ភ្នំពេញៈ កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតី​ភាព​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពិនិត្យ ពិភាក្សា និង​បាន​សម្រេច​ឯកភាព នា​ថ្ងៃ​សុក្រ​ថ្ងៃ​ទី​១៣ ខែ​មករា​នេះ លើ​សេចក្តី​ព្រាង​គោលនយោបាយ​គ្រប់គ្រង និង ប្រើប្រាស់​ដីធ្លី ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូពហុបំណង​ឆ្នាំ ២០២២-២០៣៨។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី។

សេចក្តីព្រាង​គោលនយោបាយ​គ្រប់គ្រង និង ប្រើប្រាស់​ដីធ្លី ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូពហុបំណង «គ.ប.ដ.ស.» ឆ្នាំ ២០២២-២០៣៨ ត្រូវ​បាន​រៀប​ចំ​ឡើង​ជា ៧ផ្នែក និង​មាន​ឧបសម្ព័ន្ធ​ចំនួន ៣។

សេចក្តីព្រាង​គោលនយោបាយ​នេះ គឺជា​ការ​រៀបចំ​គោលនយោបាយ​គ្រប់គ្រង វិស័យ​ដីធ្លី ដែល​រួម​មាន​អនុវិស័យ​រដ្ឋបាល​ដីធ្លី អនុវិស័យរៀបចំ​ដែនដី អនុវិស័យ​បែងចែក​ដីធ្លី​និង លំនៅឋាន ការ​គ្រប់គ្រង​និង​អភិវឌ្ឍ​វិស័យ​សំណង់ និង​ការ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រកម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការ​ចូលរួម​យ៉ាង​សកម្មពី​វិស័យ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​និង​ការ​ប្រើប្រាស់​ដីធ្លី​និង​ធនធាន​ធម្មជាតិ និងការ​ធ្វើ​សមាហរណកម្ម​វិស័យ​ពាក់ព័ន្ធ​ដីធ្លី ផ្អែក​លើ​មូលដ្ឋាន​នៃ​គោលនយោបាយ​ដីធ្លី «សៀវភៅ​ស​ដីធ្លី» និង​គោល​នយោបាយជាតិ​ស្តីពី​ការ​រៀបចំ​ដែនដី​កម្ពុជា។

សេចក្តីព្រាង គ.ប.ដ.ស. ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មាន​ចក្ខុ​វិស័យ​វែងឆ្ងាយ​ក្នុង​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ដី ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​រូបវន្ត សេដ្ឋកិច្ច សង្គមកិច្ច ការ​ការពារ​បរិស្ថាន និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ចីរភាព ជវភាព សុខភាព និង​សុភមង្គល​នៅ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា។

គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា៖ «សេចក្តី​ព្រាង គ.ប.ដ.ស. មាន​គោលដៅ​តម្រង់​ទិស​និង​កំណត់​ការ​គ្រប់គ្រង​ដីធ្លី​និង​ប្រើប្រាស់​ដីធ្លី​ខេត្ត​ព្រះសីហនុ​តាម​គន្លង​គំរូ​អភិវឌ្ឍ​ថ្មី ដោយ​ផ្អែក​លើ​កត្តា​ភូមិសាស្ត្រ​នៃ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា កត្តា​ធនធាន​ធម្មជាតិ បរិស្ថាន វប្បធម៌ និង​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ស្រប​តាម​គោលនយោបាយ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន»។

សេចក្តីព្រាង​គោល​នយោបាយ​នេះ មាន​វិសាលភាព​គ្រប​ដណ្តប់​លើ​ដែនដី​ក្នុង​ព្រំប្រទល់​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង តំបន់​ដែល​មាន លក្ខណៈ​អំណោយផល​និង​ការ​ប្រកួត​ប្រជែង​ខ្ពស់ ដោយ​ផ្តល់​អាទិភាព​ខ្ពស់​លើ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា និង​តំបន់​តាម​បណ្តោយ​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិ​លេខ​៤ ក្នុង​រយៈចម្ងាយ ១០០ គីឡូម៉ែត្រ​ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។

សេចក្តីព្រាង គ.ប.ដ.ស. បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ដល់​ឆ្នាំ ២០៣៨ «អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូពហុបំណង ជា​ទីក្រុង​បៃតង​អាស៊ាន​នៃ​ប៉ូល​អភិវឌ្ឍ​ជាតិ​ទំនើប ប្រកប​ដោយ​ចីរភាព ជវភាព សុខភាព និង​សុភមង្គល តាម​រយៈការ​ជំរុញ​សមាហរណកម្ម​ការ​អភិវឌ្ឍ ទីក្រុងឆ្លាត ការ​អភិវឌ្ឍ​បៃតង រមណីយដ្ឋាន​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក មជ្ឈមណ្ឌល កំណើនជាតិ មជ្ឈមណ្ឌល​ហិរញ្ញ​វត្ថុ​អន្តរជាតិ ច្រក​ចេញចូល​អន្តរជាតិ មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ជាតិ ដោយ​មាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន​និងសកលលោក និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ទំនើប និង​នវានុវត្តន៍ ដែល​មាន​សុខដុមនីយកម្ម​ជាមួយ​នឹង​បរិស្ថាន​រស់នៅ ល្អប្រសើរ និង​រក្សា​បាន​នូវ​អត្តសញ្ញាណ​វប្បធម៌​និង​ប្រវត្តិសាស្ត្រ​ជាតិ» និង​មាន​គោលបំណង​ផ្តល់​ក្របខ័ណ្ឌ​និង​តម្រង់​ទិសការគ្រប់គ្រង ការ​ប្រើប្រាស់​ដីធ្លី ការ​បែងចែក​ដីធ្លី, ការ​អភិវឌ្ឍ​ដែនដី​និង នគរូបនីយកម្ម ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​ប្រកប​ដោយ​ចីរភាព ជវភាព សុខភាព និង​សុភមង្គល ព្រម​ទាំង​មាន​ភាព​ទាក់ទាញ​និង​ឧត្តមានុវត្តន៍​ខ្ពស់ សំដៅ​រួម​ចំណែក​ប្រែ​ក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០, ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០៕