
ភ្នំពេញៈ កម្មវិធីសប្បុរសធម៌លើកទី១២ និងការអបអរសាទរខួប៦៣ឆ្នាំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិងកំពុងតែរៀបចំធ្វើឡើងក្នុងរយៈពេល ៤ ថ្ងៃ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមកិច្ចសហការរវាងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្លិបយុវជនកាកបាទក្រហមកម្ពុជា។
យោងតាមក្រសួងអប់រំបានឱ្យដឹងថា កម្មវិធីសប្បុរសធម៌លើកទី១២ និងខួប៦៣ឆ្នាំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានចាប់ផ្តើមពីថ្ងៃទី១២ខែមករានេះអធិបតីភាពលោកពិត ចំណាន រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា និងលោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងវត្តមាន លោកជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ សប្បុរសជន សិស្សានុសិស្ស និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោកពិត ចំណាន រដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍ក្នុងឱកាសនោះថា៖ «ទោះក្នុងឯកសណ្ឋានមិនដូចគ្នា ប៉ុន្តែយើងមានអាណាព្យាបាលតែមួយ បំណងតែមួយ គោលដៅតែមួយ និងលទ្ធផលតែមួយ ដែលរួមគ្នាធ្វើឡើងដើម្បីសង្គមជាតិ មាតុភូមិ»។
លោកហ៊ុន ម៉ានី បានយកឱកាសចូលរួមអបអរសាទរខួប៦៣ ឆ្នាំនៃកំណើតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យលើសកម្មភាពការងារកន្លងមក ជាពិសេសនិស្សិតទាំងអស់ដែលបានចូលរួមចំណែកក្នុងការរៀបចំទិវាសប្បុរសធម៌នេះឡើងជារៀងរាល់ឆ្នាំ។ សកម្មភាពទាំងអស់នេះពិតជាមិនអាចកាត់ផ្ដាច់បានពីការចូលរួម និងការឧបត្ថម្ភគាំទ្ររបស់សប្បុរសជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានឡើយ។
លោកហ៊ុន ម៉ានី បានលើកឡើងពីសារៈសំខាន់នៃការងារស្ម័គ្រចិត្តដែលជាថ្នាលបណ្ដុះចំណេះដឹងបន្ថែមលើចំណេះដឹង ដែលមាននៅក្នុងសាលា។ លោកបានគូសបញ្ជាក់ពីការចូលរួមក្នុងកម្មវិធីនានា ដែលជាការផ្ដល់ឱកាសសម្រាប់លោកផ្ទាល់ ក៏ដូចជាយុវជនផ្សេងទៀត ក្នុងការរៀនសូត្រពីថ្នាក់ដឹកនាំដទៃ។
លោកជេត ជាលី បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានគណៈអធិបតី និងបានថ្លែងអំណរគុណដល់និស្សិតទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំកម្មវិធីសប្បុរសធម៌នេះឡើងជារៀងរាល់ឆ្នាំ។ លោកបានបន្តថា កម្មវិធីសប្បុរសធម៌នេះ គឺជាស្នាដៃរបស់ប្អូនៗនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានរៀបចំឡើងដោយទឹកចិត្តស្រលាញ់វប្បធម៌ និងចូលរួមចំណែកក្នុងកិច្ចការសង្គម។
ក្នុងកម្មវិធីនោះ ក៏មានការប្រគំតន្ត្រីសប្បុរសធម៌ ដែលមានការចូលរួមសម្តែងពីសំណាក់តារាកិត្តិយសល្បីៗជាច្រើនរូបផងដែរ៕