ភ្នំពេញៈ ពីថ្ងៃទី ១៣ ដល់ទី ១៥ ខែមករា គឺជាថ្ងៃដែលសាកលវិទ្យាល័យបានប្រារព្ធធ្វើទិវាសប្បុរសធម៌ ដើម្បីរៃអង្គាសប្រាក់សម្រាប់បរិច្ចាគជូនទៅអ្នកក្រីក្រ ដែលជារៀងរាល់ឆ្នាំ ទិវាសប្បុរសធម៌នេះ តែងតែត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៣មករា ដែលជាថ្ងៃបង្កើតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោយទទួលបាន ឯករាជ្យពីបារាំង។
ក្រោយខកខានធ្វើអស់រយៈពេល២ឆ្នាំកន្លងមក នៅឆ្នាំ២០២៣នេះ ទិវានេះបានធ្វើឡើងព្រមជាមួយខួបទី៦៣ឆ្នាំរបស់ សាកលវិទ្យាល័យភូមិន្ទភ្នំពេញតែម្ដង។ ដោយការបើកពិធីសប្បុរសធម៌នេះផងដែរ ត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៣មករា ក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ធសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្រឡេកទៅមើលទិដ្ឋភាពក្នុងថ្ងៃទី១នៃពិធីនេះ យុវជន យុវនារីដែលភាគច្រើនជានិស្សិត ដើរខ្វាត់ខ្វែងគ្នា ពីស្តង់១ ចូលទៅកាន់ស្តង់១ទៀត យ៉ាងកុះករ។ កន្លែងខ្លះ គេស្ទើរតែត្រូវប្រជ្រៀតគ្នាដើម្បីអាចដើរទៅមុខបាន។
ពីស្តង់លក់ភេសជ្ជៈនៅក្បែរអគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញឯណោះវិញ និស្សិតផ្នែកទេសចរណ៍បានបង្ហាញអារម្មណ៍រំភើប ខណៈដែលនេះជាលើកទី១ហើយ ដែលពួកគេបានចូលរួមដាក់ស្តង់ លក់ផលិតផលក្នុងទិវាសប្បុរសធម៌។
និស្សិត ហឿន ស្រីធី ដែលជាអ្នករៀបចំស្តង់លក់ភេសជ្ជៈនៃដេប៉ាតឺម៉ង់ទេសចរណ៍បានឱ្យដឹងថា ខ្លួន និងមិត្តភក្កិឯទៀតបានខិតខំលក់ភេសជ្ជៈ ដោយសង្ឃឹមថា អាចយកប្រាក់បរិច្ចាគទៅជូនអ្នកក្រីក្រ បានកាន់តែច្រើន។
កញ្ញា ហឿន ស្រីធី ថ្លែងថា៖ «ពួកខ្ញុំបានគិតគ្នារួចហើយថា ពួកយើងចង់យកលុយដែលចំណេញ សម្រាប់បរិច្ចាគជូនសាកលវិទ្យាល័យទាំងអស់តែម្ដង»។
និស្សិតឆ្នាំទី៤រូបនេះ បានបន្តថា ថ្ងៃនេះស្តង់របស់នាងលក់បានច្រើនគួរសម ហើយសង្ឃឹមថា នឹងបន្តលក់បានកាន់តែច្រើននៅថ្ងៃស្អែកៗទៀត។ ម្យ៉ាងទៀត កញ្ញាសង្កេតឃើញថា កម្មវិធីថ្ងៃនេះប្រព្រឹត្តទៅ ដោយរលូន និងមិនមានបញ្ហាអ្វីឡើយ។
នៅជាប់ស្រះទឹកឯណោះវិញ ក្រុមនិស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ កំពុងតែញាប់ដៃ ញាប់ជើងឆាពោត ដោយមានអ្នកទិញកំពុងឈរចាំផង។
កញ្ញា ចិត្ត ស្រីយ៉ា ដែលជានិស្សិតឆ្នាំទី២នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានឱ្យដឹងថា ក្រុមរបស់កញ្ញាបានត្រៀមរៀបចំទិញសម្ភារសម្រាប់លក់តាំងតែពី១សប្ដាហ៍មុនម្ល៉េះ ហើយសម្រាប់ថ្ងៃទី១នេះ ជារួមគឺលក់អស់ច្រើន។
