សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា ​សហការ​ជា​មួយ​សាកល​វិទ្យាល័យ​ហា​វ៉ៃបាន​បើក​រណ្ដៅ​កំណាយ​ស្រាវ​ជ្រាវ​ចំនួន ​២០​ រណ្តៅ​ នៅ​បរិវេណ​ផ្នែក​ខាង​លិច​ប្រាសាទ​អង្គរ​វត្ត ដោយ​រក​ឃើញ​មាន​ខឿន​វិហារ​នៃ​ព្រះពុទ្ធ​សាសនា​ថេរ​វាទ​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម ដើម្បី​ស្វែង​យល់​ពី​ការ​ប្រែប្រួ​ល​នៃ​រចនា​សម្ព័ន្ធ​ក្នុង​តំបន់​អង្គរ​។​

​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរាបាន​ឱ្យដឹ​ងថា ការស្រាវ​ជ្រាវ​នេះបាន​ចាប់​ផ្តើម​តាំងពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ ​ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២០ ខែមករា ​ឆ្នាំ​២០២៣​​ ដើម្បី​ធ្វើ​កំណាយ​ស្រាវ​ជ្រាវ​ពី​ការ​វិវត្តស្តីពី«​ការ​គោរព​ពុទ្ធ​សាស​នា​ថេរ​វាទ​»​។​

​ការស្រាវ​ជ្រាវ​នេះ​​ផ្តោត​លើការវិវត្ត​របស់​សហ​គម​ន៍​មនុស្ស​ក្នុង​តំបន់​នេះតាំង​ពី​សម័យ​មុន​អង្គររហូត​មក​ទល់​សម័យ​កណ្តាល​ថា ​មានការ​ផ្លាស់ប្តូ​រ​ដូ​ចម្តេ​ចខ្លះនាពេ​ល​ដែល«​វត្ត​»មក​ជំនួស​ប្រា​សាទ សម័យ​អង្គរ ដោយ​បាន​ក្លាយ​ជា​ស្នូល​របស់​សហ​គមន៍​។

​អនុ​ប្រធាន​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ បណ្តុះប​ណ្តាល និង​ផ្សព្វ​ផ្សាយ​នៃ​អាជ្ញា​ធរ​ជាតិ​អប្សរា​ លោក ​ទិន ទីណា ​បាន​ថ្លែងថា អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​សាកល​វិទ្យាល័យ​ហា​វ៉ៃធ្វើ​កំណាយ​ស្រាវ​ជ្រាវ​នេះ​ដើម្បី​ស្វែង​យល់​ពី​មូល​ហេតុ​នៃ​ការប្រែ​ប្រួល​រចនា​សម្ព័ន្ធ​ទីក្រុង និង​ប្រជា​សាស្ត្រ​ក្នុង​តំបន់​អង្គរ​ពី​សត​វត្សរ៍​ទី​១៣​រៀង​មក​។

​លោក​ថា ដូច្នេះ​ដើម្បី​ឆ្លើ​យតប​នឹង​គោល​បំណង​ខាង​លើនេះ​​បានជា​ក្រុមការ​ងារ​ស្រាវ​ជ្រាវ​​បើក​រណ្តៅ​កំណាយ​ចំនួន​២០​រណ្តៅទំហំ ​១x២​ម នៅ​តាម​ទួល និង​ត្រពាំង​ក្នុង​បរិ​វេណ​ប្រា​សាទ​អង្គ​រវត្ត​។

​លោក ទិន ​ទីណា បាន​បញ្ជាក់​ថា​៖ «​ទិន្នន័យ​ដែល​ទទួ​លបាន​ពី​ការធ្វើ​កំណាយ​នេះ​អាច​ឱ្យ​យើង​យល់​ពី​សហ​គមន៍​មនុស្ស​រស់​នៅក្នុ​ង​រាជធានី​អង្គរ ដែល​អាច​ឆ្លើយ​តប​នឹង​កត្តា​ប្រវត្តិ​សាស្ត្រ​ធំៗ​មួយ​ចំនួន​ដូច​ជា ​ការ​ផ្លាស់​ប្តូរ​មក​កាន់​ពុទ្ធ​សា​នា​ថេ​រវាទ​វិញ ការ​ធ្លាក់ចុះ​អំណាច​កណ្តាល​របស់​អង្គរ ​ការ​ផ្លាស់​ប្តូរ​រាជ​ធានី​ទៅ​ភាគខាងត្បូង (​ជុំវិញ​ភ្នំពេញ​)និង​ការ​វិល​ត្រឡប់​នៃ​អំណាច​កណ្តាល​មួយរយៈ​ខ្លី​នៅ​សតវត្សរ៍​ទី​១៦នៃ​ព្រះ​មហា​ក្សត្រ​សម័យ​លង្វែក​»​។

