​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប ) នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៣ បាន​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០២២ នៅ​ឃុំ សង្កាត់ ព្រម​គ្នា​នៅ​ទូទាំងប្រទេស ខណៈ​បញ្ជី​ទាំងពីរ​នេះ​ត្រូវបាន​បិទ​ផ្សាយ​ទន្ទឹមគ្នា​លើ​ទីតាំង​តែមួយ ដើម្បីឱ្យ​អ្នកបោះឆ្នោត​ងាយស្រួល​ក្នុងការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ និង​ទិន្នន័យ​របស់ខ្លួន​។​

​យោងតាម​តារាង​ទិន្នន័យ​របស់ គ​.​ជ​.​ប​. បង្ហាញថា ចំនួន​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង ដែល​ត្រូវ​បិទ​ផ្សាយ​មាន​ចំនួន ៩ ៧១០ ៦៤៥​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ៥ ១៦១ ៩០៦​នាក់ និង​មាន​ការិយាល័យ​បោះឆ្នោត​សរុប​ចំនួន ២៣ ៧៨៩​ការិយាល័យ​។ ដោយឡែក​ប្រជាពលរដ្ឋ​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​ដោយ​មូលហេតុ ផ្លាស់ចេញ ស្លាប់ ស្ទួន និង​ការដក​សិទ្ធិ​បោះឆ្នោត មាន​ចំនួន​សរុប ២៧១ ១៤២​នាក់​។​

​បើតាម គ​.​ជ​.​ប គោលដៅ​នៃ​ការផ្សព្វផ្សាយ​គឺ​ដើម្បីឱ្យ​អ្នកបោះឆ្នោត ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ ទៅពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់ខ្លួន ហើយ​អាចធ្វើ​ការប្តឹងតវ៉ា ឬ​/​និង​ប្តឹង​ជំទាស់​ដើម្បីឱ្យ​មានការ​កែតម្រូវ​។

​លោក ហ៊ីង ធី​ឫទ្ធិ សមាជិក គ​.​ជ​.​ប ថ្លែងថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ នៅតាម​ឃុំ សង្កាត់ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ ដោយ​ជោគជ័យ ទោះបី​ជាមាន​បញ្ហា​គ្រោះធម្មជាតិ​មួយចំនួន និង​ស្ថិតនៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩ ក៏ដោយ​។ លោក​បន្តថា ទោះបី​ការចុះឈ្មោះ​បោះឆ្នោត​តាម​ឃុំ សង្កាត់ ត្រូវបាន​បញ្ចប់ ក៏ប៉ុន្តែ​ដំណើរការ​នៃ​ការរៀបចំ​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២២ មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។

​លោក​ថា​៖«​ការងារ​ដែល គ​.​ជ​.​ប ត្រៀម​អនុវត្ត​បន្ត​នៅពេលនេះ គឺ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង​ទាក់ទង​នឹង​បញ្ជី​ទាំងពីរ​នេះ និង​ការងារ​ចុងក្រោយ គឺ​ការផ្តល់​សុពលភាព​លើ​បញ្ជី​បោះឆ្នោត​ផ្លូវការ​»​។​

​លោក​បន្ថែមថា បន្ទាប់ពី​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ​បោះឆ្នោត ក្នុង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​រួចរាល់ គ​.​ជ​.​ប បានធ្វើការ​បោះពុម្ព​បញ្ជី​បោះឆ្នោត​ដំបូង រួម​នឹង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុបចេញ​ពី​បញ្ជី​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់​នីមួយៗ ចំនួន ៣​ច្បាប់ ដើម្បី​ផ្តល់ជូន​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​សម្រាប់​បិទ​ផ្សាយ​ជា​សាធារណៈ ដូចជា បិទ​ផ្សាយ ១​ច្បាប់ នៅតាម​សាលាឃុំ សង្កាត់ បិទ​ផ្សាយ ១​ច្បាប់ នៅ​ទីតាំង​ណាមួយ​ក្នុង​ឃុំ សង្កាត់ និង និង​ផ្តល់ជូន​ក្រុមប្រឹក្សាឃុំ សង្កាត់ ១​ច្បាប់ សម្រាប់​ប្រើប្រាស់​តាម​ការចាំបាច់​។

​បើតាម លោក ហ៊ីង ធី​ឫទ្ធិ ក្រៅពី​ការបិទ​ផ្សាយ​នៅតាម​សាលាឃុំ សង្កាត់ និង​នៅ​ទីប្រជុំជន​ណាមួយ​ក្នុង​ឃុំ សង្កាត់ បញ្ជី​បោះឆ្នោត​នេះ នឹងត្រូវ​បង្ហោះ​ផងដែរ​នៅលើ​គេហទំព័រ​របស់ គ​.​ជ​.​ប (voterlist.nec.gov.kh) និង App (NEC KH) សម្រាប់​អ្នក​ដែល​អាច​ប្រើប្រាស់​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​។

​សូមបញ្ជាក់ថា ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០២២ ដើម្បី​ធ្វើឱ្យមាន​បច្ចុប្បន្នភាព និង​ទុកចិត្តបាន​សម្រាប់​យកទៅ​បម្រើឱ្យ​ការបោះឆ្នោត​ជ្រើស​តាង​តំណាងរាស្ត្រ​នីតិកាល​ទី ៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខ​៕​