កែបៈ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ដែលជាវិទ្យាល័យ ១ ក្នុងចំណោមវិទ្យាល័យទាំង២របស់ខេត្តកែប កាលពីថ្មីៗនេះបានបន្ថែមការបង្រៀនជំនាញថ្មីៗដល់សិស្សដើម្បីឱ្យពួកគេអាចប្រើបំណិនទាំងនោះ សម្រាប់រកចំណូលផ្ទាល់ខ្លួនក្នុងការបន្តការសិក្សា បន្ទាប់ពីពួកគេបានបញ្ចប់ថ្នាក់វិទ្យាល័យ។
បំណិនទាំងនោះគឺស្ថិតក្រោមគម្រោង STEM Local របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលការដាក់អនុវត្តគម្រោងនេះ ជាការបណ្ដុះបំណិនដល់សិស្សនៅក្រៅម៉ោងសិក្សាបន្ថែម ដើម្បីឱ្យសិស្សអាចមានជម្រើសការងារកាន់តែច្រើន។
បើតាមគ្រូបង្គោល ១ រូប គម្រោង STEM Local ជាគម្រោងផ្ដល់ឱ្យលោកគ្រូ អ្នកគ្រូដែលបានទទួលបំណិននៅក្នុងគម្រោងមួយនេះ យកទៅផ្សព្វផ្សាយបន្តនៅសាលា និងដឹកនាំសិស្សក្នុងការអនុវត្តបំណិនពីវិធីសម្ងួតផ្លែឈើ ដើម្បីរកប្រាក់ចំណូលសម្រាប់សិស្ស បន្ទាប់ពីការសិក្សា។
ក្រៅពីការផ្ដល់បំណិននេះដល់សិស្សហើយ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស គឺបានបង្កើតកម្មវិធីនាំសិស្សឱ្យសន្សំប្រាក់សម្រាប់បម្រុងទុកនៅពេលដែលពួកគេត្រូវបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យទៀតផង។
លោក រិន ប៊ុនរដ្ឋ ដែលជាគ្រូបង្រៀន១រូបនៅវិទ្យាល័យនេះបានឱ្យដឹងថា លោកមានភារកិច្ចជាគ្រូបង្គោលក្នុងការដឹកនាំសិស្សសម្ងួតផ្លែឈើ រួមជាមួយនឹងគ្រូបង្គោលចំនួន៣រូបផ្សេងទៀត ហើយក្រៅពីបំណិនសម្ងួតផ្លែឈើនេះ សាលាមានបំណិនផ្សេងទៀតដូចជា ការផលិតទឹកសណ្ដែក នំឃុកឃី និងការចិញ្ចឹមមាន់ដែលជាគម្រោងរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម។
លោក រិន ប៊ុនរដ្ឋ បានបញ្ជាក់ថា៖ «មុននឹងក្លាយជាគ្រូដឹកនាំ ខ្ញុំបានទទួលការបណ្ដុះបណ្ដាលទាក់ទងនឹងបំណិនសម្ងួតផ្លែឈើដូចជា ស្វាយ និងប៉េងប៉ោះជាដើម។ សម្រាប់បំណិននេះ ខ្ញុំយល់ថាល្អដល់សិស្ស ពីព្រោះ ក្រៅពីម៉ោងសិក្សារដ្ឋ សិស្សអាចឆ្លៀតពេលរកប្រាក់ចំណូលបន្ថែមក្នុងការកាត់បន្ថយការចំណាយពីគ្រួសារបាន»។
ដោយឡែក ចំពោះបំណិននេះ សាលាមានបង្រៀនត្រឹមតែ ២ ទៅ ៤ ម៉ោងប៉ុណ្ណោះ ហើយអនុវត្តជាក់ស្ដែងយកតែម្ដង។ រីឯសិស្សដែលចូលរៀនហើយយកទៅអនុវត្តនោះគឺធ្វើទៅតាមគោលការណ៍ស្ម័គ្រចិត្តដោយគ្រូបង្គោលរូបនេះអះអាងថា កន្លងមកមានសិស្សចាប់អារម្មណ៍ច្រើន។
