
អ្នកស្រី សុក កន្និដ្ឋា ដែលតែងចែករំលែកព័ត៌មានតាមបណ្ដាញសង្គមកន្លងមក។ រូបថត ហ្វេសប៊ុក
ភ្នំពេញ: វីដេអូភាគទី៣៤២ ស្ដីពីប្រវត្ដិដើមរបស់អង្គការណាតូត្រូវបានបង្ហោះថ្មីបំផុតនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ហើយវាទទួលបានការចុច «likes» ជាង 30k និង «shares» លើស 3.5k នៅលើបណ្ដាញសង្គមហ្វេសប៊ុកត្រឹមរយៈពេលតែ ១ ថ្ងៃប៉ុណ្ណោះ។
ស្ដ្រីខ្មែរក្នុងវ័យជាង ៣០ រូបនេះ បាននិយាយនៅលើវីដេអូអមដោយរូបភាពមេដឹកនាំរុស្ស៊ីថា៖ «តើហេតុអ្វីអង្គការណាតូត្រូវបានបង្កើតឡើង? ខ្ញុំឃើញមានមតិបងប្អូនខ្មែរមួយចំនួនបាននិយាយថាមូលហេតុដែលរុស្ស៊ីចេះតែលុកលុយអ៊ុយក្រែនគឺដោយសារតែអង្គការណាតូពង្រីកខ្លួន។ ដូចនេះនៅក្នុងថ្ងៃនេះខ្ញុំចង់ពន្យល់ប្រាប់បងប្អូនថាហេតុអ្វីបានជាអង្គការណាតូត្រូវបានបង្កើតឡើង»។
ដូចបានឃើញនៅលេខភាគវីដេអូរហូតដល់ ៣៤២ អ្នកចែករំលែកព័ត៌មានជុំវិញពិភពលោករូបនេះបានផលិតវីដេអូជាច្រើន និងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ចាប់ផ្ដើមតាំងវិបត្ដិជំងឺរាតត្បាតសកលកូវីដ ១៩ ដែលបានវាយលុកខ្លាំង អ្នកស្រីសុកកន្និដ្ឋាបានចែករំលែកព័ត៌មានដែលគិតថា មានសារប្រយោជន៍ ជាពិសេសការកាត់បន្ថយព័ត៌មានយល់ច្រឡំនៅលើអនឡាញ តាមរយៈការបង្កើតទំព័រផ្លូវការដើម្បីលើកតម្កើងព័ត៌មានពិត។
អ្នកស្រី កន្និដ្ឋា ដែលបច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិកបាននិយាយថា៖ «ការចែករំលែកព័ត៌មានអមដោយវីដេអូនេះចាប់ផ្ដើមតាំងពីខែមករា ឆ្នាំ ២០២០ នៅពេលមានការបិទខ្ទប់នៅសហរដ្ឋអាមេរិក ហើយខ្ញុំចង់ផ្ដល់ព័ត៌មានពិតជូនដល់មហាជន។ ចាប់ពីពេលនោះមកអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្ដូរទាំងស្រុង»។
តើ កន្និដ្ឋា ដែលតែងតែវិភាគរឿងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបញ្ហាសង្គមហិរញ្ញវត្ថុតន្ដ្រីវិធីសាស្ដ្រចិញ្ចឹមកូនបញ្ហាផ្សេងៗនៅកម្ពុជា រឿងភូមិសាស្ដ្រនយោបាយបញ្ហាសុខភាពជាពិសេសព័ត៌មានអំពីកូវីដ ១៩ ជានរណា?
