
មន្ត្រីនៅក្នុងកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្តីពី «យុទ្ធសាស្ត្រនយោបាយព័ត៌មាន» កាលពីថ្ងៃទី ១២ មករា។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាល មកពីក្រសួងស្ថាប័ននានា កាលពីថ្ងៃទី ១២ ខែមករា បានជួបប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្តីពី «យុទ្ធសាស្ត្រនយោបាយព័ត៌មាន» ក្នុងគោលបំណងស្នូល ដើម្បីពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មានថ្នាក់ក្រោមជាតិ។
បើតាមផេកហ្វេសប៊ុកក្រសួងមហាផ្ទៃ យុទ្ធសាស្ត្រនយោបាយព័ត៌មាននេះ គឺរៀបចំឡើង ដើម្បីធ្វើយុទ្ធនាការរួមគ្នាប្រមូលផ្ដុំផ្សព្វផ្សាយ បំផុសឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ នូវសមិទ្ធផល ដែលជាការប្រឹងប្រែងរបស់រដ្ឋបាលរាជធានី-ខេត្ត និងជំរុញការផ្តល់សេវាសាធារណៈឱ្យទៅកៀកផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។
កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងលោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលព្រមទាំងមានការអញ្ជើញចូលរួមពីអ្នកនាំពាក្យមកពីគ្រប់ក្រសួង ស្ថាប័ននានា មន្ដ្រីមន្ទីរព័ត៌មានរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ៕