យ៉ាងណាមិញ ផលិតផលដែលសិស្សធ្វើដំបូងនឹងត្រូវលក់ឱ្យសិស្សនិងលោកគ្រូ-អ្នកគ្រូនៅក្នុងសាលា មុននឹងឈានចូលទៅក្នុងទីផ្សារ ប៉ុន្តែយ៉ាងណា លោក រិន ប៊ុនរដ្ឋ ក៏បានបញ្ជាក់ផងដែរថា ការកែច្នៃផ្លែឈើកំពុងស្ថិតក្នុងការផលិតដែលមានទំហំតិចតួចនៅឡើយ មិនទាន់មានទីផ្សារនាំចេញលក់ក្រៅសាលានៅឡើយទេ។
ម្យ៉ាងទៀត ដោយសារតែបញ្ហាទីតាំងផលិត និងការរក្សាទុកផលិតផលមិនទាន់មានស្ដង់ដា ខណៈបច្ចុប្បន្នភាគីពាក់ព័ន្ធកំពុងខិតខំពង្រឹងគុណភាព។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកគ្រូបង្គោល រិន ប៊ុនរដ្ឋ ។
កញ្ញា ហ៊ លីកា សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស និងជាអ្នកដែលបានចូលរៀនបំណិននេះ បានឱ្យដឹងថា កញ្ញាបានរៀនផ្នែកសម្ងួតស្វាយ និងប៉េងប៉ោះ ដែលមកទល់ពេលនេះ កញ្ញាបានចូលរួមអនុវត្តអស់រយៈពេល៥ខែហើយ។
យុវសិស្សរូបនេះប្រាប់ថា៖ «ផលិតផលរបស់ពួកខ្ញុំលក់ចេញបានខ្លះៗហើយ ដោយក្រុមរបស់ពួកខ្ញុំជាអ្នកលក់ផ្ទាល់តែម្ដង។ សម្រាប់ការសន្សំប្រាក់ គឺខាងសាលារបស់ខ្ញុំនឹងមានវិធានការសន្សំសម្រាប់សិស្សក្នុងការបន្តការសិក្សា ដែលពេលនេះកំពុងតែពិភាក្សាគ្នារវាងសិស្ស និងលោកគ្រូនាយក»។
កញ្ញា ហ៊ លីកា បានបង្ហាញការយល់ឃើញថា កម្មវិធីបណ្ដុះបំណិននេះ គឺជារឿងដែលល្អ ដោយសារតែវាអាចជួយផ្តល់បទពិសោធន៍ថ្មីៗដល់សិស្ស ជួយឱ្យសិស្សរកប្រាក់ចំណូលបានបន្ថែមទៀត ជួយឱ្យសិស្សចេះធ្វើទីផ្សារដោយខ្លួនឯង ឱ្យសិស្សមានជំនាញផ្ទាល់ខ្លួន និងជាពិសេសជួយឱ្យសិស្សចេះសន្សំប្រាក់ទុកបន្តការសិស្សនៅពេលខាងមុខទៀត។
ជាមួយគ្នានេះ លោក ឡឹក ហាប់ នាយកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស បានឱ្យដឹងថា សកម្មភាពបង្រៀនបំណិនដល់សិស្សនេះ ត្រូវបានធ្វើឡើងកាលចុងឆ្នាំ២០២២ ដោយសារមើលឃើញថា សិស្សនឹងអាចរកប្រាក់ចំណូលបន្ថែមពីការសិក្សាបាន។
ជាមួយគ្នានេះ លោក ឡឹក ហាប់ ក៏បានអំពាវនាវឱ្យមានការចូលរួមគាំទ្រផលិតផលរបស់សាលា ដែលស្មើនឹងការជួយគាំទ្រដល់សិស្សក្នុងការរកប្រាក់ចំណូលសម្រាប់រៀនបន្ត។ សម្រាប់ សហគមន៍ លោកក៏សុំឱ្យមានការចូលរួមជាទុនឬជាវិភាគទានដើម្បីទ្រទ្រង់សកម្មភាពមួយនេះឱ្យរលូននិងជួយផ្សព្វផ្សាយពីការធ្វើនំ ធ្វើទឹកសណ្ដែក ចិញ្ចឹមមាន់ ក៏ដូចជាជួយរកទីផ្សារក្នុងសហគមន៍ឱ្យជួយទិញផលិតផលពីសិស្សានុសិស្សដែលផលិតបានផងដែរ៕