ភ្នំពេញៈ មេដឹកនាំ​កម្ពុជា​-​ម៉ា​ល់​ឌី​វ បាន​ឯកភាពគ្នា​លើ​កិច្ច​សហប្រតិបត្តិ​ការបន្ថែម​ទៀត ដែល ប្រទេស​ទាំង​ ​២ គួរតែ​សហការគ្នា ឱ្យ​កាន់តែ​ជិតស្និទ្ធ​ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ ដើម្បី​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​រួម ខណៈ​កម្ពុជាចាត់ទុក​ប្រទេស​ម៉ា​ល់​ឌី​វ ជា​ដៃគូ​ដ៏​សំខាន់​នៅក្នុង​តំបន់​។​

​ការឯកភាព​គ្នា​នេះ​បានធ្វើ​ឡើង​ក្នុងជំនួប កាលពី​ថ្ងៃទី​ ១៦ ខែមករា រវាង​លោក​អ៊ីប្រា​ហ៊ីម ម៉ូ​ហា​មេ​ដ សូលី (Ibrahim Mohamed Solih) ប្រ​ធានា​ធិបតី​ម៉ា​ល់​ឌី​វ និង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ឱកាសលោក បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ ៣​ ថ្ងៃ ពីថ្ងៃ​ទី​ ១៥-១៧ ខែមករា​។​

​ក្នុងជំនួប​នា​ថ្ងៃនោះ មេដឹកនាំ​ទាំង​ ២ ​បាន​ពិនិត្យឡើងវិញ​ពី​ទំនាក់ទំនង​ទ្វេភាគី​លើ​គ្រប់​វិស័យ រួមទាំង​ការស្វែងរក​មធ្យោបាយ​ថ្មី ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និង​ការអភិវឌ្ឍ​ធនធានមនុស្ស​។ មេដឹកនាំ​ទាំង​ ២ ក៏បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ផលប្រយោជន៍​ទៅវិញទៅមក​។​

​សេចក្តីថ្លែងការណ៍​រួម​រវាង​ម៉ា​ល់​ឌី​វ និង​កម្ពុជា នា​ថ្ងៃទី​ ១៦ ខែមករា បញ្ជាក់ថា​៖ «​ថ្នាក់ដឹកនាំ​ទាំង​ ២ បាន​សម្តែង​នូវ​សេចក្តី​ពេញចិត្ត​ចំពោះ​ការរីកចម្រើន​នៃ​កិច្ច​សហ​​ប្រតិបត្តិការ​ពហុភាគី រវាង​ម៉ា​ល់​ឌី​វ និង​កម្ពុជា និង​បាន​ឯកភាពគ្នា​ថា តំណាង​នៃ​ប្រទេស​ទាំង​ ២ គួរតែ​សហការគ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ​នានា រួមទាំង​វេទិកា​អង្គការ​សហ​ប្រជា​ជាតិ ដើម្បី​សន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍ​ប្រកបដោយ​​ចីរភាព និង​វិបុលភាព​រួម​»​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចាត់ទុក​ប្រទេស​ម៉ា​ល់​ឌី​វ ជា​មិត្ត​ជិតស្និទ្ធ និង​ជា​ដៃគូ​ដ៏​សំខាន់​របស់​កម្ពុជា​នៅក្នុង​តំបន់​។ មេដឹកនាំ​ទាំង ​២ បានបង្ហាញ​បំណង​ឱ្យមាន​ការរៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​លើកដំបូង រវាង​ក្រសួង​ការបរទេស​របស់​ប្រទេស​ទាំង​ ២ ​ឱ្យបាន​ឆាប់​។

​សេចក្តីថ្លែងការណ៍​រួម​បញ្ជាក់ថា​៖ «​ថ្នាក់ដឹកនាំ​ទាំង​ ២ ​បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច និង​ការពិគ្រោះ​យោបល់​កម្រិត​ខ្ពស់​ជា​ទៀងទាត់ ដែល​នឹង​លើកកម្ពស់​វិធី និង​មធ្យោបាយ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​ដែលមាន​សក្តា​​នុព​ល សម្រាប់​ផលប្រយោជន៍​នៃ​ប្រជាជាតិ​ទាំង​ ២»​។​

