
ទិដ្ឋភាពប្រាសាទអង្គរវត្ត ដែលត្រូវបានគ្រប់គ្រង ថែទាំនិងអភិរក្សដោយអាជ្ញាធរជាតិអប្សរា។ រូបថត អាជ្ញាធរជាតិអប្សរា
សៀមរាបៈ អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបើកសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្របតាមស្តង់ដាអន្តរជាតិ ISO14001-2015 នៅគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំ នៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដា ISO 14001: 2015។
ការបើកសវនកម្មផ្ទៃក្នុង ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ដែលធ្វើឡើងរយៈពេល ២ ថ្ងៃ (ពីថ្ងៃទី១១-១២មករា)នេះ គឺដើម្បីធ្វើការត្រួតពិនិត្យ នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។
ពិធីបើកនេះ ធ្វើឡើងក្រោមអធិបតីភាពលោក សុខ លក្ខិណា តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធ។
លោក សុខ លក្ខិណា បានលើកឡើងថា ការបើកសវនកម្មផ្ទៃក្នុង គឺដើម្បីត្រួតពិនិត្យវាយតម្លៃ ភាពមិនអនុលោម ចំណុចតាមអង្កេត និងចំណុចអនុសាសន៍ និងចំណុចប្រសើរ នៅក្នុងស្ថាប័នដែលបានអនុវត្តកន្លងមក និងត្រៀមខ្លួនឱ្យស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) ចុះមកធ្វើសវនកម្ម លើស្ថាប័ន អាជ្ញាធរជាតិ នាពេលខាងមុខ។
បើតាមអាជ្ញាធរជាតិអប្សរា ការធ្វើសវនកម្មផ្ទៃក្នុង គឺធ្វើឡើងយ៉ាងទៀងទាត់ ២ដងក្នុងមួយឆ្នាំ ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនូវភាពអនុលោមជាប្រចាំរបស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ជាពិសេសការអនុវត្តជារួមនៅក្នុងនាយកដ្ឋាននីមួយៗ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់ខ្លួន និងស្របតាមអ្វីដែលស្តង់ដាតម្រូវឱ្យអនុវត្ត៕