
រូបភាពបង្ហាញពីទីតាំងត្រូវកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំត្រួតពិនិត្យនិងស្វែងយល់លើបទបង្ហាញស្ដីអំពីវិធានការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំដែលធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី១១ខែមករា គឺដើម្បីពិនិត្យពិភាក្សាស្វែងយល់ពីវិធានការ និងវិធីសាស្រ្តផ្សេងៗក្នុងការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ។
បើតាមក្រសួងសាធារណការនេះគឺជាគម្រោងផែនការសម្រាប់ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធដែលធ្លាប់បានកើតមានឡើងនាពេលកន្លងមក ក្នុងគោលបំណងលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ។
អង្គប្រជុំបានផ្លាស់ប្ដូរមតិយោបល់យ៉ាងផុសផុលលើការងារបច្ចេកទេសទាក់ទងនឹងគម្រោងសិក្សាលើការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង ដើម្បីធ្វើយ៉ាងណា កំណត់ឱ្យបាននូវបញ្ហាប្រឈមផ្សេងៗ ដែលអាចកើតមានឡើងនៅក្នុងគម្រោង។
ជាងនេះទៅទៀត អង្គប្រជុំបានពិភាក្សាលើការពង្រីកវិសាលភាពការងារនេះឱ្យបានកាន់តែទូលំទូលាយ និងមានភាពច្បាស់លាស់ ដើម្បីអាចដោះស្រាយនូវបញ្ហាប្រឈមឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។
នៅក្នុងកិច្ចប្រជុំនេះលោកស៊ុន ចាន់ថុល បានផ្ដល់អនុសាសន៍ដល់ក្រុមការងារ ធ្វើយ៉ាងណាជំរុញពន្លឿនលើការសិក្សាពីបច្ចេកទេសនៃគម្រោងការងារកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងនេះឱ្យបានឆាប់រហ័ស ដើម្បីធ្វើបទបង្ហាញទៅលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍បន្ថែម សំដៅជំរុញឱ្យគម្រោងនេះ អាចអនុវត្តទៅបានដោយជោគជ័យ៕