ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​ជំនួប​ជាមួយនឹង​អ្នកសារព័ត៌មាន​ជិត​ ៥ ០០០​ នាក់​ នៅ​ល្ងាច​ថ្ងៃទី ​១៤ ​មករា​នេះ​ថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​គឺ​នឹង​ចេញ​នៅ​អាណត្តិ​ទី​៧ នៅក្រោយ​ការបោះឆ្នោតជាតិ ឬ​អាច​ថា វា​នឹង​បញ្ចប់​នៅ​ចន្លោះ​ឆ្នាំ​២០២៤ ឬ ២០២៥​។

​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​ការយឺតយ៉ាវ​នេះ វា​មិនមែន​តែ​រឿង​ដាច់ដោយឡែក បើ​យើង​គ្រាន់តែ​ប្រាប់​សិទ្ធិ​របស់​រដ្ឋ សម្រាប់​ការសម្រេច វា​ជា​ការងាយ​ទេ​។ វា​អត់​មានអី​លំបាក​ទេ រដ្ឋមន្ត្រី​ធ្វើ​រួចហើយ បញ្ជូនមក គណៈរដ្ឋមន្ត្រី​អនុម័ត​បញ្ជូនទៅ​សភា​អនុម័ត ក៏ប៉ុន្តែ​យើង​ចង់​ប្រមូលផ្តុំ​នូវ​មតិយោបល់​ទាំងឡាយ ដើម្បីឱ្យ​ចេញទៅ​ទទួលបាន​ផលប្រយោជន៍​ទាំងអស់គ្នា​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមថា គេ​សង្កេតឃើញថា អង្គការក្រៅរដ្ឋាភិបាល​ខ្លះ​បានធ្វើការ​ទាមទារ​ជ្រុល​ហួសហេតុ​។ ការទាមទារ​ហួសហេតុ​នោះ​ហើយ ដែល​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ធ្វើការ​សម្របសម្រួល​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖«​ឥឡូវនេះ ច្បាប់​នេះ​ក៏​កំពុងតែ​ដំណើរការ នៅក្នុង​ការពិភាក្សា​ទាក់ទង​នឹង​បទល្មើស ដែល​ត្រូវ​គាំទ្រ​ដោយ​ក្រសួងយុត្តិធម៌​»​។​

​ទាក់ទង​ទៅនឹង​ការ​សំណើ​របស់​សង្គម​ស៊ីវិល​នេះដែរ ក្រសួង​ព័ត៌មាន​ក៏បាន​ធ្វើការ​ឆ្លើយតប​ផងដែរ​នៅ​ថ្ងៃទី​១៤​ខែមករា​នេះ​។

​ក្រសួង​ព័ត៌មាន​ថា ក្រសួង​នៅតែ​បន្ត​ធ្វើការ​របស់ខ្លួន​លើ​ការរៀបចំ​បញ្ចប់​លើ​ខ្លឹមសារ និង​នីតិវិធី​ផ្សេងៗ ដើម្បី​ស្នើសុំ​ការអនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​ទៅតាម​នីតិវិធី​ផងដែរ​។

​ក្រសួង​បាន​បញ្ជាក់ថា​៖«​ពេលបច្ចុប្បន្ន ក្រុមការងារ​បច្ចេកទេស​នៃ​ក្រសួង​ព័ត៌មាន និង​ក្រសួងយុត្តិធម៌ បានបញ្ចប់​នូវ​ការប្រជុំ​ពិគ្រោះ​យោបល់​លើ​ជំពូក ទោស​បញ្ញត្តិ​រួចហើយ ប៉ុន្ដែ​នៅមាន​ចំណុច​សេសសល់​តិចតួច ដែល​ត្រូវ​ស្នើសុំ​ការសម្រេច​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ទាំងពីរ ហើយ​ក្រសួង​ក៏​កំពុង​ពិនិត្យ​លើ​មតិយោបល់​មួយចំនួន​លើ​សេចក្តីព្រាងច្បាប់​នេះ​របស់​ភាគី​ពាក់ព័ន្ធ​ផងដែរ​»៕​