កញ្ញា ចិត្ត ស្រីយ៉ា បានបន្តថា៖ «ថ្លៃដើមពួកយើងទិញអស់ប្រហែល ៤០ម៉ឺនរៀល ហើយពួកយើងរំពឹងថា នឹងអាចចំណេញគុណនឹង២ ដូច្នេះហើយផាត់តែថ្លៃដើមចេញ យើងនឹងបរិច្ចាគជូនសាលាទាំងអស់តែម្ដង»។
កញ្ញា បន្តរៀបរាប់ថា កញ្ញាមិនរំពឹងទេថានឹងមានមនុស្សច្រើនដោយនេះត្រឹមតែជាថ្ងៃទី១ប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងនិស្សិតជាច្រើននាក់បានមកទស្សនាស្តង់នានាក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នេះ។
យ៉ាងណាមិញ កញ្ញា បានថ្លែងដោយសង្ឃឹមថា ទោះក្រុមកញ្ញាអាចលក់បានតិច ឬច្រើន តែក៏អាចជួយទៅដល់អ្នកខ្វះខាត និងអ្នកត្រូវការជំនួយក្នុងរូបភាពណាមួយបានខ្លះដែរ។
ទាំងកញ្ញា ស្រីយ៉ា និងកញ្ញា ស្រីធី បានផ្ដល់ជាសំណូមពរដល់អ្នកចូលរួមផងដែរ ឱ្យចូលរួមក្នុងការថែរក្សាអនាម័យ ដោយការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមានការប្រុងប្រយ័ត្នចំពោះសម្ភារផ្សេងៗ ចៀសវាងការបាត់បង់ដោយប្រការណាមួយ។
នាថ្ងៃបើកពិធីរំឭកខួប៦៣ឆ្នាំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងពិធីសប្បុរសធម៌លើកទី២ នាសាកលវិទ្យាល័យនេះ កាលពីថ្ងៃទី១៣ ខែមករា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ដែលបានចូលរួមបានលើកឡើងថា ធនធានមនុស្សដែលមានគុណភាព និងសមត្ថភាពដែលខ្ញុំកំពុងតែឃើញទាំំងនេះ ជាសុទិដ្ឋិនិយម និងភាពជឿជាក់របស់លោកចំពោះអនាគតកម្ពុជា។
លោកបានថ្លែងថា៖ «ស្វ័យវិន័យនេះខ្ញុំសុំបន្ថែមដែរថា កុំទាល់តែមានគេប្រាប់ថាខុស ត្រូវរៀនឈ្វេងយល់ដោយខ្លួនឯង ហើយកែប្រែកំហុស និងធ្វើឱ្យបានកាន់តែប្រសើរតាមដែលយើងអាចធ្វើបាន»។
លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់និស្សិតទាំងអស់សម្រាប់ស្មារតីស្ម័គ្រចិត្ត និងស្មារតីសប្បុរសធម៌ ដែលពួកគេអាចមានសកម្មភាពផ្សេងៗគ្នា មកពីជំនាញសិក្សាផ្សេងៗគ្នា តែគោលដៅរបស់យើងតែ១គត់នោះគឺការចូលរួមជាវិជ្ជមានដើម្បីកម្ពុជា។
លោកបានបញ្ជាក់ថា ៖ «សម្រាប់ខ្ញុំ ខ្ញុំពិតជាមានសុទិដ្ឋនិយមចំពោះអនាគតកម្ពុជា នៅពេលដែលបានឃើញសកម្មភាពស្ម័គ្រចិត្តក្នុងស្មារតីសប្បុរសដើម្បីសង្គមជាតិរបស់ប្អូនៗគ្រប់ៗរូប។ សូមចូលរួមអបអរសាទរពិធីសប្បុរសធម៌លើកទី១២ និងខួបអនុស្សាវរីយ៍លើកទី៦៣ កំណើតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ»៕