​ភ្នំពេញៈ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រួមសហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ឯកទេស​វះកាត់​​ទូទៅ មកពី​សហរដ្ឋអាមេរិក នឹងធ្វើ​ការពិនិត្យ​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ក្រីក្រ ដោយ​មិន​គិតថ្លៃ ដែល​ធ្វើការ​វះ​កាត់​ដោយ​ឆ្លុះ​ឡា​ប៉ា​រ៉ូ​ស្តូប​ពិ​ច​(Laparoscopic) ​ដូចជា វះកាត់ ពោះវៀន ឫសដូងបាត បូស​អន្ទង់ ដុំ​ពក​ក វះកាត់​កែលម្អ ពិការ​ដៃ មុខមាត់ ចាប់ពី​ថ្ងៃទី ​២១-២៥ ខែមករា ឆ្នាំ ​២០២៣​។

​លោក​វេជ្ជបណ្ឌិត ងី ម៉េង ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៨ ខែមករាថា ក្រុមគ្រូពេទ្យ​ដែលមាន​ជំនាញ​ឯកទេស​វះកាត់​​ទូទៅ​មកពី​សហរដ្ឋអាមេរិក​ជិត​ ១០​ រូប មក​រួម​សហប្រតិបត្តិការ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរ​​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយ​​ភ្ជាប់​ជាមួយនឹង​ឧបករណ៍​បច្ចេក​ទេស​វះកាត់ ព្រមទាំង​ថ្នាំ​ព្យាបាលផងដែរ សំខាន់ គឺ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​នូវ​ចំណុច​ខ្វះខាត​។

​លោក​ថ្លែងថា​៖ «​តាមរយៈ​សហប្រតិបត្តិ​ការ​នេះ វា​មាន​ប្រយោជន៍​ត្រង់​ថា យើង​អាច​ដោះដូរ​បទពិសោធន៍ និង​បច្ចេកទេស​ថ្មី ទៅវិញទៅមក​។ ជួនកាល​មិន​ប្រាកដថា គេ​ចេះ​ជាង​យើង​ទាំងអស់​ដែរ គេ​មក​រៀន​ពី​យើង​ក៏មានដែរ អាហ្នឹង​ដោយសារ​កម្មវិធី​ខុសៗ​គ្នា​»​។

​លោក​ប្រធាន​មន្ទីរពេទ្យឱ្យដឹងទៀតថា ការពិនិត្យ​ព្យាបាល​នេះ​នឹងមិន​គិតថ្លៃ​ឡើយ សម្រាប់​អ្នកក្រីក្រ​ពិតប្រាកដ ហើយ​ក្រៅពីនេះ​អ្នក​ដែលមាន​កាត​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ​(​ប​សស​) ក៏​អាច​ប្រើ​បាន​ក្នុងការ​ពិនិត្យ ពិគ្រោះ ដើម្បី​ដឹង​ពី​ស្ថានភាព​ជំងឺ​។

លោក​បញ្ជាក់ថា ការពិនិត្យ និង​ពិគ្រោះ​ដើម្បី​ព្យាបាល​នេះ មិនមែន​ពិនិត្យ​ភ្លាម ហើយ​ធ្វើការ​វះកាត់​ភ្លាមៗ​នោះទេ គឺ​អាស្រ័យ​ជាក់ស្តែង​លើ​ស្ថានភាព​ជំងឺ និង​ការវិនិច្ឆ័យ​របស់​គ្រូពេទ្យ​។

​លោក​ថ្លែងថា​៖ «​បើសិន​គ្រូពេទ្យ ប្រាប់ថា​ម៉េច អាហ្នឹង​គឺ​ទៅតាម​​ជំនាញ​គេ សំខាន់​មិនមែន​ឱ្យតែ​អ្នកជំងឺ​មក​ត្រូវតែ​វះកាត់​ឯណា ត្រូវ​ពិនិត្យមើល​គាត់​មាន​សុខភាព យ៉ាងម៉េចមាន​បញ្ហា​អី​ត្រូវ​ឆែក​ច្រើន​មុខ​ផ្សេងទៀត​»​។

