
កិច្ចប្រជុំវាយតម្លៃការធ្វើបទបង្ហាញការពារសំណើសុំរថយន្តដឹកសំរាមរបស់រដ្ឋបាល ក្រុង-ស្រុក បេក្ខភាពទាំង ២០ នៅទីស្តីការក្រសួងបរិស្ថាន។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ លោក ហេង ណារ៉េត អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃគណ:កម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងស្ថាប័នពាក់ព័ន្ធបានដឹកនាំកិច្ចប្រជុំវាយតម្លៃការធ្វើបទបង្ហាញការពារសំណើសុំរថយន្តដឹកសំរាមរបស់រដ្ឋបាល ក្រុង-ស្រុក បេក្ខភាពទាំង ២០ នៅទីស្តីការក្រសួងបរិស្ថាន។ នេះបើយោងតាមក្រសួងបរិស្ថានកាលពីម្សិលមិញ។
ក្រសួងបានបញ្ជាក់ថា ក្រោយពីអង្គប្រជុំបានស្តាប់បទបង្ហាញរបស់រដ្ឋបាល ក្រុង-ស្រុក បេក្ខភាពទាំង ២០ រួចមក អង្គប្រជុំបានកត់សម្គាល់ឃើញថា «រដ្ឋបាល ក្រុង-ស្រុក ទាំង២០ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ពីស្វ័យគ្រប់គ្រង ថែទាំ និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព បន្ទាប់ពីទទួលបានរថយន្តពីក្រសួងបរិស្ថាន សម្រាប់កែលម្អការផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយមានផែនការសកម្មភាពច្បាស់លាស់ក្នុងការពង្រីក និងពង្រឹងសេវាប្រមូលសំរាម ដើម្បីសោភ័ណភាពបរិស្ថាន និងស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»។
ក្នុងឱកាសនោះដែរ លោក យ៉ែត វីណែល បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ បណ្តាមន្ទីរបរិស្ថានរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ក្នុងការពង្រឹងប្រសិទ្ធភាពការផ្តល់សេវាប្រមូលសំរាម សំណល់រឹងទីប្រជុំជន ហើយស្នើសុំឱ្យមានការតាមដាន ត្រួតពិនិត្យ វាយតម្លៃចំពោះការផ្តល់សេវាសំរាមនេះ និងជំរុញឱ្យមានការអនុវត្តទាំងអស់គ្នា ជាពិសេស ប្រជាពលរដ្ឋដើម្បីប្រើប្រាស់សេវាសំរាម និងជំរុញការថ្លៃបង់សេវាសំរាម។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក យ៉ែត វីណែល អនុរដ្ឋលេខាធិការ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក បួន ហេង តំណាងក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងគណ:កម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន អគ្គនាយក តំណាងអគ្គនាយកដ្ឋាន គាំពារបរិស្ថាន តំណាងនាយកដ្ឋានហិរញ្ញវត្ថុនិងគណនេយ្យ តំណាងនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តំណាងនាយកដ្ឋានគ្រប់គ្រងសំណល់រឹង តំណាងរដ្ឋបាលក្រុង ស្រុក បេក្ខភាពទាំង ២០ តំណាងមន្ទីរបរិស្ថាន រាជធានី-ខេត្តទាំង ១៧ផងដែរ៕