ភ្នំពេញៈ កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ បានធ្វើការឃាត់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ទៅតាមដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការចោទ «ចេញសែកដោយគ្មានសាច់ប្រាក់ចំនួន ៥ សន្លឹក» ទៅតាមបណ្តឹងរបស់ក្រុមហ៊ុនឯកជន ១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ឈ្មោះ ថាច់ សេដ្ឋា ត្រូវបានឃាត់ខ្លួន ដោយអនុវត្តទៅតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញលេខ ៣៨ "ឈ១” ព្រ.ទ ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣។
សេចក្តីប្រកាសព័ត៌មានដដែលសរសេរថា នៅក្នុងដំណាក់កាលស៊ើបសួរជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ខកខានមិនបានចូលខ្លួនបំភ្លឺតាមដីកាបង្គាប់ឱ្យចូលខ្លួនចំនួន ២ លើករបស់ចៅក្រមស៊ើបសួរចុះថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ និងដីកាបង្គាប់ឱ្យចូលខ្លួនចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ ដោយពុំមានមូលហេតុ។
អ្នកនាំពាក្យនៃអយ្យការបានបញ្ជាក់ថា៖«រហូតមកដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ចៅក្រមស៊ើបសួរបានសម្រេចចេញដីកាបង្គាប់ឱ្យនាំខ្លួន លើជនជាប់ចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយតាមនីតិវិធី។ ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យលើភ័ស្តុតាងនានា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទ ថាច់ សេដ្ឋា»។
ទោះយ៉ាងណា នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មិនបានបញ្ជាក់លម្អិត អំពីមូលហេតុនៃការចេញសែកគ្មានសាច់ប្រាក់ ដែលនាំឱ្យមានការឃាត់ខ្លួន អនុប្រធានគណបក្សភ្លើងទៀនរូបនេះទេ ដោយគ្រាន់តែប្រាប់យ៉ាងខ្លីថា កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ តំណាងអយ្យការបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន រិន ឆាយ ផនសប បានប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន ៥ សន្លឹក)»។
ភ្នំពេញ ប៉ុស្តិ៍ មិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុន រិន ឆាយ ផនសប និងមេធាវីរបស់លោក ថាច់ សេដ្ឋា ដើម្បីធ្វើការអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ នៅព្រឹកថ្ងៃទី ១៧ ខែមករានេះ៕