ភ្នំពេញៈ ក្រសួង​ព័ត៌មាន បាន​ឆ្លើយតប​ទៅ​កាន់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​ស្នើឱ្យ​មាន​ការ​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួលព័ត៌មាន ដោយ​បញ្ជាក់​ថា ក្រសួង​បាន​និង​កំពុង​ខិតខំ​ពន្លឿន​សេចក្តី​ព្រាង​ច្បាប់​នេះ​ជា​បន្តបន្ទាប់ ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ច្បាប់​នេះ​នឹង​ត្រូវ​បាន​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​ឆ្នាំ ២០២៣នេះ។

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់​នា​ថ្ងៃទី​១៣ ខែ​មករា​នេះ​ថា ក្រសួង​ព័ត៌មាន នៅតែ​បន្ត​ធ្វើការ​របស់​ខ្លួន​លើ​ការ​រៀបចំ​បញ្ចប់​លើ​ខ្លឹមសារ និង​នីតិវិធី​ផ្សេងៗ ដើម្បី​ស្នើសុំ​ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​ទៅ​តាម​នីតិវិធី។

លោក​បញ្ជាក់​ថា៖ «ពាក់ព័ន្ធ​នឹង​ដំណើរ​នៃ​ការ​រៀបចំ​ច្បាប់ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន មក​ដល់​ពេល​បច្ចុប្បន្ន ក្រុម​ការងារ​បច្ចេកទេស​នៃ​ក្រសួងព័ត៌មាន និង​ក្រសួង​យុត្តិធម៌ បាន​បញ្ចប់​នូវ​ការ​ប្រជុំ​ពិគ្រោះ​យោបល់​លើ​ជំពូក ទោស​បញ្ញត្តិ​រួច​ហើយ ប៉ុន្ដែ​នៅមាន​ចំណុច​សេសសល់​តិចតួច ដែល​ត្រូវ​ស្នើសុំ​ការ​សម្រេច​ពី​ថ្នាក់​ដឹកនាំ​នៃ​ក្រសួង​ទាំងពីរ ហើយ​ក្រសួង​ក៏​កំពុង​ពិនិត្យ​លើ​មតិយោបល់​មួយ​ចំនួន​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​របស់​ភាគី​ពាក់ព័ន្ធ​ផងដែរ»។

លោក​បាន​បន្តថា ទោះបីជា​សេចក្តី​ព្រាង​ច្បាប់​នេះ មិនទាន់​ត្រូវ​បាន​អនុម័ត​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​យន្តការ​ចាំបាច់​នានា​ដើម្បី​លើក​កម្ពស់ និង​ធ្វើឱ្យ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​នូវ​ការ​ផ្តល់​សេវា​សាធារណៈ និង​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការ​បង្កើត​អង្គភាព​ច្រក​ចេញចូល​តែមួយ នៅ​តាម​ក្រសួង ស្ថាប័ន នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោមជាតិ និង​ការ​បង្កើត​អង្គភាព​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល ក្រុម​អ្នកនាំពាក្យ​តាម​ក្រសួង ស្ថាប័ន និង​អ្នក​នាំពាក្យ និង​មន្ត្រី​ព័ត៌មាន នៅ​គ្រប់​រាជធានី-ខេត្ត ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាចទទួល​បាន​នូវ​សេវា​សាធារណៈ​កាន់តែ​ងាយស្រួល និង​ឆាប់​រហ័ស ព្រម​ទាំង​អាច​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​នូវ​ព័ត៌មានពិត គ្រប់​ជ្រុងជ្រោយ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​សម្រេច ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ​យើង​ឱ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត។

ម្យ៉ាងវិញទៀត លោក​បាន​បន្ថែម​ថា ដោយសារ​តែ​ដំណើរការ ​នៃ​ការ​រៀបចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ ក្រសួង​បាន​បើក​ឱកាស​ឱ្យ​មាន​នូវ​កិច្ច​ប្រជុំ​ពិភាក្សា និង​ផ្តល់​យោបល់​យ៉ាង​ទូលំទូលាយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​មាន​ទាំង​ក្រសួង សា្ថប័ន​សាធារណៈ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា និង​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន ដែល​បាន​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ប្រជុំ​ពិភាក្សា​គ្នា។ ម្យ៉ាងវិញទៀត ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ ក្នុង​ប្រទេស​យើង​នា​ពេល​កន្លង​មក ទើប​ធ្វើ​ឱ្យ​ដំណើរ​រៀបចំ និង​ពិគ្រោះ​យោបល់​ជាមួយក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ក៏​ត្រូវ​បាន​ពន្យារ​ពេល​ខ្លះដែរ។ ប៉ុន្តែ​នេះ​មិនមែន​មាន​ន័យថា កម្ពុជា​ជា​ប្រទេស​ក្រោយ​គេ​ក្នុង​តំបន់​ដែល​មិនមានច្បាប់​នេះ​នោះទេ។

លោក​បាន​អះអាង​ថា បើ​ច្បាប់នេះ​ត្រូវ​បាន​អនុម័ត​នៅ​កម្ពុជា នោះ​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ទី​៥ នៅ​ក្នុង​តំប​ន់អាស៊ាន ដែល​នឹង​មាន​ច្បាប់នេះ។

ក្រសួង​បាន​បញ្ជាក់​ថា៖ «ក្រសួង​ព័ត៌មាន បាន​និង​កំពុង​ខិតខំ​ពន្លឿន​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​ជា​បន្តបន្ទាប់ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ច្បាប់នេះ​នឹង​ត្រូវ​បាន​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​ឆ្នាំ ២០២៣នេះ»៕