
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាចថ្ងៃសៅរ៍ ទី ១៤ ខែមករានេះ បានផ្ដល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានប៉ុន្មានជិត ៥ ០០០នាក់នៅសាលពិព័ណ៍កោះពេជ្រ ដែលពិធីនេះធ្វើឡើងវិញ បន្ទាប់ពីមានការអាក់ខានរយៈពេលបីឆ្នាំដោយសារជំងឺកូវីដ ១៩។
ក្រៅពីអ្នកព័ត៌មាន ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានីខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីនេះផងដែរ។ ជំនួបនេះធ្វើឡើងដោយ បើកទូលាយ ពោលអ្នកព័ត៌មានកំពុងបម្រើការងារនៅក្នុងប្រទេស កម្ពុជាទាំងជាតិ និងអន្តរជាតិ សុទ្ធតែត្រូវបាន អនុញ្ញាតឱ្យចូលរួម ដោយមិនមានប្រកាន់អ្នកសារព័ត៌មានមកពីស្ថាប័នគាំទ្រ ឬមិនគាំទ្ររាជរដ្ឋាភិបាលនោះឡើយ។ នេះបើយោងតាមសំណេរនៅលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ជំនួបអាហារសាមគ្គីនៅឆ្នាំនេះត្រូវបានធ្វើឡើងក៏ចំពេលខួប៣៨ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោកហ៊ុន សែនផងដែរ។
សំណេរនៅលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៣ នេះ គឺជាខួបទី៣៨ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន (១៤ មករា ១៩៨៥-១៤ មករា ២០២៣) ដែលពេលនោះ លោកនាយករដ្ឋមន្ត្រី មានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។
សំណេរនៅលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសរសេរថា៖«មកដល់ថ្ងៃនេះ សម្តេច ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្ត្រីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។ ៣៨ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាត និងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិមកទល់សព្វថ្ងៃ»៕