ភ្នំពេញ: ​វិទ្យាស្ថាន​តេ​ជោ​សែន នៃ​ក្រសួង​​សាធារណការនិង​ដឹកជញ្ជូន និង​​ក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​រាប់រយ​​កន្លែង ដល់​​សិស្សានុសិស្ស​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទុតិយ​ភូមិ​ឆ្នាំ​សិក្សា ២០២២ កន្លងទៅ។

​វិទ្យាស្ថាន​តេ​ជោ​សែនបាន​រៀបចំ​កម្មវិធី ​TSI Open Day កាលពី​ថ្ងៃទី ១៤ ខែ​មករា ឆ្នាំ ២០២៣ ដើម្បី​ផ្សព្វផ្សាយ​​ដល់​​សិស្សានុសិស្សអំពី​ជំនាញ​សិក្សា​នៅ​វិទ្យាស្ថានជាមួយ​ឱកាស​អាហារូបករណ៍ ​៥០ ភាគរយ​ សម្រាប់​សិស្ស​ស្រី និង​ ១០០ ភាគរយ​​សម្រាប់​​សិស្សានុសិស្សដែលទទួល​​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​ ៥០ នាក់​។

​យោងតាមក្រសួង​​សាធារណការបាន​ឱ្យ​ដឹង​ថា ​លោក​ ហឿន សំនៀង នាយក​វិទ្យាស្ថាន​ មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុងការ​ផ្ដល់​ការបណ្តុះបណ្តាល​ដែលមាន​ជំនាញ​ច្បាស់លាស់​ចំណេះដឹង​ទូលំទូលាយ​ដែល​អាច​ធ្វើការ​ជាមួយ​អ្នកដទៃ​បានព្រមទាំង​មាន​សីលធម៌អត្ត​ចរិតនិង​គុណ​តម្លៃ​ខ្ពស់ក្នុងឋានៈ​ជា​អ្នក​បន្តវេន​ដ៏​មាន​សក្តានុពល​ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​វាសនា​អនាគត​របស់​កម្ពុជា​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ដឹកជញ្ជូននិង​​ភ័ស្តុភា​កម្ម​។​

លោកត្រូវ​បាន​ស្រង់​សម្ដីថា​៖ «​​ដើម្បី​អាច​ទទួលបាន​អាហារូប​ករណ៍​ ១០០% ពី​វិទ្យាស្ថាន​តេ​ជោ​សែនសាធារ​ណការ ​ត្រូវដាក់​ពាក្យ​ប្រឡង​ចូល​ជា​និស្សិត​ជំនា​ន់ទី​៣តាម​ប្រព័ន្ធ​អន​ឡាញ»។

សូមចូល​ទៅកាន់​ក្រុម​តេឡេ​ក្រាម​ប្រឡងជំនាន់​ទី៣: https://t.me/tsipwt2023 សម្រាប់​ការ​សាក​សួរ​ព័ត៌មាន​ផ្សេងៗ​ទាក់ទង​នឹង​ការ​ប្រឡង​យក​អាហារូប​​ករណ៍​​។

​មុខជំនាញ​ចំនួន​៦ដែល​​វិទ្យាស្ថាន​តេ​ជោ​សែនសាធារណការ ផ្ដល់​ជូន​ដល់​សិស្សានុសិស្ស​ ​​រួមមាន ១-ជំនាញ​សំណង់​ផ្លូវថ្នល់ផ្លូវ​ល្បឿន​លឿន ស្ពាន ផ្លូវដែក និង​កំពង់ផែ។ ២-ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់។ ៣-សេដ្ឋកិច្ចនិង​ការគ្រប់គ្រង​ដឹកជញ្ជូន​ផ្លូវគោក។ ៤-គ្រប់គ្រង​ភ័ស្តុភា​រកម្មនិង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់។ ៥-អ្នកបើកបរ​នាវា និង ៦-ម៉ាស៊ីន​នាវា​។

យុវសិស្ស​ ​ចាន់ថន ម៉េង​ហាក់ ជា​សិស្ស​បញ្ចប់​ថ្នាក់​ទុតិយភូមិ​នៅ​សាលា​ជំនាន់​ថ្មី E2stem Education​ ប្រឡង​ជាប់​​និទ្ទេស​ D​​ បាន​ដាក់​ពាក្យ​ប្រឡង​អាហារូប​ករណ៍នៅ​​វិទ្យាស្ថាន​តេ​ជោ​សែនសាធារ​ណការ​និង​ដឹកជញ្ជូនក្នុង​មុខវិជ្ជា​ជំនាញ​សេដ្ឋកិច្ច និង​​គ្រប់គ្រង​ការដឹក​ជញ្ជូន​ផ្លូវ​គោក​។​