​បើតាម​ប្រភព​ដដែល លោក​​សូលី បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា កម្ពុជា​នឹង​បន្ត​គាំទ្រ​កិច្ចប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​ម៉ា​ល់​ឌី​វ ក្នុង​ការចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​ក្នុងជំនួប​ជាមួយ​លោក ​ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៦ មករា នោះដែរ លោក Abdulla Shahid រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម៉ា​ល់​ឌី​វ អះអាង សាជាថ្មី​ពី​ទស្សនៈ​របស់​រដ្ឋា​ភិ​បាល​ម៉ា​ល់​ឌី​វ ថា ប្រទេស​ទាំង​ ២ អាច​បន្ត​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​លើ​គ្រប់​វិស័យ​នៃ​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា តំបន់ និង​អន្តរជាតិ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន នៃ​ក្រសួង​ការ​បរ​ទេស​ម៉ា​ល់​ឌី​វ ក្រោយ​ជំនួប​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​លោក Shahid ក៏បាន​កត់​សម្គាល់​ផងដែរ​ថា ប្រទេស​ម៉ា​ល់​ឌី​វ បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​អនុវត្ត​លទ្ធផល ដែល​បាន​ព្រមព្រៀង ដោយ​មេដឹកនាំ​ទាំង​ ២ ក្នុងអំឡុងពេល​កិច្ចពិភាក្សា​ផ្លូវការ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១៦ ខែមករា នៅ​ការិយាល័យ​ប្រ​ធា​នា​ធិបតី​ម៉ា​ល់​ឌី​វ​»​។​

​ក្នុងជំនួប​នាពេល​នោះដែរ លោក Faisal Naseem អនុ​ប្រ​ធានា​ធិបតី​ម៉ា​ល់​ឌី​វ និង​លោក​ហ៊ុន សែន បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ដែលមាន​ផល​ប្រ​យោជន៍​ទៅវិញទៅមក ជាពិសេស ពង្រីក និង​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ ដែលមាន​ស្រាប់​នៅ​កម្រិត ទ្វេភាគី និង​ពហុភាគី​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ការិយាល័យ​ប្រធានាធិបតី​ម៉ា​ល់​​ឌី​វ​ក្រោយ​ជំនួប​នេះ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន លោក Naseem បានបង្ហាញ​ជំនឿថា ការផ្លាស់ប្តូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់ គឺមាន​សារៈសំខាន់ ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ឡើងដល់​កម្រិត​ថ្មី​។ លោក​ក៏បាន​បង្ហាញ​ទំនុកចិត្ត​ថា កិច្ចពិភាក្សា​ផ្លូវ​ការដែល​បាន​បិទ​បញ្ចប់​រវាង​ប្រទេស​ទាំង​ ២​ ទទួលបាន​លទ្ធផល ផ្លែផ្កា និង​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ខ្លាំង រវាង​ប្រទេស​ម៉ា​ល់​ឌី​វ និង​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​អនុ​ប្រធានាធិបតី និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា បានបង្ហាញ​ក្តីសង្ឃឹម ថា នឹង​បន្ត​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ជា​ញឹកញាប់​ដើម្បី​បង្កើន ទំនាក់ទំនង​ម៉ា​ល់​ឌី​វ​-​កម្ពុជា និង​ស្វែងរក​មធ្យោបាយ​ថ្មីៗ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​»​។​

​នេះ​ជា​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហ៊ុន សែន ជា​លើកដំបូង​ទៅកាន់​ប្រទេស​ម៉ា​ល់​ឌី​វ​។ ប្រទេស​​ម៉ា​ល់​ឌី​វ និង​កម្ពុជា​បាន​បង្កើត​ទំ​​នាក់​ទំនង​ការទូត​នៅ​ឆ្នាំ​ ១៩៩៥​។​

​លោក រ៉ូ វណ្ណៈ សហ​ស្ថាបនិក​​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ថ្លែងថា វា​ជា​របៀបវារៈ​នយោបាយ​មួយ ដែល​ប្រជាពលរដ្ឋ និង​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​ទាំង​ ២​ ចង់​ឮ និង​ធ្វើ​វា​ឱ្យ​ប្រត្យក្ស ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដែល​កើតចេញពី​កិច្ច​សហការ​នាពេលខាងមុខ​។

​លោក​ថ្លែងថា​៖ «​វា​ក៏​ជា​ផ្នែក​មួយ នៃ​គោលនយោបាយ​ការទូត​សេដ្ឋកិច្ច​របស់​កម្ពុជា ក្នុង​ការធ្វើ​​ពិពិធ​កម្ម​សេដ្ឋកិច្ច​ផងដែរ​»៕