ភ្នំពេញៈ យ៉ាងហោចណាស់មនុស្ស ៩៣ នាក់បានស្លាប់ និង ១២៩ នាក់រងរបួស និងត្រូវបានជួយសង្គ្រោះ ដោយសារទឹកជំនន់ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ក្នុងឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គជគម) ឆ្នាំ ២០២២។
តាមរបាយការណ៍ គជគម ចុះថ្ងៃទី ៣ ខែមករា ដែល ភ្នំពេញ ប៉ុស្តិ៍ ទើបទទួលបាននៅថ្ងៃទី ១២ ខែមករា បានឱ្យដឹងថា ទឹកជនន់ទឹកភ្លៀងក្នុងឆ្នាំ ២០២២ បានធ្វើឱ្យមនុស្ស ១៤ នាក់ស្លាប់ (ស្រី ៦ នាក់ និងក្មេង ៦ នាក់)។ ទឹកជំនន់ទឹកភ្លៀងបានធ្វើឱ្យមូលដ្ឋានរងគ្រោះចំនួន ២៥ រាជធានី- ខេត្ត ១៣៣ ស្រុក ក្រុង និង ៦០៦ ឃុំ សង្កាត់ មាន ប្រជាពលរដ្ឋរងគ្រោះ ១៥៩ ៩៨១ គ្រួសារ ស្មើនឹង ៦៣៩ ៩២៤ នាក់ ប្រជាជនត្រូវបានជម្លៀសចេញពីផ្ទះសំបែងមានចំនួន ៥ ៦៨៧ គ្រួសារ ស្មើនឹង ២២ ៧៤៨ នាក់ (១៦ខេត្ត)។
ទឹកជំនន់ទឹកភ្លៀង ឆ្នាំ ២០២២ នេះដែរ បានធ្វើឱ្យ ផ្ទះលិចទឹក ៧៦ ៣៤៤ ខ្នង និងខូចខាត ៣៦៦ ខ្នង សាលារៀនលិចទឹក ៣៨៧ សាលា ខូចខាត ៥ អគារ វត្តអារាមលិចទឹក ១១៤ វត្ត និងមណ្ឌលសុខភាពលិចទឹក ២៩ មណ្ឌល។
បើតាម គ.ជ.គ.ម. ក្នុងឆ្នាំ ២០២២ ជំនន់ទន្លេពុំកើតមានធំឡើយ ប៉ុន្តែក៏មានគ្រោះថ្នាក់លិចទូកចម្លងចំនួន ៣ ករណី បណ្តាលឱ្យមានអ្នកស្លាប់ ១៣ នាក់ (ស្រី៤ នាក់)ក្នុងនោះក្មេង ១២ នាក់ជួយសង្គ្រោះបាន ២២ នាក់។ ទាំង៣ ករណីនោះគឺ ទី១ កើតឡើង នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ លិចទូកចម្លងនៅទន្លេស្រែពក ក្នុងឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី បណ្តាលឱ្យរងគ្រោះស្លាប់បុរសអាយុ ៤២ ឆ្នាំម្នាក់ និងជួយសង្គ្រោះបាន ១១ នាក់។
ទី២ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ លិចទូកចម្លងនៅទន្លេមេគង្គ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្តាលឱ្យរងគ្រោះស្លាប់ក្មេងស្រីអាយុ ១៣ ឆ្នាំ និងជួយសង្គ្រោះបាន ៧ នាក់ និងទី៣ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ លិចទូកចម្លងនៅទន្លេមេគង្គក្រោម នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បណ្តាលឱ្យរងគ្រោះស្លាប់ក្មេងសិស្សសាលា ១១ នាក់ (ស្រី៣) និងជួយសង្គ្រោះបាន ៤ នាក់។
ដោយឡែកករណីខ្យល់កន្ត្រាក់កើតមានចំនួន ២១០ លើក នៅរាជធានី ខេត្ត ទាំង ២៥ ផ្ទះរលំនិងខូចខាត ១ ១១០ ខ្នង និងតូបលក់ដូរ ១៣តូប ផ្ទះរបើកដំបូល និងខូចខាតមធ្យម ៩ ៥៣៣ ខ្នង របើកដំបូលសាលារៀន ៦៤ អគារ អគារដ្ឋបាល ២៥ ព្រះវិហារនិងកុដិលោក ៤ កន្លែង ដួលរលំ ឃ្លាំងកំពុងសាងសង់ ១ កន្លែង លិចទូកនេសាទ ៨ គ្រឿង មនុស្សស្លាប់ ៣នាក់ របួសនិងជួយសង្គ្រោះ ៧១ នាក់។
គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គ្រោះមហន្តរាយកើតឡើងដោយសាររន្ទះបាញ់ ក្នុងឆ្នាំ ២០២២ នេះ កើតមានចំនួន ១១១ លើក នៅរាជធានី ខេត្តចំនួន ២១ លើកលែងខេត្តតាកែវ កំពង់ចាម កែប និងខេត្តត្បូងឃ្មុំ។ ករណីរន្ទះបាញ់ បានធ្វើឱ្យ មនុស្សស្លាប់ ៦៣ នាក់ (ស្រី ១៧ ក្មេង ១០ នាក់) របួស ៥៨ នាក់ ងាប់គោ ក្របី ៩០ ក្បាល និងខូច ខាតផ្ទះ ២៣ ខ្នង និងបាក់បង្គោលអង់តែនវិទ្យុទាក់ទងអង្គភាពទ័ព ១ កន្លែង។
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២២ បានបង្ហាញឱ្យឃើញពីកត្តាផលវិបាកនៃការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យកើតគ្រោះមហន្តរាយជាបន្តបន្ទាប់ និងមានការកើនឡើងជាងឆ្នាំ ២០២១ ក្នុងក្របខ័ណ្ឌតំបន់និងពិភពលោក ដូចជារលកកម្ដៅភ្លើងឆេះព្រៃ ខ្យល់ព្យុះ ទឹកជំនន់ រាំងស្ងួតជាដើម ប៉ុន្តែនៅកម្ពុជាមានភ្លៀងធ្លាក់ចាប់ពីខែកុម្ភៈរហូតដល់ដំណាច់ឆ្នាំធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនទូទាំងប្រទេស។
លោកថ្លែងថា៖ «បាតុភូតអាកាសធាតុឡានីណា កម្រិតខ្ពស់ និងអន្តរកាល បានមានឥទ្ធិពលចាប់តាំងពីខែកុម្ភៈ រហូតដល់ដំណាច់ឆ្នាំ ដែលស្ថានភាពនេះធ្វើឱ្យភ្លៀងធ្លាក់ច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេសចាប់តាំងពីខែកុម្ភៈ និងបានធ្វើឱ្យកម្ពស់ទឹកទន្លេមេគង្គចាប់ផ្តើមមានការកើនឡើងបន្តិចម្ដងៗក្នុងរដូវប្រាំង ហើយទឹកបានហូរចូលទន្លេសាបនៅពាក់កណ្តាលខែឧសភាលឿនជាងឆ្នាំមុនជាងមួយខែ»។
លោកបានឱ្យដឹងទៀតថា ចំណែកផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គលើមានការជន់ឡើងចំនួន ៣ លើក រហូតមក ដល់ពាក់កណ្តាលខែតុលា ប៉ុន្តែមានកម្ពស់អតិបរមាត្រឹម ៩,២២ ម៉ែត្រ នៅក្រោមកម្រិតប្រុងប្រយ័ត្ន។ នេះបើតាមស្ថានីយជលសាស្ត្របាសាក់ចតុមុខ។
លោកថា ទឹកបឹងទន្លេសាបឆ្នាំ ២០២២ មានកម្ពស់ខ្ពស់ជាងឆ្នាំ ២០២១ ដែលក្នុងនោះកម្រិតកម្ពស់អតិបរមានៅស្ថានីយជលសាស្ត្រក្រគរ កំពង់ហ្លួង មានកម្ពស់ ០៨,០៩ ម៉ែត្រ ខ្ពស់ ជាងឆ្នាំ ២០២១ ចំនួន ១,៨៣ ម៉ែត្រ បានធ្វើឱ្យតំបន់មួយចំនួនដែលកំពុងរងគ្រោះដោយទឹកភ្លៀងត្រូវពន្យាពេលរងគ្រោះកាន់តែយូរហើយបង្កការខូចខាត និងបាត់បង់កាន់តែច្រើន៕