​ម៉េង​ហាក់បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​​​វា​ជា​ឱ​កាស​ដ៏​ល្អ​មួយ​ ក្នុងការ​ចាប់យក​ជំនាញ​មួយ​យ៉ាង​ជាក់លាក់សម្រាប់​តម្រូវ​ការ​នៃ​ទីផ្សារការងារ​ផង និង​ត្រូវ​តាម​ជំនាញ​ដែល​ខ្ញុំ​ស្រឡាញ់​ផងដែរ​។ ដោយ​ក្រោយ​ការបញ្ចប់​ការសិក្សា​ជំនាញ សិស្ស​ភាគច្រើន​អាច​ចាប់យក​ឱ​កាស​បម្រើ​ការងារ​ ក្នុង​ក្រសួង​សាធារណការ​ផ្ទាល់​តែម្ដង​​ ជាពិសេស​ការប្រឡង​យក​អាហា​រូប​ករ​ណ៍មួយ​នេះ​អាចជួយ​សម្រួល​ជីវភាព​គ្រួសារ​ខ្ញុំ​បាន​ច្រើន​ណាស់​»។​

ការ​​ទទួល​ពាក្យ​នឹងផុតកំណត់​នៅ​ថ្ងៃទី ១ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ​ហើយ​នេះជា​តំណភ្ជាប់​សម្រាប់​បេក្ខជន​មាន​បំណង​ចូលរួម​ប្រឡង​ដណ្ដើម​យក​អាហារូបក​រណ៍​ទាំង ៦ មុខ​ខាង​លើ​ https://exam.tsipwt.edu.kh/#/auth/register ឬតាម​ទូរស័ព្ទ​០៧៨ ២១០ ២២១។

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគ​មន៍​​ ក៏បាន​ប្រកាស​ផ្តល់ «អាហារូប​ករណ៍​ទេពកោសល្យ​ឌីជីថល​តេ​ជោ» (Techo Digital Talent Scholarship) ថ្នាក់​បរិញ្ញា​បត្រ​រហូត​ដល់​ ៥០០​ កន្លែង​​ សម្រាប់​ឆ្នាំ​សិក្សា​ ២០២៣​ នេះ​ផងដែរ។

​«អាហារូប​ករណ៍​ទេពកោសល្យ​ឌីជីថល​តេ​ជោ» ត្រូវបាន​ផ្ដល់​ជូន​​សិស្សានុសិស្ស​ពី​សំណាក់​លោក​នាយក​រដ្ឋ​មន្ដ្រីសម្រាប់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ​តាំងពី​ឆ្នាំ​ ២០២០​ តាម​រយៈ​ក្រសួង​ប្រៃ​សណីយ៍​។

យោងតាម​ក្រសួង​ប្រៃសណីយ៍​ឱ្យ​ដឹងថា​ ​​កម្មវិធី​អាហារូបករណ៍​នេះបាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អ​ប្រសើរ ដោយ​ទទួល​បាន​សិស្ស​ចំនួន ២៥០ ​នាក់​ ជ្រើស​រើស​ចេញពី​សិស្ស​ឆ្នើម​ទូទាំង​ប្រទេស​។

ក្រសួង​បាន​បន្ដថា ដោយ​មើលឃើញ​អំពី​ភាពជោគជ័យ​នៃ​កម្មវិធី​អាហារូប​ករណ៍​ទេព​កោសល្យ​ឌីជី​ថល​តេ​ជោបាន​សម្រេច​ផ្តល់​អាហារូប​ករណ៍​សម្រាប់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​រហូតដល់ ៥០០​ កន្លែង នៅ​គ្រឹះ​ស្ថាន​​ឧ​ត្ត​ម​សិក្សា​រដ្ឋ និង​ឯកជន​ចំនួន​ ៤ រួមមាន​​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT) សាក​លវិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ (RUPP) វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (ITC) និង​សាក​លវិទ្យាល័យ​អាមេ​រិកាំង​ភ្នំពេញ (AUPP)​។​

កញ្ញា​ហេង សុខចេង​អាយុ​ ២០ ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី២ នៃ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT) ដែល​ទទួល​ភារកិច្ចជា​អ្នក​ផ្ដល់​ព័ត៌មាន​បាន​ឱ្យ​ដឹងថា រហូត​ដល់​ព្រឹក​ថ្ងៃទី ១៦ ​ខែមករា មាន​សិស្សានុសិស្ស​ដាក់​ពាក្យ​ប្រឡង​ប្រមាណ​ ១​ ពាន់​នាក់​រួច​ហើយ​។

