ភ្នំពេញៈ ​អង្គការ​សមាគម​ចំនួន ​៤​ រួមមាន​លីកាដូ​ សង់ត្រាល់​ អាយ​ឌា​ និង​ស៊ី.​ស៊ី.​អែហ្វ.​ស៊ី​ បានសម្រេច​ដក​បទចម្រៀង​អម​ដោយ​រូបភាព​វីដេអូ​នៃ​ព្រឹត្តិការណ៍​បង្ក្រាប​ហ្វូង​បាតុករ​ កាលពី​ ៩ ​ឆ្នាំមុន​ លើ​កំណាត់​ផ្លូវ​វេង​ស្រេង ​និង​មុខ​ក្រុមហ៊ុន​រោង​ចក្រ​កាត់ដេរ​យ៉ាក​ជីន​ (Yakjin Cambodia Inc) ​ដែលមាន​ចំណង​ជើង​ថា ​«ឈាម​បាតុករ»​ ចេញពី​គេហ​ទំព័រ​របស់​ខ្លួន​ទាំងស្រុង​ហើយ​។​

​ការដក​ចេញ​បទ​ចម្រៀង​អមដោយ​រូបភាព​វីដេអូ​នៃ​ព្រឹត្តិការណ៍​បង្ក្រាប​ហ្វូង​បាតុករ​ដ៏​ហិង្សា​នោះ ​បាន​ធ្វើឡើង​បន្ទាប់​ពី​កម្លាំង​ការិយាល័យ​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​កោះហៅ​តំណាង​នៃ​អង្គការ​សមាគម​ទាំងនេះ​ឱ្យ​ចូលទៅ​ឆ្លើយបំភ្លឺ​ជុំវិញ​ការចែករំលែក និងបង្ហោះ (​Share Post) នូវ​បទ​ចម្រៀង​នេះ​ដែល​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​អះអាងថា​ មាន​ចរិត​ញុះញង់​នឹង​អាច​បង្ក​អសន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ ហើយ​បាន​ស្នើឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ ជួយ​អន្តរាគមន៍​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ​ហាមឃាត់​ការផ្សព្វផ្សាយ​នូវ​បទ​ចម្រៀង​នេះ​ជា​សាធារណៈតាម​គ្រប់​រូបភាព​។

​លោក​ អំ សំអាត ​អនុប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ​លោក​ត្រូវបាន​អាជ្ញាធរ​កោះ​ឱ្យចូល​បំភ្លឺ​ជុំវិញ​ការបង្ហោះ​បទ​ចម្រៀង​ខាងលើនេះ កាលពី​រសៀល​ថ្ងៃទី​ ៩​ មករា។ ​ក្រោយពី​បាន​ត្រឡប់​ពី​ការឆ្លើយបំភ្លឺ​ជូន​សមត្ថកិច្ច នា​ល្ងាច​ថ្ងៃ​ដដែល​នោះ ​លោក​ក៏បាន​កោះប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​សម្ព័ន្ធ​អង្គការ​នេះ​ភ្លាមៗ​ផងដែរ ​ដើម្បី​ពិភាក្សា​លើ​សំណើ​របស់​ខាង​សមត្ថកិច្ច​ដែល​ស្នើ​សុំឱ្យ​លោក​ដក​នូវ​បទ​ចម្រៀង ​«ឈាម​បាតុករ» ​នេះ​ចេញពី​គេហទំព័រ​។​

​លោក​ថ្លែងថា​៖ «នៅ​ព្រឹក​ថ្ងៃ​ ១០ ​ខែមករា​ ឆ្នាំ​ ២០២៣​ អង្គការ​យើង​បានសម្រេច​ឯកភាពគ្នា​ដក​ឃ្លីប​បទចម្រៀង​នោះ​ចេញពី​គេហទំព័រ​របស់​អង្គការ​លីកាដូ​យើង​តាម​សំណើ​របស់​សមត្ថកិច្ច​។ យើង​មិនមែនជា​អ្នកបង្ក​ការលំបាក​ដល់​សមត្ថកិច្ច​នោះទេ​។ នៅពេលនេះ ​អ្វីដែល​យើង​ចង់បាន​បំផុត​នោះ​ គឺ​សន្តិភាព ​និង​ការបម្រើ​ប្រជាពលរដ្ឋ​ដើម្បី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ប្រកប​ដោយ​បរិយាប័ន្ន»។​

