ភ្នំពេញៈ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ទឹកស្អាត ដែល​មាន ១៥​ជំពូក និង ៦៥​មាត្រា ត្រូវ​បាន​សម្រេច​ឯកភាព​ដោយ​អង្គ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ពី​មាន​ការ​ពិនិត្យ និង​ពិភាក្សា​នា​ថ្ងៃ​សុក្រ ថ្ងៃទី១៣ ខែ​មករានេះ។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​ឱ្យ​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ទឹកស្អាត​ការ​គ្រប់គ្រងនិ​ងការអភិវឌ្ឍ​វិស័យ​ទឹកស្អាត គឺជា​មូលដ្ឋាន​ដ៏​សំខាន់​ដែល​អាច​ទ្រទ្រង់​និង ត្រូវ​ឆ្លើយតប​ទៅ​នឹង​សន្ទុះ​អភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គម​របស់​កម្ពុជា ដែលមាន​ការ​រីកចម្រើន​ជា​លំដាប់​ឥត​ឈប់ឈរ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ ពិសេស​ចាប់​ពី​ដំណាក់កាល​នៃ​ការ​អនុវត្ត នយោបាយ ឈ្នះ ឈ្នះ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ការ​ផ្គត់ផ្គង់​ទឹកស្អាត គឺជា​អាទិភាព​មួយ​ក្នុង​ចំណោម​វិស័យ​អាទិភាព​ទាំងបួន​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី ៤ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី៦ ដែល​រួមមាន មនុស្ស ផ្លូវ ភ្លើង និងទឹក។

ក្នុង​បរិបទ​នេះ វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត ទាមទារ​នូវ​ការ​ពង្រឹង​ការ​គ្រប់គ្រងប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ ដើម្បី​ធានា​ការ​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​ដែល​មាន​គុណភាព សុវត្ថិភាព និរន្តរភាព និង​ថ្លៃសមរម្យ ដែល​អាច​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ លើក​កម្ពស់​សុខុមាលភាព​សាធារណៈ ព្រម​ទាំង​ឆ្លើយតប​នឹង​តម្រូវការ​ផ្នែក​មូលដ្ឋាន​ផលិតកម្ម អាជីវកម្ម និង​សេវាកម្ម​លើ​គ្រប់​វិស័យ​ក្នុង​សង្គមជាតិ​ទាំងមូល ស្រប​តាម​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​ប្រកាស​គាំទ្រ​ជា​ផ្លូវការ​ចំពោះ​ពាក្យស្លោក «ទឹកស្អាត​សម្រាប់​ទាំងអស់គ្នា»។

សេចក្តីប្រកាស​បាន​បញ្ជាក់​ថា៖ «សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ទឹកស្អាត កំណត់​អំពី​ក្របខ័ណ្ឌ​គតិយុត្ត​សម្រាប់​ការ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ការ​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា ក្នុង​គោល​បំណង​ដើម្បី​ធានា​គុណភាព សុវត្ថិភាព និរន្តរភាព និង​ថ្លៃសមរម្យ ព្រម​ទាំង​ចូលរួម​លើក​កម្ពស់​សុខុមាលភាព សាធារណៈ​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​បរិយាប័ន្ន»។

ជាមួយគ្នានេះ សេចក្តី​ព្រាង​ច្បាប់​នេះ ក៏​នឹង​ចូលរួម​កសាង​ទំនុកចិត្ត​និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​អ្នក​វិនិយោគ រួម​ទាំង​ការ​ផ្តល់​ហិរញ្ញប្បទាន​គាំទ្រក្នុង​វិស័យ​ទឹកស្អាត ព្រម​ទាំង​ផ្តល់​សិទ្ធិ​និង​ការ​ការពារ​តាម​ផ្លូវច្បាប់​ដល់​ប្រតិបត្តិករ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ផ្គត់ផ្គង់​ទឹកស្អាត។

តាម​រយៈ​សេចក្តី​ព្រាង​ច្បាប់​នេះ រាជ​រដ្ឋាភិបាល នឹង​មាន​សក្តានុពល​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​លើ​វិស័យ​ទឹកស្អាត ផែនការ​យុទ្ធសាស្ត្រ ដើម្បី​ស្ដារ​និង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៃ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត លើក​កម្ពស់​សុខុមាលភាព​សាធារណៈ និង​រួម​ចំណែក​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមជាតិ៕