កញ្ញា​បាន​ឱ្យដឹង​​​អំពី​លក្ខខណ្ឌសម្រាប់​បេក្ខជន​ថា​៖ «​​បេក្ខជនបេ​ក្ខ​នារី​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការប្រឡងប្រជែង​ដែល​រៀបចំ​ដោយ​គណៈកម្មការ​អាហារូបករណ៍ដោយ​ត្រូវ​ជា​​សិស្ស​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​ ២០២២ ដែល​មាន​​និទ្ទេស​រួម A B ឬ C ក៏ដូចជាឆ្លងកាត់​ការប្រឡង​ប្រជែង​លើ​វិញ្ញាសា​គណិតវិទ្យា តក្ក​វិទ្យា និង​ភាសា​អង់គ្លេស​។ សិស្ស​ដែលមាន​ជីវភាព​ក្រីក្រមកពី​ជនបទ​ដាច់​ស្រយាល ជន​មាន​ពិការភាព និង​សិស្ស​នារី​ត្រូវបាន​លើកទឹកចិត្ត​»។

ទាក់ទង​នឹង​តួលេខ​បេក្ខជន ១ ពាន់​នាក់​នេះ អ្នក​នាង សាយ សុភា មន្ដ្រី​កម្មវិធី​ថ្នាក់​មូលដ្ឋានបាន​ឱ្យ​ដឹង​ថានេះ​ជា​ចំនួន​បេក្ខជន​ដែល​បាន​និង​កំពុង​ដាក់​ពាក្យ​​ចូលរួម​ប្រឡង​នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT) សាកល​វិទ្យា​ល័យ​​ភូមិន្ទ​​ភ្នំពេញ (RUPP) វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (ITC) ប៉ុណ្ណោះ​។

អ្នក​នាងបាន​ឱ្យ​ដឹងថា​៖ «​ចំណែក​ឯ​ ​សាកល​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP)​ទទួលពាក្យ​បេក្ខជននិង​ធ្វើ​ការ​រៀបចំ​ប្រឡង​ជ្រើស​រើស​បេក្ខជន​ដោយ​ខ្លួន​ឯង​»។

​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេ​ជោ​ ផ្តល់ជូន​ដល់​និស្សិត​សម្រាប់​សិក្សា​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ដែល​មាន​ជំនាញ​​​​ដូចខាង​ក្រោម​៖ បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​​ឌីជីថល​កម្ពុជា (CADT) ទូរគមនា​គមន៍និង​បណ្តាញ (Telecoms and Networking)​ វិទ្យា​សាស្ត្រ​កុំព្យូទ័រ (Computer Science) និង​ធុរកិច្ច​ឌីជីថល (Digital Business)។

​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ផ្ដល់​មុខ​វិជ្ជាវិទ្យា​សាស្ត្រ​កុំព្យូទ័រ (Computer Science) ទូរគមនា​គមន៍និង​អេឡិច​ត្រូនិក (Telecoms and Electronic)និង​បច្ចេក​វិទ្យា​ព័ត៌មាន (Information Technology)។

​ចំណែក​ឯវិទ្យាស្ថាន​បច្ចេក​វិទ្យា​ក​ម្ពុ​ជា (ITC) មាន​វិស្វករ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនា​គមន៍ (Information and Communication Engineering)អេឡិច​ត្រូ​និក​និង​ទូរគមនា​គមន៍ (Electronic and Telecoms)។

​​សាកល​វិទ្យា​ល័យ​​អាមេរិកាំង​ភ្នំពេញ (AUPP) មាន​បច្ចេកវិទ្យា​ក្លោដ (Cloud Computing)សន្តិសុខ​សាយ​ប័​រ (Cybersecurity) អភិវឌ្ឍន៍​សូហ្វ​វែ​រ (Software Development) គ្រប់គ្រង​បច្ចេកវិទ្យា​ព័ត៌មាន (Information Technology Management) បច្ចេក​វិទ្យា​គមនា​គមន៍​និង​ព័ត៌មាន (Information and Communications Technology)​ និង​សាកល​វិទ្យា​ល័យ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​ជាច្រើន​ទៀត​។​

​បេក្ខជន​​​ចុះឈ្មោះ​ប្រឡង​ត្រូវ​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ www.cadt.edu.kh/scholarship ចាប់​ពីថ្ងៃ​​នេះ​រហូតដល់​ថ្ងៃទី ​២៧ ​ខែមករា ឆ្នាំ​ ២០២៣​៕