ភ្នំពេញៈ មូលនិធិគន្ធ​បុប្ផា​កម្ពុជា បាន​ប្រកាស​ឱ្យ​ដឹង​ថា កុមារ​លេបកាក់​ចូល​ក្នុង​បំពង់​អាហារ​អស់​រយៈពេល ៣ ខែ​ត្រូវ​បាន​សង្រ្គោះ​ឱ្យ​រួច​ផុតគ្រោះថ្នាក់ ហើយ​មូលនិធិ​បន្ត​អំពាវនាវ សូម​ឱ្យ​បរិច្ចាគ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​រួមគ្នា​រក្សា​និរន្តរភាព​នៃ​កិច្ច​ដំណើរការ​របស់​មន្ទីរពេទ្យគន្ធបុប្ផា​ទាំង ៥​ទីតាំង។

មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​ឱ្យ​ដឹង​ថា កុមារា​ម្នាក់​បាន​លេប​កាក់​ចូល​ក្នុង​បំពង់​អាហារ​អស់​រយៈពេល ៣ខែ ហើយ​ត្រូវ​បាន​សង្រ្គោះ​ឱ្យ​រួចផុតគ្រោះថ្នាក់។ កុមារនេះ មាន​អាយុ ៣ឆ្នាំ មក​ពី​ស្រុក សៀមប៉ាង ខេត្ត​ស្ទឹងត្រែង បាន​ចូល​មក​សង្រ្គោះ​បន្ទាន់ បន្ទាប់ពី​បាន​លេបកាក់​ចូល​ក្នុង​បំពង់​អាហារ​រយៈពេល ៣ខែ និង​ដោយ​ឪពុកម្តាយ​ពុំមាន​លទ្ធភាព​ធ្វើ​ដំណើរ ទើប​គាត់​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​មក​ទទួល​ការ​ព្យាបាល។

មូលនិធិគន្ធ​បុប្ផា​កម្ពុជា​បាន​បញ្ជាក់​ថា៖ «កុមារ​រូប​នេះ ត្រូវ​បាន​ជួយ​សង្គ្រោះ​ជា​បន្ទាន់​ដោយ​ក្រុម​គ្រូពេទ្យ​ផ្នែក​ថត​ឆ្លុះ​ព្យាបាល​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​សៀមរាប ដោយ​ជោគជ័យ»។

ជា​រៀងរាល់​ខែ​ មន្ទីរ​ពេទ្យ​គន្ធបុប្ផា ទាំង ៥​ទីតាំង នៅ​ទូទាំង​កម្ពុជា ទទួល​ពិនិត្យ និង​ព្យាបាល​កុមារ​ជាង ៤ ម៉ឺននាក់ ដោយ​ឥត​គិតថ្លៃ និងមិន​មាន​ការ​រើសអើង។ ដូច្នេះ ការ​ចូលរួម​បរិច្ចាគ​ពី​សំណាក់​លោក​អ្នក​ពិត​ជា​មាន​តម្លៃ​ណាស់ ក្នុង​ការ​ជួយ​សង្រ្គោះ​ជីវិត​កុមារ​នៅ​កម្ពុជា ដែលជា​អនាគត​អ្នក​បន្ត​វេន​របស់​ប្រទេសជាតិ។

មូល​និធិគន្ធ​បុប្ផា​កម្ពុជា សូម​បន្ត​លើក​ទឹក​ចិត្ត​សប្បុរសជន ទាំង​ក្នុង និង​ក្រៅ​ប្រទេស ចូលរួម​បរិច្ចាគ​ចូល​ជា​សមាជិក​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​មាន​ពីរ​ប្រភេទគឺ៖ (១) សមាជិក​កិត្តិយស ដោយ​បរិច្ចាគ​ចាប់​ពី២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ឬ (២) សមាជិក​គាំទ្រ ដោយ​បរិច្ចាគ​ចាប់​ពី​ ៥ ០០០ (ប្រាំពាន់) រៀល ក្នុង​មួយខែ​/៦០ ០០០ (ហុកសិបពាន់ )​រៀល ក្នុង​មួយ​ឆ្នាំ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ក្នុង​ស្មារតី “ខ្មែរជួយខ្មែរ” តាម​រយៈមធ្យោបាយ​បរិច្ចាគ ដោយ​ឥត​គិត​ថ្លៃ​សេវា ជាមួយ​បណ្តាធនាគារ​ដៃគូ ដែលរួម​មាន​ធនាគារ ABA, ACLEDA, Canadia, Chip Mong, Sathapana, Wing, Vattanac, J Trust Royal, Cambodian Public និង ភ្នាក់ងារ True Money ឬ តាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១៕