ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានប្រាប់ឱ្យដឹងថា ចំនួននៃអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ មិនឃើញមានកំណើនលឿនដូចមុននោះទេ ដែលនេះជាការបង្ហាញថា ការចាក់វ៉ាក់សាំងកូវីដ ១៩ ដែលធ្វើការពេញនៅក្នុងសរីរាង្គរបស់បុគ្គលនោះ បានជួយការពារពីភាពឈឺធ្ងន់ធ្ងរដែលនាំឱ្យមានការចូលសម្រាកពេទ្យ និងការពារពីសេចក្តីស្លាប់បានជាច្រើន។
នេះជាការលើកឡើងរបស់លោកស្រី ឱ វណ្ណីឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣។
លោកស្រីបានឱ្យដឹងថា ការវិវត្តនៃពពួកវីរុសកូវីដ ១៩ អូមីក្រុងនេះ មានការបំប្លែងខ្លួនច្រើន ហើយការបំប្លែងខ្លួនរបស់ពពួកវីរុសនេះ ដែលតាមការលើកឡើងរបស់អ្នកវិទ្យាសាស្រ្តបានបង្ហាញថា រាល់ពេលដែលវីរុសកូវីដ ១៩ ធ្វើការបំប្លែងខ្លួនក្នុងពេលបច្ចុប្បន្នពពួកអូមីក្រុងនេះ គឺវាធ្វើឱ្យមានលទ្ធភាពនៃការចម្លងក្នុងសរីរាង្គបុគ្គលលឿន មានលទ្ធភាពឆ្លងលឿនខ្លាំង។
លោកស្រីក៏បានបញ្ជាក់ដែរថា ក៏ប៉ុន្តែការដែលឆ្លងលឿននេះ ក៏មិនទាន់មានទិន្នន័យណា ដែលមានការសិក្សាឱ្យបានគ្រប់គ្រាន់ឬក៏ព័ត៌មានដែលចេញផ្សាយណាមួយដែលបង្ហាញច្បាស់លាស់ពីភាពធ្ងន់ធ្ងរឬក៏មិនធ្ងន់ធ្ងរនៅពេលដែលបុគ្គលឆ្លងនូវវីរុសកូវីដ ១៩អូមីក្រុងបំប្លែងថ្មី XBB ឬ XBB.1.5 នេះ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ «ជាការពិត គេមិនសង្កេតឃើញមានកំណើនលឿននៃការស្លាប់របស់អ្នកជំងឺដែលបានឆ្លងវីរុសកូវីដ ១៩ ទេ ដែលនេះត្រូវបានគេយល់ថា ការចាក់វ៉ាក់សាំងកូវីដ ១៩ នៅតែជាមធ្យោបាយដ៏ល្អមួយ និងនៅតែមានអត្ថប្រយោជន៍ធំធេងណាស់ ក្នុងការជួយទៅដល់សុខភាព សរីរាង្គកាយរបស់បុគ្គល ហើយជាពិសេសការបន្តអនុវត្តវិធានការការពារខ្លួន ៣ ការពារ និង ៣ កុំ»។
ទោះបីជាវីរុសកូវីដ ១៩ មានការបំប្លែងទៅជាប្រភេទថ្មីៗផ្សេងៗទៀតក៏ដោយ ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋគ្រប់រូបបានចាក់វ៉ាក់សាំងកូវីដ ១៩ បានគ្រប់ទាំងដូសមូលដ្ឋាន និងដូសជំរុញ នោះសរីរាង្គរបស់បុគ្គលនោះនឹងរក្សាបាននូវភាពរឹងមាំនៃកងការពាររបស់បុគ្គលនោះ ក៏ដូចជារក្សាបាននូវភាពសុំាសហគមន៍ផងដែរ ដើម្បីទប់ស្កាត់បាននូវការរាតត្បាតនៃពពួកវីរុសកូវីដ១៩។ នេះបើតាមការបញ្ជាក់ពី លោកស្រី ឱ វណ្ណឌីន។
លោកស្រីមានប្រសាសន៍ថា ៖ «ទោះបីជាវ៉ាក់សាំងណាក៏ដោយសែលស្ថិតក្នុងបញ្ជីប្រើប្រាស់របស់អង្គការសុខភាពពិភពលោក គឺវាផ្តល់នូវប្រសិទ្ធភាពសម្រាប់ការពារអាយុជីវិតរបស់បងប្អូន ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែគិតគូរខ្ពស់ណាស់ដោយតម្កល់នូវសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋយើងជាធំ និងគិតគូរទាន់ពេលវេលាជានិច្ចដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ»។
ទាក់ទងនឹងវ៉ាក់សាំងកូវីដ ១៩ នេះ លោកស្រី ឱ វណ្ណឌីន បានធ្វើការបញ្ជាក់រួចហើយថា ការចាក់វ៉ាក់សាំងចម្រុះគឺផ្តល់លទ្ធភាពក្នុងការបង្កើតនូវភាពសុំាក្នុងសរីរាង្គបុគ្គលខ្ពស់ជាងការប្រើប្រាស់វ៉ាក់សាំងប្រភេទតែមួយ។
ដោយឡែក នៅថ្ងៃទី ១២ ខែមករា លោកស្រី ឱ វណ្ណឌីន បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ ១៩ នៅខេត្តព្រះសីហនុ ដោយលោកស្រីបានធ្វើការក្រើនរំឭកដល់ប្រជាពលរដ្ឋសាជាថ្មីដោយមិនត្រូវភ្លេចខ្លួន ឬពន្យារពេលយូរក្នុងការទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ដែលមកដល់ពេលនេះ មានការចាក់ដល់ដូសទី៦ ផងដែរ។
លោកស្រីបានលើកឡើងថា ការពន្យារពេលយូរពេកអាចនឹងធ្វើឲ្យកងការពារនៅក្នុងខ្លួនរបស់បុគ្គលម្នាក់ៗ មានការថយចុះ ហើយងាយប្រឈមជាមួយនឹងការវាយលុកនៃជំងឺកូវីដ ១៩ ដែលវាជាហានិភ័យខ្ពស់ណាស់សម្រាប់បុគ្គលនៅក្នុងការទទួលយកនូវពពួកវីរុសបំប្លែងថ្មីប្រភេទ XBB ឬ XBB.1.5 ដែលវាមានការឆ្លងលឿន។
លោកស្រីបានសង្កត់ធ្ងន់ថា ៖ «ពពួកវីរុសនេះមានការឆ្លងលឿន ដូចនេះបើកាលណាមានការឆ្លងពីម្នាក់ទៅម្នាក់នេះ វានឹងផ្តល់នូវលទ្ធភាព ផ្តល់នូវលំហមួយទៀតនៃការផ្ទុះចេញសាជាថ្មីនូវការចម្លងនៃវីរុសកូវីដបំប្លែងថ្មីនេះនៅក្នុងសហគមន៍របស់យើង។ យើងមិនចង់ឃើញស្ថានភាពនេះកើតមាននោះទេ»។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ អត្រាចាក់វ៉ាក់សាំងកូវីដ១៩ធៀបនឹងប្រជាពលរដ្ឋ ១៦ លាននាក់ មានចំនួន ៩៥,២៩% ហើយក្នុងនោះអត្រានៃការចាក់ដូសជំរុញទី៣ មានចំនួន ជាង ១០ លាននាក់ ដូសទី៤ មានចំនួន ជាង ៤ លាននាក់ ដូសទី៥ មានចំនួន ជាង ១ លាននាក់ និងអត្រានៃការចាក់ដូសទី៦ មានចំនួន ជាង ១៦ ០០០ នាក់៕