ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់សាធារណរដ្ឋម៉ាល់ឌីវហើយ នាថ្ងៃទី ១៥ ខែមករា ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល ៣ ថ្ងៃនៅប្រទេសនេះ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី ១៧ ខែមករា ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំង ២។
ប្រព័ន្ធផ្សព្វផ្សាយសង្គមលោក ហ៊ុន សែន បញ្ជាក់ថា៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាធ្វើដំណើរទៅដល់សាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ»។
ប្រភពដដែលបន្តថា៖ «វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋម៉ាល់ឌីវនិងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត»។
ប្រព័ន្ធផ្សព្វផ្សាយដដែលបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសម៉ាល់ឌីវនាពេលនេះនឹងផ្ដល់កាលានុវត្តភាព សម្រាប់ភាគីទាំង ២ ធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំង ២។
លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែង នាព្រឹកថ្ងៃទី ១៥ ខែមករា ក្នុងដំណើរអមនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសម៉ាល់ឌីវថា នេះគឺជាទស្សនកិច្ចលើកទី១ បន្ទាប់ពីកម្ពុជា និងម៉ាល់ឌីវ បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការបង្កើតទំនាក់ទំនងជាមួយបណ្តាប្រទេសនានា មិនថា តែប្រទេសតូចឬធំនោះទេ តែកម្ពុជាចង់បង្កើតមិត្ត ដោយមិនចង់ធ្វើសត្រូវជាមួយអ្នកណាឡើយ។
លោកបានថ្លែងថា៖ «យើងត្រូវការកសាងទំនុកចិត្តរួមគ្នាដើម្បីដោះស្រាយបញ្ហាវិបត្តិនៅក្នុងតំបន់ក៏ដូចជាពិភពលោក។ដូច្នេះទំនាក់ទំនង និងការប្រឹងប្រែងរបស់សម្តេចនៅពេលនេះ ពិតជានាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងទាំងនេះថែមទៀត រួមទាំងវិស័យទេសចរណ៍ វិស័យសុខាភិបាល ផងដែរ»។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសបញ្ជាក់កាលពីថ្ងៃទី ១៣ ខែមករាថា គណៈប្រតិភូដែលអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
សេចក្តីប្រកាសព័ត៌មានបន្តថា លោក ហ៊ុន សែន នឹងមានជំនួបជាមួយប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ លោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ដែលក្នុងឱកាសនោះ ទិដ្ឋភាពនានានៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងតំបន់ និងអន្តរជាតិ នឹងត្រូវលើកយកមកពិភាក្សា។ បន្ទាប់ពីជំនួបថ្នាក់ដឹកនាំទាំង ២ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន សែន គ្រោងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយអនុប្រធានាធិបតី ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា បានថ្លែងនៅថ្ងៃទី ១៥ ខែមករាថា ដំណើរទស្សនកិច្ចនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទំនាក់ទំនងការទូតរបស់កម្ពុជា ដោយលោកមើលឃើញថា កម្ពុជាកំពុងដើរលើផ្លូវត្រូវក្នុងគោលនយោបាយការបរទេសចម្រុះពណ៌ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាសម្រាប់កម្ពុជា។
លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសម៉ាល់ឌីវនេះ បង្ហាញពីគោលនយោបាយការបរទេសដ៏ឆ្លាតវៃក្នុងការបង្កើតមិត្តខាងក្រៅ ខណៈពេលដែលកម្ពុជាធ្វើការកែទម្រង់នៅក្នុងប្រទេស។ ដំណើរទស្សនកិច្ចនេះ នឹងជួយពង្រីក និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២៕
វីដេអូ៖