​លោក​ឱ្យដឹង​ទៀតថា​ កាលពី​រសៀល​ថ្ងៃទី​ ៩​ ខែមករា ​ខណៈ​ចូលទៅ​បំភ្លឺ​ដល់​សមត្ថកិច្ច​អំពី​ករណី​នោះលោក​បាន​ពន្យល់​ដល់​សមត្ថកិច្ច​ថា ក្នុងនាម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការផ្ដោត​សំខាន់​លើ​កិច្ចការ​ការពារ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ​ពុំមាន​សកម្មភាព ​ឬ​ចេតនា​ណាមួយ ​ដែលនាំ​ឱ្យ​មាន​ការបង្ក​អសន្តិសុខ​ដល់​សង្គម​ ដូច​ការលើក​ឡើង​របស់​ក្រសួង​វប្បធម៌​នោះទេ​។

«​ខ្ញុំ​បានបញ្ជាក់​ប្រាប់​ដល់​សមត្ថកិច្ច​ថា ​ការបង្ហោះ​ចម្រៀង​អមដោយ​រូបភាព​វីដេអូ ​ដែលមាន​ចំណងជើង​ ឈាម​បាតុករ​នោះ​ នៅលើ​គេហទំព័រ​របស់​អង្គការ​លីកាដូ ​នាពេល​ថ្មីៗ​នេះ គឺ​ក្នុង​គោលបំណង​ ដើម្បី​រំឭក​ដល់​ជនរង​គ្រោះ​​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ ដែល​បាន​ស្លាប់​រងបួស ​និង​បាត់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ដ៏​ហិង្សា​នៅលើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង និង​មុខ​រោងចក្រ​កាត់ដេរ​យ៉ាក​ជីន​កាលពី​៩​ឆ្នាំមុន ​និង​ដើម្បី​ទទូច​សុំឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​លើ​ករណី​នេះ​ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​ជនរងគ្រោះ​។ ជាពិសេស ​គឺ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​មានរឿង​អំពើហិង្សា​បែបនេះ​កើត​មាន​ឡើង​នៅក្នុង​សង្គម​កម្ពុជា​យើង​ជា​បន្តទៀត​» លោក ​អំ សំអាត ​បានបញ្ជាក់​។​

​លោក​បន្តថា​ ក្រោយពី​បាន​ស្ដាប់​ការបំភ្លឺ​របស់​លោក​រួច ​ក្រុម​សមត្ថកិច្ច​បានស្នើ​ឱ្យ​លោក​លុប​បទ​ចម្រៀង «​ឈាម​បាតុករ​» អមដោយ​រូបភាព​វីដេអូ​នោះ​ចេញ​ពីលើ​គេហទំព័រ​របស់​អង្គការ​លីកាដូ ​ដោយ​ប្រាប់ថា​ លុប​ ឬ​មិន​លុប ​គឺ​ជា​សិទ្ធិ​របស់​អង្គការ​លីកាដូ​របស់​លោក​។ ប៉ុន្តែ​នៅក្នុង​រយៈពេល​ ២៤ ​ម៉ោង ​បើ​សមត្ថកិច្ច​ពិនិត្យឃើញថា​ នៅ​មិន​ទាន់​លុបចេញ​ទេ ​សមត្ថកិច្ច​នឹង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​ថ្នាក់លើ ​ឬ​តុលាការ ​ដើម្បី​មាន​ចំណាត់ការ​តាម​​នីតិវិធី​បន្ត​។​

