ភ្នំពេញៈ ​សត្វ​ត្រយង​ចង្កំ​កស​ដែលជា​សត្វ​ស្លាប​ដ៏​កម្រ​និង​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ត្រូវបាន​រកឃើញ​នៅ​កម្ពុជា​ប្រមាណ ៨០០​ ​ក្បាល ស្មើនឹង​ ៨០​ ភាគ​​រយ​នៃ​សត្វ​សរុប​ ១ ០០០​ ក្បាល ខណៈ​ក្រសួងបរិស្ថាន និង​ដៃគូ​អភិរក្ស​ធនធាន​ធម្មជាតិ​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការដាក់​អន្ទាក់ និង​ហូប​សាច់សត្វ​ព្រៃ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​រួម​រវាង​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​ចំនួន​ ៧​ ទៀត ចុះ​ថ្ងៃទី​ ១១ ខែមករា បានឱ្យដឹងថា សត្វ​ត្រយង​ចង្កំ​កស​ដែលជា​សត្វ​ស្លាប​ដ៏​កម្រ​បំផុត​លើ​លោក និង​ប្រឈម​ហានិភ័យ​ខ្ពស់​នៃ​ការ​ផុត​ពូជ​ជាស​កល ប្រសិនបើ​កត្តា​គំរាមកំហែង​នានា​នៅតែ​បន្ត​កើត​មាន ក្នុងនោះ​មានការ​បរបាញ់ ការដាក់​​អន្ទាក់ និង​ការបាត់បង់​ទីជម្រក​។

​សេចក្តីប្រកាស​បន្តថា​៖ «​ចំនួន​ប្រជា​សាស្ត្រ​ជាស​កល​នៃ​សត្វ​ស្លាប​ប្រភេទ​នេះ មាន​ចំនួន​ប្រហែល ១ ០០០ ​ក្បាល តែប៉ុណ្ណោះ​។ ការធ្វើជំរឿន​ទូទាំងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២ បាន​កត់ត្រា​ចំនួន​ ៧៩២ ​ក្បាល ដែល​ស្មើនឹង ៨០%​ នៃ​ពិភពលោក​»​។​

​នៅ​ឆ្នាំ​ ២០២២ ជា​ឆ្នាំ​ទី​៤ ដែល​បានបង្ហាញ​ពី​ទិន្នន័យ​ខ្ពស់​បន្តបន្ទាប់​គ្នា​ហើយ​លទ្ធផល​នេះ បាន​បង្ហាញថា ការអភិរក្ស​មាន​ភាព​ល្អប្រសើរ​ឡើង ទោះជា​នៅ​តំបន់​ខ្លះ​មានការ​ថយចុះ តែ​ចំនួន​សរុប​មានការ​កើនឡើង​។​ ចំនួន​ខ្ពស់បំផុត​ត្រូវបាន​កត់ត្រា​នៅ​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង ​(៣៧៧ ​ក្បាល​) និង​នៅ​តំបន់​ព្រៃ​លិច​ទឹកទន្លេ​មេគង្ គ​(៣២៦ ​ក្បាល​)​។ ការរាប់​ចំនួន​ផ្សេងទៀត ត្រូវបាន​ធ្វើឡើង​នៅ​តំបន់​កោះ​ស្រ​ឡាយ ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព លំផាត់ ស្រែ​ពក និង​ភ្នំ​ព្រេច​។

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រឹងប្រែង​រួម​ក្នុងការ​ការពារ និង​អភិរក្ស​ធន​ធាន​ធម្មជាតិ និង​សត្វព្រៃ​ដែល​លទ្ធផល​ពេលនេះ​បានបង្ហាញ​ពី​ការកើនឡើង​នូវ​ប្រភេទ​សត្វព្រៃ​មួយចំនួន ក្នុងនោះ​ក៏មាន​សត្វ​ត្រយង​ចង្កំ​កស​ផងដែរ​។​

​លោក​ថា​៖ «​នេះ​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​នានា​របស់​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​និង​បង្ហាញ​ពី​ភាពប្រសើរឡើង​នៃ​ការអភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា ការយល់ដឹង​របស់​ប្រជាពលរដ្ឋ និង​ការផ្លាស់ប្តូរ​ឥ​រិ​យាប​ថ​សាធារណជន​ចំពោះ​សត្វព្រៃ​»​។​

