ព្រះសីហនុៈ និស្សិតសាលាបច្ចេកទេសដុនបូស្កូ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ចំនួន ១ ១៦៧ នាក់បន្ថែមទៀត បានបញ្ចប់ការសិក្សាដោយជោគជ័យចាប់ពីជំនាន់ទី១ ដល់ជំនាន់ទី១០ លើមុខវិជ្ជាផ្នែកយន្តសាស្ត្រទូទៅ យន្តសាស្ត្ររថយន្ត អគ្គិសនី លេខាធិការ និងផ្នែកបដិសណ្ឋារកិច្ច។

លោក ប៊ុត វិចិត្រ នាយកសាលាបច្ចេកទេសដុនបូស្កូ សាខាខេត្តព្រះសីហនុ បានឱ្យដឹងថា សាលាបានបណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សាទទួលបានជោគជ័យចំនួន ១០វគ្គ ដោយមានការទទួលស្គាល់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។

សាលាបានបើកវគ្គបណ្តុះបណ្តាលនៅឆ្នាំ១៩៩៨ ដោយមានអគារទ្រឹស្ដី រោងជាង បំពាក់សម្ភារសិក្សា ឧបករណ៍អនុវត្តន៍តាមជំនាញនីមួយៗ និងមានអគារស្នាក់នៅសម្រាប់និស្សិតខ្វះខាតជីវភាពដែលមកពីខេត្តឆ្ងាយៗ។

ក្នុងនោះមានការបណ្តុះបណ្តាលបច្ចេកទេសរយៈពេល២ឆ្នាំសម្រាប់និស្សិត ក្រោយបញ្ចប់ការសិក្សាថ្នាក់ទី ១២ជាប់ ឬធ្លាក់បាក់ឌុប។ សាលាបានបណ្តុះបណ្តាលកម្រិតវិជ្ជាជីវៈបានចំនួន ១ ៤៤៤នាក់ ស្រី ៣៦១នាក់។

មកដល់បច្ចុប្បន្នសាលាបានដំឡើងកម្រិតថ្នាក់បច្ចេកទេសជាន់ខ្ពស់ មានការសិក្សារយៈពេល ២ឆ្នាំ មាននិស្សិត មកសិក្សាចំនួន២ ០៣២នាក់ ស្រី ៥៩៨នាក់។

និស្សិតដែលបានឆ្លងកាត់ការបណ្តុះបណ្តាលចាប់ពីឆ្នាំ១៩៩៨ មកដល់ឆ្នាំ២០២២ មានចំនួនសរុប ៣ ៤៧៦នាក់ ស្រីចំនួន ៩៥៩នាក់ មានជំនាញឯកទេស៥ផ្នែក ក្នុងនោះរួមមាន ផ្នែកយន្តសាស្ត្រទូទៅ ផ្នែកយន្តសាស្ត្ររថយន្ត ផ្នែកអគ្គិសនី ផ្នែកលេខាធិការ និងផ្នែកបដិសណ្ឋារកិច្ច។

សាលាក៏មានគម្រោងបណ្តុះបណ្តាលអ្នកជាប់ពន្ធនាគារខេត្តព្រះសីហនុ លើជំនាញផ្សាលោហៈ អគ្គិសនី កុំព្យូទ័រ និងភាសាអង់គ្លេសផងដែរ ខណៈនិស្សិតដែលបញ្ចប់ការសិក្សា ១០ជំនាន់មកនេះ មាននិស្សិតចំនួន ៩០ភាគរយ មានការងារធ្វើ ១០ភាគរយ ប្រកបមុខរបរនៅសាលា។

លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានអញ្ជើញចែកសញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតទាំងនោះ កាលពីថ្ងៃទី១២ខែមករា បានមានប្រសាសន៍អបអរសាទរចំពោះនិស្សិតដែលបានបញ្ចប់ការសិក្សាចាប់ពីជំនាន់ទី១ ដល់ជំនាន់ទី១០ នៃសាលាបច្ចេកទេសដុនបូស្កូ។

ការរៀបចំកម្មវិធីចែកសញ្ញាបត្របញ្ចប់ការសិក្សាជូននិសិ្សតនាពេលនេះ គឺធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។

លោកថ្លែងថា៖«ដូច្នេះក្មួយៗប្រើប្រាស់តម្រូវការរបស់ខ្លួនទៅតាមសមត្ថភាព ព្រោះចំណេះដឹងដែលបានមកពីលោកគ្រូ អ្នកគ្រូ ក្នុងការជួយបណ្តុះបណ្តាល ផ្តល់បទពិសោធន៍ដល់និស្សិតនាពេលនេះ មិនអាចកាត់ផ្ដាច់ពីឪពុកម្ដាយ អាណាព្យាបាល ក្រុមគ្រួសារដែលបានលះបង់ឱ្យក្មួយៗទទួលបានការសិក្សា ទទួលបាននូវចំណេះដឹងថ្មីៗ នេះជាគោលនយោបាយបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យអប់រំ»។

លោកអភិបាលខេត្តបានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំរបស់រដ្ឋ និងវិស័យឯកជន ដើម្បីអភិវឌ្ឍធនធានមនុស្សក្រោមពាក្យស្លោក «អ្នកចេះ ជួយបង្រៀនអ្នកចេះតិច អ្នកចេះតិច ជួយបង្រៀនអ្នកមិនចេះ»។

បន្ថែមពីនេះ លោកគួច ចំរើន បានធ្វើការណែនាំឱ្យសាលា គួរតែមានកម្មវិធីឱ្យនិស្សិតជំនាន់មុនបានជួបសំណេះសំណាល ចែករំលែកបទពិសោធន៍ដល់សិស្សប្អូន និងលើកទឹកចិត្តឱ្យនិស្សិតជំនាន់ក្រោយខិតខំរៀនសូត្របន្ថែមទៀត ដើម្បីឈានទៅដល់គោលដៅដែលយើងចង់បានរៀងៗខ្លួននៅពេលខាងមុខ៕