
ព្រះវិហារៈ ក្រុមមន្ត្រីឧទ្យានុរក្សនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងខេត្តព្រះវិហារនាថ្ងៃទី១៣ ខែមករានេះបានប្រទះឃើញសត្វខ្ទីងចំនួន ២ ក្បាលដែលជាមេ និងកូនក្នុងពេលចុះល្បាតគ្រប់គ្រងធនធានធម្មជាតិ។ នេះបើយោងតាមក្រសួងបរិស្ថាននៅថ្ងៃទី ១៤ ខែមករានេះ។
សត្វទាំងពីរនោះកំពុងដើររកស៊ីចំណី ជាមួយហ្វូងគោ នៅចំណុចភ្នំក្រៀល ស្ថិតនៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។
មន្ត្រីឧទ្យានុរក្សក៏ធ្លាប់បានប្រទះឃើញ សត្វខ្ទីងមេ-កូនបែបនេះ ម្តងរួចមកហើយ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២កន្លងមកនៅចំណុចភ្នំ១០០ ស្ថិតនៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។
សត្វខ្ទីង គឺជាថនិកសត្វនៃពពួកគោសាទិស ស៊ីស្មៅ និងរុក្ខជាតិជាអាហារ។ ខ្ទីងត្រូវការវាលស្មៅទំហំធំសម្រាប់ស៊ីជាចំណី។ វាមានមាឌធំជាងគេនៅក្នុងចំណោមពពួកគោសាទិសនៅលើពិភពលោក។ ដោយសារតែខ្ទីងមានមាឌធំ ដូច្នេះវាពុំសូវមានសត្រូវច្រើនទេ។
សត្វខ្ទីងត្រូវបានកត់ត្រា នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។ នៅក្នុងប្រទេសកម្ពុជា គេប្រទះឃើញខ្ទីងមានវត្តមានភាគច្រើននៅតំបន់ការពារទេសភាពខ្ពង់រាបភាគខាងកើត ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ បច្ចុប្បន្នពុំមានតួលេខប៉ាន់ស្មានផ្លូវការអំពីចំនួនសត្វខ្ទីងនៅក្នុងប្រទេសកម្ពុជាទេ។ នេះបើយោងតាមក្រសួងបរិស្ថាន៕
