ភ្នំពេញៈ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ប្រាប់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដោយ​បង្ហាញ​នូវ​សុទិដ្ឋិនិយម និង​សង្ឃឹម​យ៉ាង​មោះ​មុត​ថា កម្ពុជា​នឹង​អាច​សម្រេច​នូវ​គោលដៅ​របស់ខ្លួន​គ្មាន​មីន​ឆ្នាំ២០២៥ តាម​ការគ្រោងទុក​។

​ លោក​លី ធុជ បានថ្លែង​ដូចនេះ នៅថ្ងៃទី​១៩ ខែមករា ក្នុងឱកាស​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Ethan Rinks នាយក​កម្មវិធី​សម្រាប់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក នៃ​ការិយាល័យ​ដកហូត ​និង​លុបបំបាត់​អាវុធ (Office of Weapons Removal and Abatement) នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក (PM/WRA, State Department)​នៅ​ទី​ស្នាក់​អាជ្ញាធរ​មីន​។​

​ យោងតាម​អាជ្ញាធរ​មីនកម្ពុជា បានឱ្យដឹងថា លោក លី ធុជ បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សហរដ្ឋអាមេរិក ដែល​បាន​ចូលរួម​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​នៅ​កម្ពុជា ក្នុងការ​ផ្តល់នូវ​សុវត្ថិភាព និង​ជួយសង្គ្រោះ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរនៅតាម​មូលដ្ឋាន​។​

​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង ក្នុងការ​ដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា ដោយបាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ក្នុងការ​បញ្ចប់​ការងារ​បោសសម្អាត​មីន​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥​។

​លោក លី ធុជ បាន​បញ្ជាក់ថា៖ «​កម្ពុ​ជាមាន​សុទិដ្ឋិនិយម និង​សង្ឃឹម​យ៉ាង​មោះ​មុត​ថា កម្ពុជា​អាច​នឹងសម្រេច​នូវ​គោលដៅ​របស់ខ្លួន​គ្មាន​មីន​ឆ្នាំ២០២៥ តាម​ការគ្រោងទុក ហើយ​ក្រៅពី​ការងារ​បោសសម្អាត​មីន ការ​បោសសម្អាត​គ្រាប់​បែកចង្កោម គឺជា​គោលដៅ​អាទិភាព​ទី​២​របស់​កម្ពុជា ដែល​កម្ពុជា​នៅសល់​ផ្ទៃដី​សង្ស័យ​មាន​គ្រាប់បែក​ចង្កោម​ប្រមាណ​ជា ៧៣៥ គីឡូម៉ែត្រ​ក្រឡា ទៀត​»​។​

​លោក​លី ធុជ ក៏បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​នៃ​សហរដ្ឋអាមេរិក បន្ត​ជួយ​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន​ឱ្យអស់​ក្នុង​ឆ្នាំ​២០២៥ និង​បន្ថែម​ថវិកា​ចូលរួម​គាំទ្រ​ដល់​ការងារ​បោសសម្អាត​គ្រាប់បែក​ចង្កោម​ផងដែរ​។​

​ លោក Ethan Rinks ថ្លែងថា ការិយាល័យ​ដកហូត​និង​លុបបំបាត់​អាវុធរបស់សហរដ្ឋអាមេរិក បានទទួល​បន្ទុក​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ទាំង​ថ្នាក់​តំបន់ និង​ពិភពលោក​។

​លោក​ថា៖ «​រយៈពេល​ជាង ៣០​ឆ្នាំនេះ សហរដ្ឋអាមេរិក​បាន​ជួយ​ដល់​កម្ពុជា​ក្នុង​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​ជា ១៩០លាន​ដុល្លារ​អាមេរិក ព្រមទាំង​បន្ត​ជួយ​ដល់​កម្ពុជា រហូត​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥»​។​

​ លោក ក៏បាន​ថ្លែង អបអរសាទរ​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​កម្ពុជា ដែល​បានចាត់ទុក​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម គឺជា​ការងារ​អាទិភាព​។​

​លោក Ethan Rinks ក៏បានថ្លែង​អំណរគុណ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​អាជ្ញាធរ​មីន ដែល​បានផ្តល់​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ គាំទ្រ​ដល់​សកម្មភាព​ចូលរួម​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​។​

លោក​លី ធុជ ធ្លាប់ថ្លែងថា ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​«​កម្ពុ​ជាមួយ​គ្មាន​មីន​ឆ្នាំ​២០២៥» កម្ពុជា នៅសល់​រយៈពេល៣​ឆ្នាំ​ទៀត ត្រូវ​បញ្ចប់​ការងារ​បោសសម្អាត​មីន​ឱ្យ​អស់​ក្នុង​ទំហំ​ផ្ទៃដី​មាន​មីន​នៅសល់​ចំនួន ៦៤៨ គីឡូម៉ែត្រ​ក្រឡា​។ អាជ្ញាធរ​មីន សហការ​ជាមួយ​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ បានរៀបចំ​ឱ្យមាន​ផែនការ​ច្បាស់លាស់ ដោយ​ចាប់ផ្តើម​ការ​បោសសម្អាត​មីន​ដែល​​បានដឹង​ឱ្យអស់ពី ភូមិ​១​ទៅ​ភូមិ​១ ពី​ឃុំ​១​ទៅ​ឃុំ​១ ពី​ស្រុក​១​ទៅ​ស្រុក​១ ពី​ខេត្ត​​ទៅ​ខេត្ត​១ និង​ឈានទៅដល់​ការប្រកាស​កម្ពុជា​អស់​មីន​ក្នុង​ឆ្នាំ​២០២៥៕