
សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ជួយនាំស្ត្រីម្នាក់ឆ្លងទឹក នៅ តាមផ្លូវដែលមានទឹកជំនន់ទឹកភ្លៀងជន់លិច កាលពីថ្ងៃទី ១២ មករា។ រូបថត នគរបាល
ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសជាបន្តបន្ទាប់ថា នៅថ្ងៃទី ១៣ ខែមករានេះ នៅតាមបណ្តាខេត្តមួយចំនួន នៅតែមានភ្លៀងធ្លាក់រាយប៉ាយ ពីខ្សោយទៅមធ្យម ខណៈដែលមន្ត្រីក្រសួងធនធានទឹក ត្រូវបានដាក់ឱ្យប្រចាំការនៅស្ទឹងព្រែកត្នោត ស្របពេលដែលស្ថានភាពទឹកភ្លៀង បានជន់លិចស្រុកចំនួន ៣ នៅក្នុងខេត្តកំពង់ឆ្នាំង។
បណ្តាខេត្តដែលមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម នៅថ្ងៃទី១៣ខែមករានេះ មានខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកណ្តាល ខេត្តកែប និងបណ្តាខេត្តមួយចំនួនទៀត។
នៅពេលដែលមានភ្លៀងធ្លាក់ជាប់ជាប្រចាំក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ ថ្នាក់ដឹកនាំ និងក្រុមមន្ត្រីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះប្រចាំការ និងធ្វើការត្រួតពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត ដែលមានកម្ពស់ទឹកស្ទឹងហក់កើនឡើងបន្តិច នៅពេលដែលនៅតាមផ្នែកខាងលើនៃតំបន់ផ្ទៃរងទឹកភ្លៀងស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកំពងស្ពឺ កម្រិតភ្លៀងធ្លាក់មានប្រមាណពី ២០០ មម ទៅ ២៧៤ មម។
បើតាមក្រសួងធនធានទឹក ស្ថានភាពទឹកទំនប់៧មករា នាវេលាម៉ោង ១៦:០០ រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣៖ កម្ពស់ទឹក នៅសំណង់ទ្វារទឹកទំនប់៧មករា គឺ ៤,៣៦ ម៉ែត្រ ( ទាបជាងទំនប់បង្ហៀរ -០,៤៤ ម៉ែត្រ )។
កម្ពស់ទឹកផ្នែកខាងក្រោមទំនប់៧មករា គឺ ៤,៩០ ម៉ែត្រ បានបន្តកើនឡើង ៣,៧០ ម៉ែត្រ ធៀបនឹងរសៀលថ្ងៃទី១១មករា ដែលមានកម្ពស់ត្រឹម ១,២០ម៉ែត្រ (នៅទាបជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន ២,១០ ម៉ែត្រ និងឋិតនៅក្រោមធ្នឹមស្ពានទំនប់បង្ហៀរ ៣,៩០ ម៉ែត្រ) គឺទឹកនៅហូរក្នុងកម្រិតពោះស្ទឹង និងពុំទាន់មានបញ្ហាប្រឈមនោះទេ។
ជាមួយគ្នានេះកាលពីថ្ងៃទី១២ខែមករា ស្ថានភាពទឹកភ្លៀងបានបង្កឱ្យមានការជន់លិចនៅតាមតំបន់មួយចំនួនក្នុងស្រុកចំនួន៣ នៃខេត្តកំពង់ឆ្នាំង គឺស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច និងស្រុកទឹកផុស។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសប្រាប់ឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជំនន់ទឹកភ្លៀងនេះ ខណៈដែលទ្វារទឹកនៃអាងទឹកអន្លង់ជ្រៃ ត្រូវបានរលាស់បើកដោយខ្លួនឯង ដើម្បីបន្ថយបរិមាណទឹកក្នុងអាងបន្ទាប់ពីមានភ្លៀងធ្លាក់ច្រើននៅប៉ែកខាងលើ៕