
រូបភាព រដ្ឋបាលខេត្តតាកែវ
រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីបំភ្លឺថា ករណីប្រជាពលរដ្ឋម្នាក់ស្លាប់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ មានក្នុងពេលដែលសមត្ថកិច្ចចុះរុះរើសំណង់ខុសច្បាប់នៅជើងភ្នំដំរីរមៀល គឺដោយសារជំងឺគាំងបេះដូង។ ការបំភ្លឺរបស់រដ្ឋបាលខេត្តនេះ គឺក្រោយពេលដែល មានការផ្សព្វផ្សាយតាមបណ្តាញផ្សព្វផ្សាយសង្គមមួយចំនួន ជាពិសេសទំព័រហ្វេសប៊ុកឈ្មោះ ហង្ស សំណាង Hang Somnang ដែលបានផ្សាយថា“គួរឱ្យសង្វេគណាស់ ប្រជាពលរដ្ឋម្នាក់ស្លាប់នៅពេលសមត្ថកិច្ច និងលោកអភិបាលរងខេត្តតាកែវ ចុះរុះរើដីចម្ការរបស់គាត់ ដែលនាំឱ្យមានការយល់ច្រឡំមកលើអាជ្ញាធរមានសមត្ថកិច្ច។
ចំពោះករណីនេះរដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ កម្លាំងចម្រុះរបស់រដ្ឋបាលខេត្តតាកែវ ដោយមានការសម្របសម្រួលពីព្រះ រាជអាជ្ញារងអមសាលាដំបូងខេត្ត និងមានការចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះរុះរើ សំណង់ខុសច្បាប់នៅជាប់ជើងភ្នំដំរីរមៀល ស្ថិតនៅក្នុងភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយជួលប្រភេទគ្រឿងចក្រ ម៉ិចស្កាវាទ័រ ចំនួន ១គ្រឿង ដោយមានម្ចាស់ឈ្មោះ សំ វីរៈ និងជនរងគ្រោះឈ្មោះ សំ សុខ ជាកម្មករ ដំណើរការនៃការរុះរើសំណង់ខុសច្បាប់ទាំងនេះប្រព្រឹត្តទៅដោយរលូនដោយមានការចូលរួមសហការពីអ្នកកាន់កាប់មួយចំនួនផងដែរ។
បន្ទាប់ពីបញ្ចប់ការរុះរើនៅទីតាំងខាងលើ កម្លាំងចម្រុះបានដកចេញពីទីតាំងខាងលើ ដើម្បីបន្តរុះរើទៅទីតាំងផ្សេងទៀតដោយជនរងគ្រោះ និងម្ចាស់គ្រឿងចក្រចេញទៅតាមក្រោយ។ នៅវេលាម៉ោង ១៤៖០០នាទី ក៏ទទួលដំណឹងថា ជនរងគ្រោះមានអាការវិលមុខ មិនស្រួលខ្លាំងហើយក៏បានស្លាប់បាត់បង់ជីវិតទៅហើយបើទោះបីជាមានការព្យាយាមជួយសង្គ្រោះពីម្ចាស់គ្រឿងចក្រ និងប្រជាពលរដ្ឋនៅជិតនោះក៏ដោយ។ ក្រោយពីទទួលព័ត៌មានភ្លាម អាជ្ញាធរមានសមត្ថកិច្ច និងគ្រូពេទ្យជំនាញ បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ធ្វើកោសល្យវិច្ឆ័យពិនិត្យសាកសព ដោយគ្រូពេទ្យជំនាញអះអាងថា ជនរងគ្រោះបានស្លាប់ ដោយជំងឺគាំងបេះដូង។
ក្រោយមកអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចក៏បានជូនដំណឹងទៅក្រុមគ្រួសារសព និងបានទាក់ទងទៅរថយន្តពេទ្យដើម្បីដឹកសាកសពត្រឡប់ទៅគេហដ្ឋានរបស់ជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី។ ប៉ុន្តែដោយសារពីមន្ទីរពេទ្យបង្អែកទៅកន្លែងកើតហេតុមានចម្ងាយឆ្ងាយ ដែលធ្វើឱ្យរថយន្តពេទ្យចំណាយរយៈពេលយូរ ទើបសាច់ញាតិជនរងគ្រោះបានចាត់ចែងដឹកសាកសពតាមម៉ូតូដោយខ្លួនឯងទៅគេហដ្ឋានដើម្បីធ្វើបុណ្យមុន ពេលរថយន្តពេទ្យទៅដល់។
រដ្ឋបាលខេត្តតាកែវ បញ្ជាក់ថា ជនរងគ្រោះឈ្មោះ សំ សុខ ជាប្រជាពលរដ្ឋស្លូតត្រង់ មានទីលំនៅភូមិត្រពាំងកោះ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ហើយពុំមានជាប់ពាក់ព័ន្ធទៅនឹងការកាន់កាប់ឬសាងសង់សំណង់ខុសច្បាប់នៅលើដីរបស់រដ្ឋនោះទេ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានអំពាវនាវដល់អ្នកសារព័ត៌មាន ក៏ដូចអ្នកប្រើប្រាស់បណ្តាញសង្គម សូមផ្សព្វផ្សាយព័ត៌មានប្រកបដោយមូលដ្ឋានច្បាស់លាស់ ចៀសវាងផ្សព្វផ្សាយនូវព័ត៌មានដែលពុំមានប្រភពគ្រប់ជ្រុងជ្រោយ ដែលនាំឱ្យមានការភ័ន្តច្រឡំ៕