កណ្តាលៈ មជ្ឈមណ្ឌល​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​ថ្នាំញៀន ១ទៀត ដែល​មាន ២១អគារ នៅ​ក្នុង​ភូមិ ទួលសុភី ឃុំព្រែកគយ ស្រុកស្អាង បច្ចុប្បន្ន​សាងសង់​សម្រេច​បាន ៩៥ភាគរយ​ហើយ ដែល​មជ្ឈមណ្ឌល​ថ្មីនេះ នឹង​ជួយ​សម្រាល​បន្ទុក​អ្នក​ជាប់​ពន្ធនាគារ​ក្នុងខេត្ត​កណ្តាល ដែល​កំពុង​ចង្អៀត​ណែន ហើយ​ភាគច្រើន​នៃ​អ្នក​ជាប់​ឃុំខ្លួន គឺ​ពាក់ព័ន្ធ​នឹង​បទល្មើស ប្រើប្រាស់​គ្រឿងញៀន។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្តកណ្តាល។

លោក គង់ សោភ័ណ្ឌ បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ មជ្ឈមណ្ឌលជាតិ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន ស្ថិត​នៅ​ឃុំបាគូរ ស្រុក​កណ្ដាល​ស្ទឹង កាល​ពី​ថ្ងៃ​ទី ១២ មករា។

លោក​បាន​ឱ្យ​ដឹង​ថា មជ្ឈមណ្ឌលជាតិ​ព្យាបាល និង​ស្តារនីតិ​សម្បទា​អ្នក​ញៀន​គ្រឿងញៀន ស្ថិត​នៅ​ស្រុក​កណ្តាលស្ទឹង​នេះ គឺ​ពិត​ជា​មាន​សារៈសំខាន់ ជា​សមិទ្ធផល​រូបវ័ន្ត​ក្នុង​វិស័យ​សង្គមកិច្ច​ថ្មី​មួយ​ទៀត ដែល​ត្រូវ​បាន​សាងសង់ឡើង​ក្នុង​ទឹកដី​ខេត្ត​កណ្តាល។

លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក៏​បាន​ថ្លែង​ក្នុង​ពិធី​នេះ​ដែរ​ថា មជ្ឈមណ្ឌលជាតិ​ព្យាបាល និងស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​នេះ នឹង​ដើរ​តួនាទី​សំខាន់លើ ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ការងារ​បន្សាប ព្យាបាល អប់រំ ស្តារនីតិសម្បទា បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ធ្វើ​សមាហរណកម្ម​អ្នក​ជា​សះស្បើយ​ពី​គ្រឿងញៀន ចូល​ទៅ​ក្នុង​សហគមន៍ និង​ក្រុម​គ្រួសារ​វិញ។

មជ្ឈមណ្ឌលនេះ នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម​តាម​រយៈការ​បន្សាប ព្យាបាល លើ​អ្នក​ញៀន​គ្រឿងញៀន និងចូលរួម​ចំណែក​ក្នុង​ការ​ស្តារនីតិសម្បទា លើ​អ្នក​ដែល​បន្សាប​គ្រឿង​ញៀន​រួច តាម​រយៈការ​អប់រំ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ធ្វើ​យ៉ាង​ណា​ឱ្យ​ពួកគាត់​មាន​ជំនាញ​សមស្រប សម្រាប់​ប្រកបរបរ​ចិញ្ចឹម​ជីវិត​មុន​ពេល​ចូល​ក្នុង​សហគមន៍​វិញ។

នៅក្នុង​ពិធីនេះ​ដែរ នាយ​ឧត្តម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយក​រដ្ឋមន្រ្តី និង​ជា​ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ក្រើនរំឭក​ដល់​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​នៅ​ក្នុង​ខេត្ត​កណ្តាល​ត្រូវ​បន្ត​ថែរក្សា ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម ផ្តល់​សេវា​សាធារណៈ​ឱ្យ​បាន​ល្អ​ប្រសើរ បន្ត​ជំរុញ​បំផុស​ចលនា​ប្រជាជន​ឱ្យ​ចូលរួម​អនុវត្តន៍ គោល​នយោបាយ​ភូមិ ឃុំ មានសុវត្ថិភាព ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្រ្កាប​បទល្មើស​នានា ពិសេស​បទល្មើស​គ្រឿង​ញៀន​ទាំង​នៅ​ទីក្រុង និង​ជនបទ។

មណ្ឌល​យុវនីតិ​សម្បទា ដែល​ទើប​តែ​ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នេះ ត្រូវ​បាន​សាងសង់​នៅ​លើ​ផ្ទៃដី ៤៨ ៨៣០ម៉ែត្រការ៉េ មានអគារ​សរុប​ចំនួន ១៥ខ្នង ក្នុង​នោះ​សាងសង់ថ្មី​ចំនួន ៥ខ្នង និង​ជួសជុល​កែ​លម្អ​ចំនួន ១០ខ្នង។

ការ​សាងសង់​កែ​លម្អ​នេះ​ចាប់​ផ្តើម​ កាល​ពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ ២០២០ និង​បាន​បញ្ចប់​ការ​សាងសង់​ កាល​ពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ២០២១៕