ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារទៅកាន់អ្នកសារព័ត៌មានជិត ៥ ពាន់នាក់ក្នុងជំនួបប្រចាំឆ្នាំ ២០២៣ ដោយលើកទឹកចិត្តដល់អ្នកសារព័ត៌មានផ្សព្វផ្សាយនូវការពិតដោយបំពេញតួនាទីតាមវិជ្ជាជីវៈដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកំណែទម្រង់រដ្ឋឱ្យមានតម្លាភាពដើម្បីកសាងសង្គមកម្ពុជាឱ្យមានសុវត្ថិភាព សណ្ដាប់ធ្នាប់ និងសេចក្ដីថ្លៃថ្នូរលើឆាកអន្តរជាតិ។
លោកថ្លែងថា៖ «អ្នកសារព័ត៌មានណាហ៊ានបញ្ចេញការពិតដែលមានភ័ស្តុតាងគ្រប់គ្រាន់ បើសិនជាមានរឿងក្តីខ្ញុំទទួលខុសត្រូវ ទៅលើបញ្ហាការបញ្ជូនមេធាវីការពារក្តីនៅតុលាការ ក៏ប៉ុន្តែខ្ញុំនឹងមិនបញ្ជូនមេធាវីទៅការពារក្តីឱ្យសារព័ត៌មានដែលមួលបង្កាច់គេនោះទេ។ ខ្ញុំទទួលយកការការពារក្តីក្នុងអង្គហេតុ និងអង្គច្បាប់សមស្រប តែខ្ញុំមិនទទួលរឿងក្តីណាដែលអ្នកសារព័ត៌មានទៅបំផ្លាញគេ ហើយមកស្នើឱ្យខ្ញុំបញ្ជូន [មេធាវី] ទៅចូលរួមគឺអត់ទេ»។
លោកថ្លែងថា ស្ថាប័នសារព័ត៌មានត្រូវបង្កើតភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ដោយត្រូវបំពេញតួនាទីជាស្ពានចម្លងផ្សារភ្ជាប់ទំនាក់ទំនងពីស្ថាប័នរដ្ឋទៅប្រជាជន និងពីប្រជាជនទៅស្ថានប័នរដ្ឋវិញ ទាំងកម្មវិធីនយោបាយ ទាំងការអនុវត្តជាក់ស្តែងដែលតម្រូវឱ្យអ្នកសារព័ត៌មានចូលរួមកាន់តែសកម្មថែមទៀត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេស។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវបន្តចូលរួមយុទ្ធនាការប្រយុទ្ធនឹងភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងភាពអយុត្តិធម៌នៅក្នុងសង្គមដើម្បីកសាងកម្ពុជាជាសង្គមមួយដែលស្អាតស្អំ និងមានតម្លាភាព។ អ្នកសារព័ត៌មានក៏ត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិដែលបច្ចុប្បន្នតំណាងសារព័ត៌មានកម្ពុជា ក៏មាននៅក្នុងក្របខ័ណ្ឌស្ថាប័នជាតិអាស៊ានដែលតម្រូវឱ្យស្ថាប័នព័ត៌មានកម្ពុជា ធ្វើការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយកាន់តែសកម្មថែមទៀត។
លោកថ្លែងថា៖ «យើងត្រូវប្រយុទ្ធ ឥឡូវការប្រយុទ្ធរបស់យើងត្រូវយកអ្វី យកការពិតមកបកស្រាយភ្លាម ត្រូវធ្វើឱ្យលឿន ធ្វើឱ្យរហ័ស និងធ្វើឱ្យច្បាស់ មិនអាចទុកឱ្យព័ត៌មានក្លែងក្លាយវាស្ថិតនៅយូរទេ ត្រូវចេញបកស្រាយភ្លាម។ ទាក់ទងផ្នែកណា ផ្នែកហ្នឹងត្រូវចេញមកបកស្រាយភ្លាម»។
លោកថ្លែងថា នៅក្នុងជំនួបអាហារសាមគ្គីរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាននៅឆ្នាំនេះ បានធ្វើឡើងចំពេលខួប ៣៨ ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោកផងដែរ ហើយក្រៅពីអ្នកព័ត៌មាន ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី-ខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន។