ថ្វីដ្បិតតែ កន្និដ្ឋា ប្រសូតនៅរាជធានីភ្នំពេញយ៉ាងណាក៏ដោយក៏ការធំធាត់ដឹងក្ដីមកជាក្មេងស្រីនៅក្រុងព្រះសីហនុ ដោយសារតែឪពុកម្ដាយបានផ្លាស់ប្ដូរលំនៅទៅកាន់ក្រុងព្រះសីហនុតាំងពីអ្នកស្រីនៅជាទារិកា។
អ្នកស្រីបានរំឭកថា៖ «កុមារភាពរបស់ខ្ញុំក៏ដូចជាក្មេងដទៃទៀតនៅក្រុងព្រះសីហនុដែរ ខ្ញុំចូលចិត្ដទៅលេងសមុទ្រនិងកម្សាន្ដជាមួយមិត្ដភក្ដិ ទិញនំចំណីតាមចិញ្ចឹមផ្លូវញ៉ាំហើយជួនកាលជិះកង់លេងជុំវិញទីក្រុង»។
ជាក្មេងរប៉ិលរប៉ូច រៀងរាល់ពេលដើរលេងមកផ្ទះម្ដងៗអ្នកម្ដាយតែងតែឈរចាំមាត់ទ្វារ និងស្វាគមន៍ដោយការស្ដីបន្ទោសគ្មានលស់ពេលឡើយ។ ទាំងនេះជាវេលាដែលអ្នកស្រីកន្និដ្ឋាមិនអាចបំភ្លេចបាន។ នៅពេលឈានដល់វ័យខ្ទង់ ២០ ឪពុកម្ដាយតែងតែរំអុកឱ្យរកប្ដី រហូតដល់ថ្ងៃមួយដោយទ្រាំការទទូចដដែលៗលែងបានយុវតីខេត្ដព្រះសីហនុរូបនេះក៏សម្រេចចិត្ដចូលរោងការនិងហោះទៅរួមរស់ជាមួយស្វាមីលើទឹកដីសហរដ្ឋអាមេរិករហូតដល់សព្វថ្ងៃនេះ។
យ៉ាងណាមិញស្ដ្រីដែលតែងតែចែករំលែកចំណេះដឹងផ្សេងៗជាមួយសំឡេងធំគ្រលររូបនេះបានសារភាពថា អ្នកស្រីមិនមានប្រវត្ដិការសិក្សាជ្រៅជ្រះ និងជាបញ្ញវន្ត ឬជាអ្នកវិភាគអាជីពអ្វីទេ។
អ្នកស្រី កន្និដ្ឋា បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ខ្ញុំគ្រាន់តែជាមនុស្សធម្មតាដែលមិនមានចំណេះដឹងអ្វីជាក់លាក់ទេ ហើយខ្ញុំចូលរួមប្រធានបទទូទៅគ្រប់ប្រភេទ។ ខ្ញុំដឹងថា មនុស្សជាច្រើនតែងតែមានជំនាញនឹងអ្វីដែលពួកគេបានសិក្សា និងអនុវត្ដ វាគ្មានអ្វីខុសឆ្គងទេ តែខ្ញុំគិតថា សម្រាប់ខ្ញុំខ្ញុំគ្មានអ្វីត្រូវអះអាងថាខ្លួនមានជំនាញអ្វីពិតឡើយ»។
អ្នកស្រី កន្និដ្ឋា ជាមនុស្សចូលចិត្ដនិយាយអំពីបញ្ហាផ្សេងៗដែលគិតថាមានប្រយោជន៍ ជាពិសេសវាមានតម្លៃសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ដូច្នេះមិនថា ជាប្រធានបទឬបញ្ហាអ្វីនោះទេ អ្នកស្រីតែងតែលើកយកមកចែករំលែកនៅលើបណ្ដាញសង្គមជាមួយការបន្ថែមរូបភាព វីដេអូ ឬទិន្នន័យឱ្យកាន់តែទាក់ទាញថែមទៀត។

អ្នកស្រី សុក កន្និដ្ឋា ដែលតែងចែករំលែកព័ត៌មានតាមបណ្ដាញសង្គមកន្លងមក។ រូបថត ហ្វេសប៊ុក
