
មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីព័ត៌មាននៅកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី «យុទ្ធសាស្ដ្រនយោបាយព័ត៌មាន» ដែលត្រូវបានបិទដោយលោកស ខេង នៅថ្ងៃទី ១២ មករា។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលរងរាជធានី-ខេត្ត ដែលទទួលបន្ទុកកិច្ចការជាអ្នកនាំពាក្យ ត្រូវតែបំពេញកិច្ចការឱ្យសកម្មថែមទៀត ប្រកបដោយស្មារតីសាមគ្គីភាព និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាព ឬអ្នកពាក់ព័ន្ធ ព្រមទាំងផ្តល់ព័ត៌មានឱ្យបានទូលំទូលាយ ខណៈដែលរាជរដ្ឋាភិបាល ត្រូវការព័ត៌មាន ដើម្បីផ្សព្វផ្សាយ និងជាស្ពានទំនាក់ទំនងទៅកាន់ពលរដ្ឋ។
លោកបានធ្វើការណែនាំបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី «យុទ្ធសាស្ដ្រនយោបាយព័ត៌មាន» ដែលប្រារព្ធធ្វើឡើងនៅទីស្ដីក្រសួងមហាផ្ទៃ កាលពីរសៀលទី ១២ ខែមករា ឆ្នាំ ២០២៣។
លោក ស ខេង មានប្រសាសន៍ថា៖ «សូមអភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ទទួលបន្ទុកកិច្ចការនាំពាក្យ ត្រូវមានភាពកាន់តែសកម្មថែមទៀត ប្រកបដោយស្មារតីសាមគ្គីភាព និងបង្កើនទំនាក់ទំនងល្អ និងជិតស្និទ្ធជាមួយ និងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្ត ក៏ដូចជា ការរៀបចំយុទ្ធសាស្ត្រព័ត៌មានឱ្យបានច្បាស់លាស់ ដើម្បីភាពជោគជ័យក្នុងការផ្តល់ព័ត៌មានឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក្នុងកិច្ចទទួលខុសត្រូវលើការដឹង និងការយល់របស់ប្រជាពលរដ្ឋ ដែលអាចចូលរួមយ៉ាងជិតស្និទ្ធទទួលសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងបរិយាប័ន្ន»។
លោក បន្ដថា អ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមនិងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្ត ត្រូវចូលរួមសហការដោយឆន្ទៈខ្ពស់ ដើម្បីពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ក្នុងន័យរៀបចំយន្តការច្រកព័ត៌មានទុកតែ ១ ហើយបញ្ចេញតាមច្រកតែ ១ តាមរយៈការបំផុសការផ្សព្វផ្សាយ (វេទិកាសាធារណៈ និងការឆ្លើយឆ្លងតាមរលកធាតុអាកាស វិទ្យុ និងបណ្តាញសង្គមនានា) នូវរាល់សមិទ្ធផល ជាក់ស្តែងដែលកើតចេញពីការប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ក្នុងសម័យកាលសកលភាវូបនីយកម្ម គ្រប់ផលិតផល និងសេវាកម្មត្រូវការព័ត៌មាន ដើម្បីផ្សព្វផ្សាយទៅកាន់អតិថិជន។ យ៉ាងណាមិញ រាជរដ្ឋាភិបាល ក៏ត្រូវការព័ត៌មាន ដើម្បីផ្សព្វផ្សាយ និងជាស្ពានទំនាក់ទំនងទៅកាន់ប្រជាពលរដ្ឋផងដែរ»។
បើតាម លោកស ខេង លោកបានសង្កេតឃើញថា តំណាងក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ បានខិតខំផ្សព្វផ្សាយព័ត៌មានទាំងក្នុងក្របខ័ណ្ឌអង្គភាពរបស់ខ្លួន និងតាមវេទិកាសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ការផ្សព្វផ្សាយនេះ គឺស្ថិតក្នុងបំណងបញ្ជ្រាបនូវរាល់សមិទ្ធផល និងស្នាដៃទាំងអស់នោះជូនប្រជាពលរដ្ឋបានដឹងកាន់តែច្បាស់។
ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រសួង ស្ថាប័នទាំងអស់ ឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត តាមយុទ្ធសាស្ត្រនយោបាយព័ត៌មាន ដែលកិច្ចប្រជុំបានពិភាក្សា និងផ្សព្វផ្សាយនៅថ្ងៃនេះ ដើម្បីឱ្យប្រជាពលរដ្ឋ បានដឹង និងយល់កាន់តែច្បាស់ពីការងាររបស់រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
បន្ថែមពីនេះលោកស ខេង ក៏បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា អ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ ក៏ដូចជាអ្នកនាំពាក្យ និងមន្ត្រីព័ត៌មាននៅថ្នាក់ក្រោមជាតិ «នឹងប្តេជ្ញារួមគ្នាសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងកិច្ចថែរក្សា ការពារផលប្រយោជន៍រួមរបស់ជាតិ ក៏ដូចជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលជាឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល រួមគ្នាជាមួយប្រជាពលរដ្ឋកម្ពុជាផងដែរ»៕