ភ្នំពេញៈ ក្រសួងសាធារណការនិងដឹកជញ្ជូននៅព្រឹកថ្ងៃទី ១៧ ខែមករា បានសហការជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមេនូឡាយហ្វ៍ខេមបូឌា ប្រកាសបើកយុទ្ធនាការ «លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងប្រទេស» ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម ឆ្នាំ ២០២៣ ដើម្បីបង្ការអ្នកប្រើប្រាស់ផ្លូវដែលងាយរងគ្រោះ។
យុទ្ធនាការនេះបានចាប់ផ្តើមជាមួយនឹងការផ្សព្វផ្សាយផ្ទាំងបដាចំនួន ៣៥០ ផ្ទាំង ដែលគាំទ្រថវិកាដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមេនូឡាយហ្វ៍ខេមបូឌា និងបានរំលេចនូវខ្លឹមសារស្ដីពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ធំៗចំនួន ៧ ប្រធានបទ រួមមាន ការបើកបរលើសល្បឿនកំណត់ ការមិនពាក់មួកសុវត្ថិភាព ការជែងឬវ៉ាគ្នានិងសារៈសំខាន់នៃសិទ្ធិអាទិភាពលើដងផ្លូវ ការគាំទ្រសត្វចិញ្ចឹមឆ្លងកាត់ផ្លូវ និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស។
លោកស្រី មីន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និង វៀតណាម នឹងចូលមកដល់។ ទោះជាពិធីបុណ្យនេះមិនផ្លូវការសម្រាប់ប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែគេតែងសង្កេតឃើញជារៀងរាល់ឆ្នាំ មានគ្រួសារមួយចំនួនបានជួបជុំគ្នា ដើម្បីប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីចិន និងវៀតណាមនៅទូទាំងប្រទេសកម្ពុជា។
លោកស្រី មាណវី ដែលជាអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរនោះ បានបន្តថា៖ «ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីចិន និងវៀតណាមខាងមុខនេះ នៅតាមដងផ្លូវកាន់តែមានភាពមមាញឹក និងកាន់តែប្រឈមនឹងគ្រោះថ្នាក់ ដោយសារមនុស្សធ្វើដំណើរដោយប្រញាប់ប្រញាល់...»។
របាយការណ៍របស់នាយកដ្ឋានចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា កាលពីឆ្នាំ ២០២២ មានមនុស្សចំនួន ២៥ នាក់បានស្លាប់ និង ៤៩ នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម។
លោកស្រី មាណវី បានបន្ថែមថា៖ «នៅថ្ងៃនេះ យើងបានជួបជុំជាមួយដៃគូរបស់យើងគឺ មេនូឡាយហ្វ៍ ខេមបូឌា និងអង្គការមូលនិធិបង្ការរបួសអាស៊ី ដើម្បីរួមសហការគ្នាបើកយុទ្ធនាការផ្សព្វផ្សាយអប់រំពីសុវត្ថិភាពចរាចរណ៍ ដោយប្រើប្រាស់ផ្ទាំងបដាវែង ដែលមានសារដាស់តឿនដល់អ្នកប្រើប្រាស់ផ្លូវអំពីគ្រោះថ្នាក់ដែលកើតមានឡើងនៅតាមដងផ្លូវ។ តាមរយៈយុទ្ធនាការនេះ យើងរំពឹងថា អត្រាស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវៀតណាមនៅឆ្នាំនេះនឹងមានការថយចុះ »។
ជាមួយគ្នានេះ លោកស្រីបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវនៅកម្ពុជាសូមចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ដោយត្រូវពាក់មួកសុវត្ថិភាពជានិច្ចពេលជិះម៉ូតូ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង និងមិនត្រូវបើកបរហួសល្បឿនកំណត់ ជាដាច់ខាត។
យ៉ាងណាក៏ដោយ លោក គឹម បញ្ញា នាយកអង្គការមូលនិធីបង្ការរបួសអាស៊ី បានថ្លែងថា ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃខាងមុខនេះ ទាមទារឱ្យគ្រប់ភាគីទាំងអស់ចូលរួមអនុវត្តច្បាប់ចរាចរណ៍ និងត្រូវមានភាពយោគយល់ អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកក្នុងពេលបើកបរ។
លោកថ្លែងថា៖ «ការផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ វាជាផ្នែកមួយនៃការរួមចំណែក ក្នុងការកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺអ្នកបើកបរ ត្រូវរៀនពីជំនាញ បើកបរឱ្យបានត្រឹមត្រូវ ហើយសមត្ថកិច្ចត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានពេញលេញ និងម៉ឺងម៉ាត់បំផុត»។
លោកស្រី កាន់ ណារ៉ា នាយិកាគ្រប់គ្រងនាយកដ្ឋានអតិថិជន និងទីផ្សារ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមេនូឡាយហ្វ៍ខេមបូឌា បានថ្លែងថា ក្រុមហ៊ុនបានគាំទ្រផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាំងពីក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មក្នុងឆ្នាំ ២០១២មក តាមរយៈកិច្ចសហការជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ីក្នុងកម្មវិធី «មួកសុវត្ថិភាពសម្រាប់គ្រួសារ»។
លោកស្រីបានបន្តថា៖«តាមរយៈកិច្ចសហការកន្លងមកនេះ ក្រុមហ៊ុនបានផ្តល់មួកសុវត្ថិភាពដែលមានគុណភាពចំនួនជិត ៨ ០០០ មួក ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង អាណាព្យាបាលសិស្ស ផ្តល់ការអប់រំ និងជំនាញស្តីពីសុវត្ថិភាពចរាចរណ៍ ដល់សិស្សានុសិស្សចំនួនជាង ៦ ០០០ នាក់ លោកគ្រូ អ្នកគ្រូចំនួនជាង ៣០០ នាក់ និងអាណាព្យាបាលសិស្សចំនួនជិត ២ ម៉ឺននាក់ នៅទូទាំងប្រទេសកម្ពុជា ហើយកុមារជាង ១៧០ នាក់ ត្រូវបានសង្គ្រោះពីការរង របួសក្បាលធ្ងន់ធ្ងរតាមរយៈកម្មវិធីនេះ»។
បើតាមលោកស្រី កាន់ ណារ៉ា ក្រុមហ៊ុនបានចំណាយថវិកាជាង ៤ លានដុល្លារអាមេរិករួចមក ហើយគិតចាប់ពីឆ្នាំ ២០១២ មក ក្នុងសកម្មភាពគាំទ្រសហគមន៍កម្ពុជា រួមមាន ការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការចែកមួកសុវត្ថិភាព ការឧបត្ថម្ភព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ការរៃអង្គាសថវិកាដល់មន្ទីរពេទ្យកុមារ និងកម្មវិធីនានាជាច្រើនទៀត។
ជាមួយការចងបង្ហាញនៅតាមផ្លូវសំខាន់ៗនូវបដាវែងដែលមានរំលេចនូវសារអប់រំពីសុវត្ថិភាពចរាចរណ៍នៅលើដងផ្លូវនេះ ត្រូវបានគេរំពឹងថា នឹងចូលរួមជួយបង្ការគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយការធ្វេសប្រហែស៕