ស្ដ្រីដែលមហាជនទទួលស្គាល់ជាបុគ្គលល្បីលើបណ្ដាញសង្គម កន្និដ្ឋា បានឱ្យដឹងថា៖ «ខ្ញុំព្យាយាមនិយាយពីរឿងរ៉ាវគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ខណៈពេលខ្ញុំនៅចងចាំរឿងទាំងនោះ។អ្នកមិនដឹងថានៅពេលរឿងនោះមិនត្រូវបានផ្សព្វផ្សាយខ្ញុំច្បាស់ជាមានអារម្មណ៍សោកស្ដាយណាស់»។
អ្នកស្រីបានឱ្យដឹងថា ការដំណើរការទំព័របណ្ដាញសង្គមមិនមែនជារឿងងាយស្រួលឡើយ ដោយវាមិនខុសអ្វីពីចិញ្ចឹមសត្វដែលបញ្ចេញសំឡេងរំខានចេចចាចឡើយ។ ការថតនិងកាត់តវីដេអូ ពិតជាធ្វើឱ្យនឿយហត់ណាស់។
អ្នកស្រី ត្រូវប្រឈមនឹងមតិសើចចំអក ហើយមានមនុស្សជាច្រើនឆាតមកអ្នកស្រីរហូតដល់រាប់រយសារក្នុង ១ ថ្ងៃៗ រួមទាំងផ្នែកគោលការណ៍បច្ចេកទេសរបស់ហ្វេសប៊ុក ក៏ដូចជាមតិ និងក្រុមសម្របសម្រួលផ្សេងៗ។
កន្និដ្ឋា បានលើកឡើងថា៖ «វាហាក់ដូចជាបញ្ហារាប់លានបុកមកចំពេលតែ ១ អ៊ីចឹង។កុំយល់ច្រឡំ! វាជារឿងល្អសម្រាប់ទំព័រហ្វេសប៊ុកដែលមានអ្នកគាំទ្រច្រើន តែមនុស្សជាច្រើនមិនមែនសុទ្ធតែយល់អំពីការលំបាក និងបញ្ហាប្រឈមរបស់ទំព័រដែលមានប្រជាប្រិយភាពនេះទេ»។
អ្នកស្រីបានប្រាប់ថា៖ «ខ្ញុំបង្កើតផេចនេះដើម្បីកាត់បន្ថយព័ត៌មានយល់ច្រឡំនៅលើអនឡាញ ហើយវិធីដ៏ល្អបំផុត គឺការបង្កើតផេចដែលផ្សព្វផ្សាយព័ត៌មានពិត។ ពេលវេលាកន្លងផុតទៅខ្ញុំចង់បង្កើនសមត្ថភាពបន្ថែមទៀតដូចអ្វីដែលពួកគេនិយាយ។ ដូច្នេះគោលបំណងរបស់ខ្ញុំពេលនេះ គឺបង្កើតបណ្ណាល័យមួយ ឬអ្វីមួយ។ អូ! មិនងាយទេ ពីព្រោះការបង្កើតនេះមិនចំណាយប្រាក់តិចឡើយ តែខ្ញុំគិតថា បើដល់ពេលវេលាសមគួរវានឹងកើតឡើង»។
ឆ្លើយចម្ងល់មហាជនដែលងឿងឆ្ងល់ថា កន្និដ្ឋា យល់ដឹងអំពីប្រធានបទជាច្រើនក៏ដូចជា មានការស្រាវជ្រាវស៊ីជម្រៅចំពោះបញ្ហានីមួយៗមុនពេលយកមកចែករំលែកលើបណ្ដាញសង្គម ស្ដ្រីដែលមានប្អូនស្រីភ្លោះម្នាក់ទៀតរូបនេះបានឱ្យដឹងថា អ្នកស្រីមិនមែន ជាសព្វវចនាធិប្បាយនោះទេ។
អ្នកស្រីបានសារភាពថា ការចងចាំរបស់អ្នកស្រីក៏មិនល្អដែរ។ ប្រធានបទនីមួយៗដែលផុសឡើងលើបណ្ដាញសង្គមនោះអាស្រ័យលើការលើកឡើងរបស់មហាជនប៉ុណ្ណោះ។ អ្នកស្រីត្រូវការការស្រាវជ្រាវបញ្ជាក់បន្ថែម រួចផលិតជាវីដេអូអំពីប្រធានបទនោះ។
