
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយនឹងអង្គការ DW Akademie បន្តពង្រឹងបំណិនអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានដល់គ្រូបង្រៀននៅកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលតាមអនឡាញស្ដីពី អក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានសម្រាប់ការបង្រៀន-រៀន រយៈពេល២ថ្ងៃ ដែលបានចាប់ផ្តើមពីថ្ងៃទី១២ខែមករានេះ។ ពិធីបើកវគ្គបណ្ដុះបណ្ដាលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រីគឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ ព្រមទាំងវត្តមានលោកសុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងលោក ស ច័ន្ទដារ៉ា អ្នកសម្របសម្រួលគម្រោងប្រចាំអង្គការ DW Akademie។
លោកស្រីបានមានប្រសាសន៍ក្នុងឱកាសនោះ ថា ក្នុងគោលដៅប្រែក្លាយជាប្រទេសសេដ្ឋកិច្ចឌីជីថល លុះត្រាតែប្រជាពលរដ្ឋ មានចំណេះដឹងឌីជីថល ដែលទាមទារជាចាំបាច់នូវ ការអប់រំបែបឌីជីថល ខណៈដែលគ្រូបង្រៀនជាភ្នាក់ងារនៃការផ្លាស់ប្តូរដ៏សំខាន់។
លោកស្រីរដ្ឋលេខាធិការ បានកោតសរសើរចំពោះសិក្ខាកាមដែលបានចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាល ដើម្បីបន្ត អភិវឌ្ឍខ្លួនស្របតាមរបត់ថ្មីនៃបច្ចេកវិទ្យាឌីជីថល និងបានអំពាវនាវដល់សិក្ខាកាមដែលគ្រូបង្រៀនត្រូវយកចិត្តទុកដាក់ក្នុងការបន្តអភិវឌ្ឍខ្លួន ពិសេសបំណិនផ្នែកអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដើម្បីក្លាយខ្លួនជាគ្រូបង្រៀនពេញលក្ខណៈក្នុងយុគសម័យឌីជីថល។
នាយកដ្ឋានបច្ចេកវិទ្យា និងអង្គការ DW Akademie កន្លងមកបានសហការរៀបចំវគ្គបណ្ដុះបណ្ដាល ដើម្បីផ្សព្វផ្សាយអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំទាំងផ្ទាល់ និងតាមអនឡាញ ព្រមទាំងបានដាក់ឱ្យប្រើប្រាស់សៀវភៅអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅតាមគ្រឹះស្ថានសិក្សា។
លោក ស ច័ន្ទដារ៉ាបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៤ខែមករានេះថា DW Akademie បានធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា អស់រយៈពេលជិត៧ឆ្នាំមកហើយ លើផ្នែកអក្ខរកម្មប្រព័ន្ធផ្សព្វផ្សយ និងព័ត៌មាន(Media and Information Literacy—MIL) ក្នុងគោលបំណង ជួយយុវជនវ័យក្មេងដែលជាអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីស្វែងយល់បន្ថែមអំពីសុវត្ថិភាព ឯកជនភាព ហានិភ័យ និងឱកាស ក៏ដូចជាទទួលបានការពិចារណាឱ្យបានស៊ីជម្រៅលើមាតិកា ដែលពួកគេកំពុងប្រើប្រាស់ប្រចាំថ្ងៃ គ្រប់ទម្រង់ នៅលើអនឡាញ។
លោកបានបញ្ជាក់ថា៖«សំខាន់បំផុតនោះគឺ ដើម្បីឱ្យពួកគេអាចប្រើវាដោយសុវត្ថិភាព ដោយទំនួលខុសត្រូវ និងប្រកបដោយសីលធម៌»។
លោកបានបន្តថា DW Akademie បានគាំទ្រក្រសួង ក្នុងការដាក់បញ្ជ្រាបកម្មវិធីសិក្សា MIL នៅក្នុងកម្មវិធីសិក្សា ICT សម្រាប់សិស្សថ្នាក់ទី ១២ រួចមកហើយដែរ។ ថ្មីៗនេះ DW Akademie ក៏ផ្តល់ជាជំនួយបច្ចេកទេសដល់ក្រសួង ក្នុងការផលិតសៀវភៅសិក្សា MIL សម្រាប់លោកគ្រូអ្នកគ្រូ ICT នៅបណ្តាសាលាគរុកោសល្យនានាផងដែរ។
សៀវភៅនេះនឹងក្លាយជាធនធានសម្រាប់អ្នកអប់រំក្នុងការស្វែងយល់បន្ថែមអំពី MIL ដូច្នេះពួកគេអាចចែករំលែកចំណេះដឹងនេះឱ្យកាន់តែប្រសើរដល់សិស្សានុសិស្ស។ សៀវភៅនេះនឹងត្រូវបានប្រើប្រាស់ជាផ្លូវការនៅគ្រប់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀនទូទាំងប្រទេស។ ក្រៅពីនេះ DW Akademie ក៏បានបង្កើតឯកសារធនធានអនឡាញនៅលើផ្នែកMIL ដែលមានសម្រាប់សិស្ស និងគ្រូយកទៅសិក្សានិងស្រាវជ្រាវបន្ថែមផងដែរ៕