ទោះជាយ៉ាងណាក៏ដោយ លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) ថ្លែងនៅថ្ងៃទី ១៥ ខែមករាថា លោកសាទរចំពោះការបង្ហាញឆន្ទៈរបស់លោកនាយករដ្ឋមន្ត្រីក្នុងការបញ្ជូនមេធាវីការពារក្តីសម្រាប់អ្នកសារព័ត៌មានដែលហ៊ានផ្សាយព័ត៌មានដែលបង្ហាញអំពីការប្រព្រឹត្តអំពើពុករលួយ និងចំណុចអសកម្មក្នុងសង្គម។ យ៉ាងណាលោកបានទទូចបន្ថែមទៀត សុំឱ្យរដ្ឋាភិបាលផ្តល់នូវការគាំពារសុវត្ថិភាពឱ្យបានពេញលេញសម្រាប់អ្នកសារព័ត៌មាន កុំទុកដល់ពេលមានបញ្ហារួចហើយទើបបញ្ជូនមេធាវីទៅជួយ។
លោកថ្លែងថា៖ «គួរធានាថាមិនមានអ្នកសារព័ត៌មានណាម្នាក់ត្រូវបានធ្វើទុក្ខបុកម្នេញ ត្រូវបានរារាំង និងទទួលការគំរាមកំហែង។ កន្លងមកមានសមត្ថកិច្ចខ្លះលើកព្រនង់ចង់វាយអ្នកសារព័ត៌មាន ដេញប្រផាប់ចាប់ប្រភីង យកកាមេរ៉ា យកម៉ាស៊ីនថត លុបរូបភាពរបស់អ្នកសារព័ត៌មាន។ ខ្ញុំគិតថាចំណុចហ្នឹងសម្តេចលោកគួរធានាបន្ថែមទៀត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែង ដោយបានណែនាំក្រសួងព័ត៌មានជំរុញឱ្យមានសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានបានចេញនៅអាណត្តិទី៧ នៅក្រោយការបោះឆ្នោតជាតិ ឬអាចប្រាកដនៅចន្លោះឆ្នាំ ២០២៤ ឬ ២០២៥ ខាងមុខ។
លោកថ្លែងថា៖ «ការយឺតយ៉ាវនេះ វាមិនមែនតែរឿងដាច់ដោយឡែក បើយើងគ្រាន់តែប្រាប់សិទ្ធិរបស់រដ្ឋ សម្រាប់ការសម្រេច វាជាការងាយទេ។ វាអត់មានអីលំបាកទេ រដ្ឋមន្ត្រីធ្វើរួចហើយ បញ្ជូនមក គណៈរដ្ឋមន្ត្រីអនុម័តបញ្ជូនទៅសភាអនុម័ត ក៏ប៉ុន្តែយើងចង់ប្រមូលផ្តុំនូវមតិយោបល់ទាំងឡាយ ដើម្បីឱ្យច្បាប់ ១ នេះចេញទៅទទួលបានផលប្រយោជន៍ទាំងអស់គ្នា»។
លោក ហ៊ុន សែន ថ្លែងដោយ កត់សម្គាល់ឃើញថា អង្គការក្រៅរដ្ឋាភិបាលខ្លះបានធ្វើការទាមទារជ្រុលហួសហេតុពេក ដែលការទាមទារហួសហេតុនោះហើយ ដែលទាមទារឱ្យរដ្ឋមន្ត្រីធ្វើការសម្របសម្រួល។ បច្ចុប្បន្នច្បាប់នេះក៏កំពុងតែដំណើរការ នៅក្នុងការពិភាក្សាទាក់ទងនឹងបទល្មើស ដែលត្រូវគាំទ្រដោយក្រសួងយុត្តិធម៌។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងនៅក្នុងជំនួបនេះផងដែរថា ចំពោះការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ក្រសួងព័ត៌មានបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងឆ្លងសេចក្តីព្រាងច្បាប់នេះបានចប់ជាស្ថាពរ និងបានដាក់ជូនក្រសួងយុត្តិធម៌ពិនិត្យផ្តល់យោបល់ និងកែសម្រួលជំពូកដែលពាក់ព័ន្ធបទល្មើសនិងទោសប្បញ្ញត្តិនៅដាច់ឆ្នាំ ២០២០។ នៅចុងឆ្នាំ ២០២១ ក្រុមការងារបច្ចេកទេសក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ បានបញ្ចប់កិច្ចប្រជុំពិភាក្សាពាក់ព័ន្ធបទល្មើស និងទោសប្បញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន បានជាស្ថាពរ ហើយបានដាក់ជូនលោក កើតរិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពិនិត្យ និងសម្រេច។