​ស្រដៀង​គ្នា​នេះ ​លោក ​វន់ ពៅ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​ សមាគម​លោក​ បាន​លុប​ឃ្លី​ប​វីដេអូ​បទ​ចម្រៀង [​ឈាម​បាតុករ​] នោះ​ ចេញពី​គេហទំព័រ​សមាគម​របស់​លោក​តាម​ការស្នើសុំ​របស់​សមត្ថកិច្ច​ហើយ ​បន្ទាប់ពី​លោក​បាន​ទៅ​ជួប​ឆ្លើយបំភ្លឺ​ជុំវិញ​ករណី​នោះ​ដល់​សមត្ថកិច្ច ​កាលពី​រសៀល​ថ្ងៃទី​ ១០ ​ខែមករា ​ឆ្នាំ ​២០២៣​។​

​ចំណែក​លោក​ ថេង សាវឿន ​ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា ​(CCFC) ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​ លោក​នឹង​ទៅ​ចូល​បំភ្លឺ​ដល់​សមត្ថកិច្ច ​ប៉ុន្តែ​មិន​ទៅក្នុង​ថ្ងៃទី​ ១១ ​ខែមករា ឆ្នាំ​ ២០២៣ ​នេះ​ទេ ព្រោះ​នៅ​ពេលនេះ​ លោក​កំពុង​ជាប់​រវល់​បំពេញ​បេសកកម្ម​ការងារ​នៅឯ​ក្រៅ​ប្រទេស​។​

​លោក​ថ្លែងថា​៖ «ឃ្លីប​វីដេអូ​បទ​ចម្រៀង​[​ឈាម​បាតុករ​]​ នោះ គឺ​ខ្ញុំ​បាន Share Post ពី​គេហទំព័រ​របស់​អង្គការ​លីកា​ដូ ​និង​សង់​ត្រា​ល់ប៉ុណ្ណោះ​។ នៅពេល​ឃ្លី​ប​វីដេអូ​បទ​ចម្រៀង​នោះត្រូវបាន​លុបចេញ​ពី​គេហទំព័រ​របស់​អង្គការ​លីកាដូ​ និងសង់​ត្រា​ល់​នោះ គឺវា​នឹង​លុប​បាត់​ដោយ​ស្វ័យប្រវត្តិ​ពី​ក្នុង​ Page របស់​សមាគម​យើងខ្ញុំ​»​។​

​លោក​ មឿន ​តុលា ​ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស​ (CENTRAL) ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ​អង្គការ​លោកបាន​លុប​ឃ្លីប​វីដេអូ​ចម្រៀង​នោះ​ចេញ​ពី ​Page របស់ CENTRAL ​តាំងពី​រសៀល​ថ្ងៃទី ​១០ ​ខែមករា ​គឺ ​២ ​ម៉ោង ​ក្រោយពី​លោក​បាន​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជុំវិញ​ករណី​ Share Post ​នូវ​ឃ្លីប​វីដេអូ​បទចម្រៀង​នោះ​។​

​លោក​ថ្លែងថា​ វីដេអូ​នោះ ជា​វីដេ​អូ​ចាស់ ដែល​ត្រូវបាន​បង្ហោះ​ផ្សព្វផ្សាយ​ជា​សាធារណៈ ​ក្រោយពី​មាន​ព្រឹត្តិការណ៍​នោះ​កើតឡើង​ គឺ​ ៩​ ឆ្នាំ​មកហើយ និង​ពុំមាន​ភាពចលាចល​ណាមួយ​កើតឡើង​បង្ក​ភាពវឹកវរ​ដល់​សង្គម​នោះដែរ​។​ ចំណែក​បទចម្រៀង​នោះ​ក៏​ពុំមាន​ខ្លឹមសារ​ណាមួយ​អុចអាល​ញុះញង់​បង្ក​អសន្តិសុខ​សង្គម​នោះដែរ​។ ផ្ទុយទៅវិញ​មាន​ឃ្លា ​១ ​ក្នុង​បទ​ចម្រៀង​នោះ​ថា «​ត្រូវ​ប្រើ​បញ្ញា​ដោះស្រាយ​បញ្ហា​» ដែល​មានន័យថា ​គ្រប់ភាគី​ទាំងអស់​ត្រូវ​រួមគ្នា​លុប​បំបាត់​អំពើ​ហិង្សា​ក្នុង​សង្គម​ដោយ​ប្រើ​បញ្ញា​ដោះស្រាយ​បញ្ហា។

