
ភ្នំពេញៈ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានបារាំង Agro ParisTech បានប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយស្ដីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងអនាម័យ និងការងារទឹកកខ្វក់សម្រាប់ទាំងអស់គ្នានាថ្ងៃសុក្រ ទី ១៣ ខែមករា ហើយគ្រោងនឹងត្រៀមរៀបចំកិច្ចសហការចុះអនុស្សរណៈយោគយល់ក្នុងឆ្នាំនេះ។
លោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការនាពេលអនាគតលើវិស័យអនាម័យ និងការងារទឹកកខ្វក់ ជាមួយលោក Jean Antoine FABY នាយកវិទ្យាស្ថានបារាំង AgroParisTech ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញពាក់ព័ន្ធ។ នេះបើយោងតាមក្រសួងសាធារណការ។
ក្រសួងបានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបន្តពិភាក្សាលើកិច្ចសហប្រតិបត្តិការស្ដីពីការគ្រប់គ្រងអនាម័យ និងការងារទឹកកខ្វក់សម្រាប់ទាំងអស់គ្នា រវាងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានបារាំង AgroParisTech ដោយផ្តោតជាសំខាន់លើការគ្រប់គ្រងអនាម័យ និងការងារទឹកកខ្វក់នៅរាជធានីភ្នំពេញ និងរាជធានី-ខេត្តមួយចំនួនផងដែរ។
អង្គប្រជុំបានពិភាក្សាលើផែនការរៀបចំវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីដល់មន្ត្រីអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់លើជំនាញមួយចំនួន។ ក្នុងនោះរួមមាន ការងារបច្ចេកទេស ការងារគ្រប់គ្រងអភិបាលកិច្ច និងការងារសេដ្ឋកិច្ចពាក់ព័ន្ធវិស័យប្រព័ន្ធទឹកកខ្វក់ ដែលគ្រោងរៀបចំក្នុងខែមិថុនាខាងមុខ និងកម្មវិធីសិក្សា ដើម្បីត្រៀមរៀបចំកិច្ចសហការចុះអនុស្សរណៈយោគយល់រវាងវិទ្យាស្ថាន បារាំង AgroParisTech និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូននៅឆ្នាំ២០២៣នេះ៕