សត្វត្រយងចង្កំកស​ដែល​រកឃើញ​នៅកម្ពុជា។ រូបថត WCS

​លោក​ សេង ទៀក នាយក​អង្គ​ការមូល​និ​ធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ ​(WWF)​ ប្រចាំ​កម្ពុជា បាន​សាទរ​ចំពោះ​កំណើន​នៃ​សត្វ​ត្រយង​ចង្កំ​កស នៅ​កម្ពុជា ដែល​លទ្ធផល​នេះ បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុងការ​អភិរក្ស​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក​។

​លោក​ថា​៖ «​ក្នុងនាម​ជា​សមាជិក​នៃ​ក្រុមការងារ​អភិរក្ស​សត្វ​ត្រយង​ចង្កំ​កស​កម្ពុជា អង្គការ​ WWF​ ប្ដេជ្ញា​បន្ត​កិច្ច​សហ​​ការរួម​គ្នា​ជាមួយ​អាជ្ញាធរ​ដែលមាន​ការ​ទទួលខុសត្រូវ អង្គការក្រៅរដ្ឋាភិបាល​ជា​ដៃគូ រួម​នឹង​សហគមន៍​មូលដ្ឋាន​»​។​

​លោក Jonathan Charles Eames OBE ប្រធាន​ក្រុមហ៊ុន Rising Phoenix Co. Ltd.​ ដែលជា​ក្រុមហ៊ុន​ផ្តោតលើ​ការអភិរក្ស​ជម្រក​សត្វព្រៃ​បាន​ថ្លែងថា ស្ថាប័ន​ខ្លួន​បាន​ខិតខំ​យ៉ាងខ្លាំង មិន​ត្រឹមតែ​រាប់​ចំនួន​សត្វ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ចាត់វិធានការ​ដើម្បី​ការពារ​ទីជម្រក​សត្វ​ដ៏​ធំ​បំផុត​នៅ​ខាងក្រៅ​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​។

​លោក​ថា​៖ «​ក្រុមការងារ​យើង​បាន​ខិតខំ​ប្រឹងប្រែង និង​លះបង់​ពេលវេលា​ក្នុងការ​ការពារ​ធនធាន​ដ៏​សំខាន់​នេះ​ដោយ​ធ្វើការ​ស្វែងរក​និង​តាមដាន​សម្បុក​សត្វ​ត្រយង​ចង្កំ​កស​ដែល​បាន​រកឃើញ​សម្បុក​ប្រមាណ​ ៤៥ សម្បុក​ក្នុង ​១​ ឆ្នាំ​»​។​

​លោក ប៊ូ វរ​សក្ស នាយក​អង្គការ​ធម្មជាតិ​នៅ​កម្ពុជា​បានឱ្យដឹងថា កម្ពុជា​គាំទ្រ​ដល់​ចំនួន​ប្រជាសាស្ត្រ​សត្វ​ត្រយង​ចង្កំ​កស​ច្រើនជាងគេ​លើ​ពិភពលោក ហើយ​លទ្ធផល​ជំរឿន​ក្នុង​ឆ្នាំ​២០២២ បានបង្ហាញ​ពី​អនាគត​ដ៏​ជោគជ័យ ខណៈ​ភាគី​ពាក់​-​ព័ន្ធ​បាននិងកំពុង​រៀបចំ​អនុវត្ត​ផែនការ​អភិរក្ស​សត្វ​ត្រយង​ចង្កំ​កស​កុំឱ្យ​ផុត​ពូជ​។​

​ជាមួយនឹង​កំណើន​សត្វ​ត្រយង​ចង្កំ​កស​នេះ ក្រសួងបរិស្ថាន​បន្ត​អំពាវនាវ​ឱ្យ​បញ្ឈប់​ការដាក់​អន្ទាក់ ការ​បរបាញ់ ការហូប​សាច់សត្វ​ព្រៃ និង​ការជួញដូរ​សត្វព្រៃ ស្រប​ពេលដែល​ដៃគូ​ពាក់ព័ន្ធ ទាំងអស់​កំពុង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ផ្ដល់​ជម្រក​សុវត្ថិភាព​ដល់​សត្វព្រៃ​តាម​ការអនុវត្ត​ច្បាប់​៕