​ភ្នំពេញៈ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) នៅ​ថ្ងៃទី​ ១៦ ខែមករា ឆ្នាំ​ ២០២៣ បាន​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដោយបាន​ផ្សព្វផ្សាយ​ប្រតិទិន នៃ​ការបោះឆ្នោត​លើក​ទី​១ (​ការបោះឆ្នោត​ឡើងវិញ​) ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ដែល​បង្កើត​ថ្មី​ក្នុង​ឆ្នាំ​ ២០២៣​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គជប នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ បានឱ្យដឹងថា ក្រុមប្រឹក្សា​ក្រុង​ដែល​ទើប​បង្កើត​ថ្មី មាន​ក្រុង​អរិយ​ក្សត្រ ក្រុង​សំពៅ​ពូន នៃ​ខេត្តកណ្ដាល​។ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ស្រុក​សាមគ្គី​មុនី​ជ័យ នៃ​ខេត្តកំពង់ស្ពឺ និង​ស្រុក​អូរ​គ្រៀង​សែន​ជ័យ នៃ​ខេត្តក្រចេះ​។

​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​បានឱ្យដឹងថា​៖ «​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ នេះ អ្នក​ដែលមាន​សិទ្ធិ​បោះឆ្នោត​បាន គឺ​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​តំណែង​ដែល​ស្ថិតនៅក្នុង​ក្រុង ស្រុក ខណ្ឌ​នោះ​ប៉ុណ្ណោះ​»​។​

​ សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​បញ្ជាក់ថា រាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃអាទិត្យ ទី​៩ ខែមេសា ឆ្នាំ​២០២៣ ជា​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ទាំងនេះ​។​

​លោក កន សាវា​ង្ស អ្នកសម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល ថ្លែងថា អង្គការ​របស់លោក មិនទាន់​សម្រេចចិត្ត​ក្នុងការ​ចូលរួម​ដាក់​ភ្នាក់ងារ​របស់ខ្លួន​សម្រាប់​ការបោះឆ្នោត​នេះ​ទេ ប៉ុន្តែ កន្លងមក ធ្លាប់បាន​ចូលរួម​ដាក់​ភ្នាក់ងារ​អ្នកសង្កេតការណ៍​ជា​ហូរហែ​មកហើយ​។​

​ លោក​បន្តថា​៖ «​ខុមហ្វ្រែល​ជួយ​ដល់​ការបណ្តុះបណ្តាល​លើ​ផ្នែក​សង្កេតការណ៍​បោះឆ្នោត​ទៅដល់​គណបក្សនយោបាយ​ណា​ដែលមាន​ការស្នើសុំ​ដើម្បី​ជំរុញ​ឱ្យ​ដំណើរការ​បោះឆ្នោត​ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​»​។​

​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២២ រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ចំនួន​៤ ដោយ​បង្កើត​ក្រុង​អរិយ​ក្សត្រ និង​ក្រុង​សំពៅ​ពូន នៃ​ខេត្តកណ្តាល បង្កើត​ស្រុក​អូរ​គ្រៀង​សែន​ជ័យ នៃ ខេត្តក្រចេះ និង​បំបែក​ស្រុក​ឧដុង្គ នៃ​ខេត្តកំពង់ស្ពឺ​ជា​២ គឺ​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ និង​ស្រុក​សាមគ្គី​មុនី​ជ័យ​៕