ភ្នំពេញៈ ទិន្នផល​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​ក្នុង​ឆ្នាំ​ចុង​ក្រោយនេះ​កើនឡើង​គួរឱ្យកត់សម្គាល់ ហើយ​ចំនួន​ស្រូវ​ដែល​បាន​លក់​ចេញ​ក្នុង​ឆ្នាំ​២០២២​មាន​ចំនួន ​១ ២៣៨​ តោន ដែល​កើនឡើង​ចំនួន​ ២២៥​ តោន​។ នេះ​បើ​យោងតាម​អង្គការ​សន្សំ​ម្លប់​ព្រៃ​។​

​គម្រោង​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​បាននិងកំពុង​ពង្រីក​ខ្លួន​ទៅកាន់​តំបន់​គោលដៅ​បន្ថែមទៀត​ជា​បន្តបន្ទាប់​។ ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​ប្រជាកសិករ ក៏ដូចជា​បុគ្គលិក​របស់​អង្គការ​សន្សំ​ម្លប់​ព្រៃ​ទៅលើ​បច្ចេកទេស​ដាំ​ដុះ​នានា បាន​ជំរុញ​ឱ្យ​ទិន្នផល​នៅតាម​តំបន់​គោលដៅ​មួយចំនួន​មានការ​កើនឡើង​។

​ក្រុមការងារ​សន្សំ​ម្លប់​ព្រៃ​នៅតាម​តំបន់​គោលដៅ​នីមួយៗ​កំពុងធ្វើការ​គណនា​ទៅលើ​ទិន្នផល​សរុប​ប្រចាំឆ្នាំ​២០២២​។ ក្នុងនោះ​ផងដែរ កសិករ​គម្រោង​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ បានសម្រេច​លក់​ចេញ​នូវ​ទិន្នផល​ស្រូវ​មួយចំនួន​ក្នុងតម្លៃ​ខ្ពស់ជាង​តម្លៃ​ទីផ្សារ​ទូទៅ​ពី​៤០% ទៅ​៧០%​។ ចំនួន​ស្រូវ​ដែល​បាន​លក់​ចេញ​ក្នុង​ឆ្នាំ​២០២២ គឺមាន​ចំនួន​១ ២៣៨​តោន ដែលជា​ការកើនឡើង​ចំនួន​២២៥​តោន បើ​ធៀប​ទៅ​ទិន្នផល​ស្រូវ​លក់​ចេញ​ក្នុង​ឆ្នាំ​២០២១​។ នេះ​យោងតាម​អង្គការ​ដដែល​នេះ​។

​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ គឺជា​គម្រោង​ដែល​តម្រូវឱ្យ​កសិករ​ចូលរួម​ក្នុង​គម្រោង​ផលិត​ស្រូវ ដោយ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​ធនធាន​ព្រៃឈើ សត្វព្រៃ និង​មិន​ទន្ទ្រាន​ដីព្រៃ​នោះ​ជាដើម​។​

​ក្នុង​ពិធី​អបអរ​ទិវា​ប្រជាកសិករ​ដែល​បាន​ធ្វើឡើង​កាលពី​ខែធ្នូ​កន្លងមក ក៏មាន​ការផ្សព្វផ្សាយ​ស​មិទ្ធ​ផល​គម្រោង​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​នៅ​ភូមិ​គោលដៅ​និង​ផែនការ​ពង្រីក​បន្ទាប់ លើកកម្ពស់​ការចូលរួម​របស់​សហគមន៍ និង​ការគាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ ក៏ដូចជា​ចែករំលែក​បទពិសោធន៍​កន្លងមក និង​ការប្រមូល​មតិយោបល់​ពី​អ្នកចូលរួម​សម្រាប់​ការពិភាក្សា​ផងដែរ​៕