​លោក​វេជ្ជបណ្ឌិត​ ងី ម៉េង បញ្ជាក់ថា ក្រុមគ្រូពេទ្យ​ឯកទេស​វះកាត់ ដែល​មកពី​សហរដ្ឋអាមេរិក មិន​​មែន​ជា​គ្រូពេទ្យ​ធម្មតា ឬ​ពេទ្យ​ចុះ​​ស្តា​នោះទេ គឺជា​ក្រុមគ្រូពេទ្យ​វេជ្ជបណ្ឌិត​មាន​ជំនាញ​ត្រឹមត្រូវ​ច្បាស់លាស់ ពាក់ព័ន្ធ​នឹង​ការ​វះ​​កាត់​ពោះវៀន ឫសដូងបាត បូស​​អន្ទង់ ដុំ​ពក​ក​ជាដើម​។

លោក​ថា ការសហការ​គ្នា​ធ្វើការ​ពិនិត្យ ពិគ្រោះ និង​ព្យាបាល​នេះ មិនមែន មាន​ប្រយោជន៍​តែ​ចំពោះ​ការ​ដោះ​​ដូរ​បទពិសោធន៍ និង​បច្ចេកទេស​ថ្មីៗ សម្រាប់​គ្រូពេទ្យ​នោះទេ ប៉ុន្តែថែមទាំង​មាន​ប្រយោជន៍​ក្នុងការ​​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​កាន់​​តែមាន​ប្រសិទ្ធភាព​ផងដែរ​។

​លោក​ប្រធាន​មន្ទីរពេទ្យ​មិត្ត​​ភាព​ខ្មែរ​-​សូ​វៀត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​ដូច​មានការ​រៀបរាប់​លើ​សេចក្តីជូនដំណឹង​របស់​មន្ទីរ​​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត អាចមក​ធ្វើការ​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ឱ្យដឹងពី​ស្ថានភាព​សុខភាព​របស់ខ្លួន​បាន​។

​សេចក្តីជូនដំណឹង​រប​ស់ម​ន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចុះ​​ថ្ងៃទី ​១៧ ខែមករា ឆ្នាំ​ ២០២៣ បានឱ្យដឹង​ដែរ​ថា ការពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ វះកាត់​ដោយ​ការឆ្លុះ​ឡា​ប៉ា​រ៉ូ​ស្តូប​ពិ​ច (Laparoscopic) វះកាត់​​ពោះវៀន ឫសដូងបាត បូស​​អន្ទង់ ដុំ​ពក​ក វះកាត់​កែលម្អ ពិការ​ដៃ មុខមាត់ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ​២១ ដល់​ថ្ងៃទី​ ២៥ ខែមករា ឆ្នាំ​ ២០២៣ នៅ​បន្ទប់​ពិគ្រោះ​ជំងឺ​ក្រៅ ព្រឹក​ចាប់ពី​ម៉ោង ៨ ដល់​ម៉ោង ១១:៣០ និង​ពេល​ល្ងាច ចាប់ពី​ម៉ោង ១៤ ដល់​ម៉ោង ​១៧​។

​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី ​១៦ មករា ឆ្នាំ​ ២០២៣ ទើបតែ​បានទទួល​ព្រះរាជ​​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ដើម្បី​ប្រើប្រាស់​ជា​ប្រ​​យោជន៍​ដ៏​សំខាន់​ក្នុង​ការជួយ​ប្រជារាស្ត្រ​ខ្មែរ​ដែលជា​អ្នកជំងឺ​មក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នេះ​។

ព្រះរាជ​អំណោយ​ទាំង​​នោះ រួមមានថវិកាចំនួន​​ ១០០ ០០០​​ ដុល្លារ អំណោយ​ជា​ម៉ាស់​ចំនួន​ ១០ ០០០​ បន្ទះ និង​ឱសថ​បុរាណ​ចិន​ចំនួន​ ១ ០០០ ​ប្រអប់​ផងដែរ​។

​លោក​វេជ្ជបណ្ឌិត ងី ម៉េង បាន​ថ្លែង​អំណរ​ព្រះរាជ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​​ជាតិខ្មែរ ជាទីគោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​តែងតែ​សព្វព្រះរាជហឫទ័យ​ប្រោស​ប្រទាន​ព្រះរាជ​អំណោយ ជូន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ ជា​ដរាប​រៀងមក​៕