ភ្នំពេញៈ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Benjamin Moreau អនុប្រធាន​ការិយាល័យ​ឧត្តម​ស្នងការ​ អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា UN-OHCHR ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​នា​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ២០២៣។

យោង​តាម​ក្រសួង​យុត្តិធម៌ បាន​ឱ្យ​ដឹង​ថា លោកជិន ម៉ាលីន និង​លោក Benjamin Moreau បាន​ធ្វើ​ការ​ពិភាក្សា​គ្នា អំពី​ផែនការ​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការងារ​កែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌។ ក្នុង​នោះ​រួម​មាន​ប្រធាន​បទ​សំខាន់ៗ​ដូចជា ដំណើរការ​ប្រព័ន្ធ​ចុះ​បញ្ជី​សំណុំ​រឿង​ព្រហ្មទណ្ឌ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​តាម​សាលា​ដំបូង​រាជធានី ខេត្ត, ការ​ធ្វើ​ទំនើបកម្ម​រដ្ឋបាល​តុលាការ និង​តុលាការ​ឌីជីថល (E-Court), កម្មវិធី​សិក្សា​នៅ​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ និង​ការ​អភិវឌ្ឍ​សមត្ថភាព​ចៅក្រម ព្រះរាជអាជ្ញា និង​មន្រ្តី​អនុវត្ត​ច្បាប់​លើ​វិស័យយុត្តិធម៌​ព្រហ្មទណ្ឌ, ការ​កកស្ទះ​សំណុំរឿង ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ការ​អនុវត្តទោស​សហគមន៍ និង​ការ​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ និង​ចុងក្រោយ​គឺ​ការ​រៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​តាម​រយៈសន្ធានកម្ម​នៅ​សហគមន៍៕