
រូបភាព កាកបាទក្រហមកម្ពុជា
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ត្រូវបានកាកបាទក្រហមកម្ពុជា សម្រេចទទួលស្គាល់ជាប្រធានថ្មី នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា អាណត្តិទី៥ ខណៈលោកអះអាងថា នឹងកៀរគររកមូលនិធិពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការមនុស្សធម៌។
ការប្រគល់តំណែងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ត្រូវបានធ្វើឡើង ថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២៣ ដោយលោក ខូយ រីដា បានអះអាងថា នឹងប្រកាន់ខ្ជាប់គោលការណ៍គ្រឹះទាំង ៧ប្រការ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សំដៅបម្រើឧត្តមប្រយោជន៍មនុស្សជាតិ រួមចំណែកឱ្យសម្រេចបានតាមទស្សនវិស័យរបស់កាកបាទក្រហមកម្ពុជា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់។ ម្យ៉ាងវិញទៀត យកចិត្តទុកដាក់អនុវត្តនូវគោលការណ៍ លក្ខណៈវិនិច្ឆ័យសាខាដែលមានដំណើរការល្អ ដើម្បីបំពេញភារកិច្ចមនុស្សធម៌បានជោគជ័យ និងរក្សាសាមគ្គីភាពក្នុងជួរ គណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្ត្រ កាកបាទក្រហមកម្ពុជា ២០២១-២០៣០។
លោកបានបន្តថា ៖«លោកនិងក្រុមការងារ នឹងបង្កើនគំនិតក្នុងការកៀរគររកមូលនិធិពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការមនុស្សធម៌ របស់សាខា និងយកចិត្តទុកដាក់ណែនាំដល់គ្រប់អនុសាខាឱ្យបំពេញភារកិច្ចមនុស្សធម៌ឱ្យបានល្អ ស្របតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា»។
បន្ថែមពីនេះ លោកបានបញ្ជាក់ថា នឹងយកចិត្តទុកដាក់បន្តការងារពង្រឹង ពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅមូលដ្ឋាន ឱ្យចូលរួមក្នុងសកម្មភាពអប់រំសុខភាពសហគមន៍ ពិសេស ជំងឺកូវីដ១៩។ យកចិត្តទុកដាក់ពង្រីក និងពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សានានា ជាគំរូក្នុងការងារមនុស្សធម៌ក្នុងសង្គម និងបន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់មន្ទីរស្ថាប័ន អង្គភាព អង្គការជាតិ អន្តរជាតិ ក្នុងបុព្វហេតុមនុស្សធម៌ប្រមូលកម្លាំងដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ជនងាយរងគ្រោះ។
ជាមួយគ្នានេះលោក នឹងបន្តអភិវឌ្ឍធនធានថវិកា ធនធានមនុស្ស ដើម្បីឆ្លើយតបគ្រោះមហន្តរាយ ឱ្យបានទាន់ពេលវេលា និងតាមសំណូមពររបស់ សាខា អនុសាខា និងក្រុមកាកបាទក្រហម គ្រប់មូលដ្ឋាន ដោយត្រូវអនុវត្តតាមអនុសាសន៍ និងការតម្រង់ទិសរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា បានថ្លែងថា កន្លងមកគណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នៅតាមសាខារាជធានី-ខេត្ត តែងតែសកម្មក្នុងការបំពេញភារកិច្ចមនុស្សធម៌ជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ បានឆាប់រហ័សទាន់ពេលវេលា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ស្របតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ ស័ក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្ស
ធម៌។
លោកស្រី បានគូសបញ្ជាក់ថា៖«ថ្វីដ្បិតថ្ងៃនេះ អង្គពិធីប្រារព្ធការប្រកាស ឯកឧត្តម ខូយ រីដា ជាប្រធានថ្មីនៃគណៈកម្មាធិការសាខាអាណត្តិទី៥ ក៏មែនពិត តែតាមការពិតជាក់ស្តែងនៃប្រវត្តិការងាររបស់ ឯកឧត្តម នៅក្នុងសាខា កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ មិនមែនជាការងារថ្មីនោះឡើយ»។
លោកស្រីបានបន្ថែមថា ផ្អែកលើប្រវត្តិ និងបទពិសោធន៍ជ្រៅជ្រះក្នុងការងារមនុស្សធម៌របស់លោក ខូយ រីដា នឹងរួមកម្លាំងគ្នាទទួលអម្រែកនេះដោយការទទួលខុសត្រូវខ្ពស់ និងធានាឱ្យបានថា សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ពិតជានឹងបន្តអភិវឌ្ឍ និងមានភាពម្ចាស់ការកាន់តែរឹងមាំឡើងជាលំដាប់»៕