​លោក​បញ្ជាក់ថា​៖ «យើង​បាន​ពន្យល់​បកស្រាយ​ប្រាប់​ដល់​សមត្ថកិច្ច​ហើយ​ថា​ ចេតនា​របស់​យើង ​គឺ​ដើម្បី​រំឭក​ដល់​វិញ្ញាណ​ក្ខន្ធ​ជនរងគ្រោះ ​និង​ដើម្បី​ជំរុញឱ្យ​សមត្ថកិច្ច​ស្វែងរក​យុត្តិធម៌​ដល់​ជនរងគ្រោះ ​ជាពិសេស ​ដើម្បី​រួមគ្នា​ទប់​ស្កាត់ ​និង​លុបបំបាត់​នូវ​រាល់​អំពើហិង្សា​គ្រប់​ទម្រង់​នៅក្នុង​សង្គម​របស់​យើង ​ដោយ​រួមគ្នា​ដោះស្រាយ​បញ្ហា ​ដោយ​ប្រើ​បញ្ញា»។

​រំឭក​ដល់​ព្រឹត្តិការណ៍​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង​ និង​មុខ​រោងចក្រ​យ៉ាក​ជីន​នាពេល​នោះ ​លោក​ ជិន ​ម៉ាលីន​ អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​លើកឡើងថា ​វា​ជាការរៀបចំ​របស់​ចលនា​អង្គការ​ចាត់តាំង​មួយ​ ដើម្បី​បំផុសបំផុល​ឱ្យមាន​អំពើ​ចលាចល​ក្នុង​ការផ្ដួលរំលំ​រដ្ឋាភិ​បាល​ស្រប​ច្បាប់។​

​លោក​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «មែនទែន​ទៅ​នៅក្នុង​ព្រឹត្តិការណ៍នា​ឆ្នាំ​នោះ ​វា​មិនមែន​ជា​ការតវ៉ា ​ឬ​ទាមទារ​សិទ្ធិសេរី​ភាព​តាមផ្លូវ​ច្បាប់​នោះ​ទេ ​ប៉ុន្តែ​វា​ជា​ចលនា​របស់​អង្គការ​ចាត់តាំង​មួយ ​ដើម្បី​បំផុស​បំផុល​ឱ្យមាន​អំពើ​ចលាចល​ក្នុង​ការផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ វិធានការ​របស់​សមត្ថកិច្ច​រាជរដ្ឋាភិបាល​នាពេល​នោះ ​គឺ​ត្រូវ​បង្ក្រាប​ក្រុម​បាតុករ​ហិង្សា ​ឬ​ក្រុម​ចលនា​នៃ​អង្គការ​ចាត់តាំង​ទាំងនោះ​ ដើម្បី​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់»។

​លោក​បន្តថា​ រាល់​ការតាក់តែង​ និង​ផ្សព្វផ្សាយ​បទ​ចម្រៀង​ទាំងឡាយ​ណា ​ដែលមាន​ចរិត​អុចអាល​បញ្ឆេះ​កំហឹង​ខុសពី​ការពិត​ គឹ​មិនមែនជា​សេរីភាព​នៃ​ការបញ្ចេញមតិ​នោះទេ​។ ដូច្នេះជា​នីតិវិធី គឺ​សមត្ថកិច្ច​ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​ហៅ​មក​សាកសួរ ​និង​ធ្វើ​ការអប់រំ​ណែនាំ​ ហើយ​បើ​មិន​ស្ដាប់​ទេ គឺ​សមត្ថកិច្ច​ត្រូវអនុវត្ត​វិធានការ​ច្បាប់ «​គឺ​ត្រូវ​ដោះស្រាយ​តាមផ្លូវ​តុលាការ» ​មាន​ន័យថា​ ត្រូវធ្វើ​ការការពារ​ខ្លួន​តាមផ្លូវ​ច្បាប់​រៀងៗ​ខ្លួន​។