លោកថ្លែងថា៖ «បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតនៅក្នុងដៃក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងកែសម្រួល។ ទន្ទឹមនេះក្រសួងព័ត៌មាន កំពុងសិក្សារៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ដើម្បីបន្ស៊ីច្បាប់នេះ មានសង្គតិភាពទៅនឹងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនានា ដែលមានជាធរមាន និងបទប្បញ្ញត្តិសេចក្តីព្រាងច្បាប់ថ្មីដែលកំពុងរៀបចំ»។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា ក្រសួងព័ត៌មានក៏បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្លិបអ្នកកាសែតកម្ពុជា សមាគមអ្នកសារព័ត៌មាននានា និងដៃគូពាក់ព័ន្ធ រៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីរបបសារព័ត៌មាន និងបណ្តុះបណ្តាលក្រមសីលធម៌-វិជ្ជាជីវៈ បច្ចេកទេសដល់អ្នកសារព័ត៌មានក្នុងឆ្នាំ ២០២១ ចំនួន៩លើក និងក្នុងឆ្នាំ ២០២២ បានចំនួន ១០ លើក ដើម្បីបង្កើនសមត្ថភាពយល់ដឹងដល់អ្នកសារព័ត៌មានកម្ពុជា។
លោកថ្លែងថា៖ «ក្រសួងព័ត៌មានបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំង លុបបំបាត់ព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយជនឱកាសនិយមក្នុងគោលបំណងបង្កចលាចលនៅក្នុងសង្គមធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយដោយមានការចូលរួមយ៉ាងសកម្មពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងឯកជន»។
លោកថ្លែងថា នៅឆ្នាំ ២០២២ មានសារព័ត៌មានបោះពុម្ពផ្សាយតាមបែបប្រពៃណី រួមមានកាសែត ព្រឹត្តិបត្រ ទស្សនាវដ្ដី ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានសរុបមានចំនួន ៦៦០ អង្គភាព។ គេហទំព័រ និងទូរទស្សន៍អនឡាញ ចំនួន ៨៧៨ អង្គភាព វិទ្យុ FM ដែលកំពុងដំណើរការផ្សាយមានចំនួន ២២០ ស្ថានីយ វិទ្យុជាតិ AM ចំនួន ១ស្ថានីយ ទូរទស្សន៍ ផ្សាយផ្ទាល់ ២០ ស្ថានីយ និងផ្សាយបន្តមានចំនួន ១៦៥ ស្ថានីយ ទូរទស្សន៍ផ្កាយរណបមានចំនួន ២ ស្ថានីយ ទូរទស្សន៍ឌីជីថល ១០ ស្ថានីយកំពុងធ្វើអាជីវកម្ម។ ចំណែកទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងវិទ្យុ ទូរទស្សន៍បរទេសប្រចាំការអចិន្រៃ្តយ៍នៅកម្ពុជា មានចំនួន ២៦ អង្គភាព និងសមាគមអ្នកសារព័ត៌មាន មាន ៥១ អង្គភាព៕