ការចំណាយពេលវេលាស្រាវជ្រាវ អាស្រ័យទៅលើប្រធានបទនីមួយៗ ដោយប្រធានបទខ្លះមាននៅក្នុងខួរក្បាលរបស់អ្នកស្រីស្រាប់ ហើយអ្វីដែលអ្នកស្រីធ្វើ គឺព័ត៌មានជាក់លាក់ដូចជាការបរិច្ឆេទ និងពេលវេលានៃព្រឹត្ដិការណ៍ដែលបានកើតឡើង ឬឈ្មោះបុគ្គល ឬទីកន្លែង។
ច្បាស់ណាស់កិច្ចការទាំងអស់នេះមិនអាចចេញជាសមិទ្ធផលពេញលេញ និងដំណើរការជាច្រើនទេ បើគ្មានស្វាមីនៅពីក្រោយនោះ។
អ្នកស្រី កន្និដ្ឋា បាននិយាយថា៖ «ស្វាមីរបស់ខ្ញុំបានរួមចំណែកយ៉ាងសំខាន់ក្នុងការដំណើរការផេចនេះទាំងការកាត់តវីដេអូ និងធ្វើជាជំនួយការរបស់ខ្ញុំគ្រប់យ៉ាង។ លើសពីនេះខ្ញុំមានមិត្ដភក្ដិមួយចំនួននៅភ្នំពេញដែលជួយប្រតិបត្ដិការបណ្ណាល័យនៅហាង The Kanitha Show»។
យ៉ាងណាក៏ដោយអ្វីដែលជាឧបសគ្គសម្រាប់ កន្និដ្ឋា គឺពេលវេលា ពីព្រោះរាល់វីដេអូទាំងអស់អាចចាយពេលចន្លោះពី ១០ ទៅ ២០ ម៉ោង ក្នុងការកាត់ត។ ការចំណាយពេលលើការដំណើរការផេចនេះ គឺជាពេលវេលាដែលឆ្លៀតពីការមើលថែកូន និងកិច្ចការផ្សេងៗទៀត។
អ្នកស្រី កន្និដ្ឋា ដែលស្វាគមន៍ការជួយឧបត្ថម្ភផេចរបស់អ្នកស្រីបាននិយាយថា៖ «អ្វីៗគ្រប់យ៉ាងត្រូវការចំណាយទាំងអស់ តែភាពរីករាយនៃការដំណើរការផេច The Kanitha Show ពិតជាមិនអាចវាស់ស្ទង់បាន»។
អ្នកស្រី កន្និដ្ឋា ដែលអះអាងថា The Kanitha Show ធ្វើឱ្យអ្នកស្រីរវល់ខ្លាំង បានបន្ដថាអ្នកស្រីព្យាយាមផ្សព្វផ្សាយពីបញ្ហាមួយចំនួនដែលអ្នកស្រីគិតថា វាមានប្រយោជន៍ចំពោះសហគមន៍តែនៅពេលសំដៅលើបញ្ហានយោបាយ អ្នកស្រីសារភាពថាខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ទេ។
អ្នកស្រីបាននិយាយថា អ្នកស្រីមិនសូវដឹងច្បាស់អំពីរឿងនយោបាយឡើយ។ វាមានរបត់បញ្ហាជាច្រើនមានប្រវត្ដិសាស្ដ្រជាច្រើន និងបុគ្គលជាច្រើនដែលប្រកួតប្រជែងគ្នា ដោយមិនបានដឹងពួកគេមកពីណានិងមិនដឹងថា ពួកគេជួបបញ្ហាអ្វីនៅម៉ោងប៉ុន្មានផង។
កន្និដ្ឋា បន្ដថា៖ «ខ្ញុំមិនខុសពីអ្នកដទៃទេ ខ្ញុំដឹងរឿងដូចតែគេឯងដែរ ខ្ញុំគ្រាន់តែចង់ចែករំលែកចំណេះដឹងតិចតួចដែលខ្ញុំដឹង ខ្ញុំនឹងទុករឿងនយោបាយឱ្យអ្នកដទៃដែលមានសមត្ថភាពជាងខ្ញុំ»។
ក្រៅពីកម្មវិធី The Kanitha Show លើហ្វេសប៊ុក អ្នកស្រី កន្និដ្ឋា ក៏មានបណ្ណាល័យ The Kanitha Society ជាមជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកគាំទ្រកម្មវិធី The Kanitha Show ផងដែរ៕