​ចំណែក​លោក​ ឡុង ​ប៉ុណ្ណា​ស៊ីរីវត្ថ​ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ​ក្រៅពី​គ្មាន​ច្បាប់​អនុញ្ញាត​ហើយ​នោះ ​បទ​ចម្រៀង​ដែល​អមដោយ​រូបភាព​វីដេអូ​ដ៏​ហិង្សា​នោះ​ គឺ​ពិតជា​បង្ហាញ​នូវ​ភាព​អុចអាល​ញុះញង់​បង្ក​អសន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម​យ៉ាងពិត​ប្រាកដ​មែន​។

​លោក​ថ្លែងថា​៖ «យ៉ាងណា​ក៏ដោយ ​ករណីនេះ ​វា​មិន​ស្ថិតក្នុង​ដែន​យុត្តាធិការ​របស់​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​នោះទេ​។ ការសម្រេច​អនុវត្ត​វិធានការ ឬ​នីតិវិធី​បែបណា​នោះ វា​គឺជា​ការសម្រេច​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រោះ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​បាន​ជម្រាប​ជូនដំណឹងដល់​អគ្គស្នងការ​នគ​របាល​ជាតិ​រួចហើយ​អំពី​អរិភាព​នៃ​បទ​ចម្រៀង​[ឈាម​បាតុករ]​នេះ»។​

​ជុំវិញ​ករណីនេះ​លោក​ សាន សុខ​សីហា​ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មិនអាច​ទាក់ទង​ស្នើសុំ​ការអធិប្បាយ​បានទេ​នា​ថ្ងៃនេះ​។ ចំណែក​លោក​ ឆាយ​ គឹមខឿន ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ យ៉ាងខ្លី​ថា​ ករណីនេះ​កំពុង​ស្ថិតក្រោម​ចំណាត់ការ​នីតិវិធី​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ​។

កាលពី​ថ្ងៃទី​ ៧ ​ខែមករា ​ឆ្នាំ​ ២០២៣ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានចេញ​លិខិតអញ្ជើញ​នាយក​ប្រតិបត្តិ​អង្គការ​លីកាដូ ​លោក ​អំ សំអាត ​ឱ្យ​ចូលទៅ​បំភ្លឺ​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ​៩ មករា​។ ចំណែក​ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ និង​នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស​ លោក មឿន ​តុលា ​ត្រូវ​ចូលទៅ​បំភ្លឺ​ នៅ​ថ្ងៃទី ​១០​ ខែមករា ​ផងដែរ​។​ ដោយឡែក​ ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា លោក​ ថេង សាវឿន ​ត្រូវ​ចូលទៅ​បំភ្លឺ​នៅ​ថ្ងៃទី ​១១ ​ខែមករា​។​

​ការកោះអញ្ជើញ​អ្នក​ទាំង ​៤ ​បានធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី​ ភឿង ស​កុ​ណា ​កាល​ពី​ថ្ងៃទី ​៦ ខែមករា ឆ្នាំ​ ២០២៣ ​បាន​ចាត់ទុក​ការបង្ហោះ ឬ​ចែកចាយ​វីដេអូ​នេះ គឺជា​ការ​អុចអាល និង​ញុះញង់​ដែល​អាច​បង្ក​អសន្តិសុខ​ដល់​សង្គម​។ លោកស្រី​បានដាក់​លិខិត​ទៅកាន់​អគ្គស្នងការ​នគរបាល​ជាតិ ​លោក ​នេត ​សាវឿន ​សុំ​ឱ្យជួយ​អន្តរាគមន៍​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​យក​បទ​ចម្រៀង «​ឈាម​បាតុករ​» នោះ​ទៅ​ផ្សព្វផ្សាយ​ឡើងវិញ​លើ​បណ្ដាញ​សង្គម​។​

​កាលពីដើម​ខែមករា ឆ្នាំ​ ២០២៣​ វីដេអូ​ឯកសារ ​និង​វីដេអូ​ចម្រៀង​មួយ​ ដែលមាន​ចំណងជើង​ថា ​«ឈាម​បាតុករ»​ ដែល​និពន្ធ ​និង​ច្រៀង​ ដោយ​លោក​ គា សុគន្ធ ​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ព្រោងព្រាត​៕