ម៉ោង​សិក្សា​អនុវត្ត​ដូច​ថ្នាក់​ធម្មតា​៕