​លោក​បាន​បន្ថែម​ថា នៅ​ឆ្នាំ​២០១៩-​២០២០ ក្រុម​ស្រាវជ្រាវ​ទាំង​២​ស្ថាប័ន​ក៏បាន​ធ្វើ​កំណាយ​ស្រា​វជ្រាវ​នៅ​គោក​ដូន​ប៉ុក គោក​បាក់ និង​គោក​គង់ នៅ​តំបន់​វត្ត​អធ្វា នៅ​គោក​រកា និង​គោក​ព្រៃ​អម្ពិល​កើត នៅ​តំបន់​វត្ត​ចេតិយ​ និង​នៅ​គោក​ព្រៃ​អម្ពិល​លិច​ក្នុង​តំបន់​វត្ត​ព្រៃ​ផ្តៅ​​ដើម្បី​ប្រមូល​ទិន្នន័យ​ពី​សហ​គមន៍​មនុស្ស​រស់​នៅ​ក្នុង​តំបន់​ជនបទ​រាជ​ធានី​អង្គរ​។​

​ក្រៅពីនេះ​ការ​ធ្វើ​កំណាយ​នេះ​ធ្វើឡើង​ក្នុង​គោលបំ​ណង​រកមើល​ពី​ការផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ទីក្រុង និងកា​រផ្លាស់ប្ដូរ​វិទ្យា​សាស្ត្រផងដែរ​ មាន​ន័យថា គឺជា​កា​រស្វែងរ​ក​ទីតាំង​ដែល​មនុស្ស​ធ្លាប់​រស់​នៅ​ទូទៅ​។ នេះ​បើតា​ម លោក ហេង ពិ​ភាល់ បណ្ឌិត​បុរាណ​វិទ្យា​នៃ​សាក​លវិ​ទ្យាល័យ​ហា​វ៉ៃ និង​ជា​ប្រធាន​គម្រោង​ស្រាវ​ជ្រាវ​។​

​លោក​បាន​ពន្យល់​ថា ការផ្លាស់​ប្ដូរ​វិទ្យា​សាស្ត្រ​នេះ​ទាក់​ទង​នឹង​ទេស​ភាព(​ស្ថាន​ដី​ទូទៅ​)ថា​តើ​ដី​ដែល​មនុស្ស​ធ្លាប់​រស់​នៅ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ណា​ខ្លះដែល​ទាក់​ទង​ទៅ​នឹង​ប្រវត្តិ​សាស្ត្រ​ធំៗ​មាន​ដូចជា ​ការ​ផ្លាស់​ប្ដូ​រ​ជំនឿ​សាសនា​ពី​ព្រហ្មញ្ញ​សាសនាមក​គោរព​ពុទ្ធ​សាសនា​មហា​យាន​និង​ពុទ្ធ​សាសនា​ថេរវាទ​វិញ​នៅ​សតវត្សរ៍​ទី​១៣ តើ​បាន​ជះ​ឥទ្ធិពល​អី​ខ្លះ​ដល់​ភូមិ​មនុស្ស​ដែល​ធ្លាប់​រស់នៅ​កណ្ដាល​ទីក្រុង​អង្គរ និ​ង​តំបន់​ជន​បទ​ជុំវិញ​អង្គរ?

​មួយវិ​ញ​ទៀត ​លោក​ថា​ ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ដែល​​ពលរដ្ឋ​ធ្លាប់​ដឹង​តៗ​គ្នាគឺ​ការផ្លាស់​ប្តូរ​រាជ​ធានី​អង្គរថា​តើ​វា​ពិតជា​ការ​បោះ​បង់ចោ​ល​ទីក្រុង​អង្គរ​មែនឬ​យ៉ាង​ណា​?​

​សូ​ម​បញ្ជាក់​ថា ចាប់​តាំងតែ​ពីថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ រ​ហូត​មកដល់​ត្រឹម​ថ្ងៃទី​១៧ ខែមករា​ ឆ្នាំ​២០២៣​ក្រុម​អ្នក​ស្រាវ​ជ្រាវនៃ​អាជ្ញាធរ​ជាតិ​អប្សរា​និង​អ្នក​ជំនាញ​មកពី​សាកល​វិទ្យាល័យ​Hawai​នៃ​សហរ​ដ្ឋអាមេរិកបាន​ធ្វើ​កំណាយ​ស្រាវ​ជ្រាវ​បុរាណ​វិទ្យា​ចំនួន​២០​រណ្តៅ​។

​បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា​នៅតាម​រណ្តៅ​កំណាយ​ទាំង​នោះគេ​បាន​រក​ឃើញ​ខឿន​វិហារ​នៃ​ព្រះពុ​ទ្ធសាសនា ថេរវាទ​ធ្វើ​ពី​ថ្ម​បាយ​ក្រៀមដែលមាន​បង្គោល​សី​មាធ្វើ​ពី​ថ្មភក់​នៅ​ព័ទ្ធ​ជុំវិញ​ជា​៨​ទិសព្រ​មទាំង​រក​ឃើញ​បំណែក​កុលាល​ភាជន៍និង​កម្ទេច​ធ្យូងដែល​មនុស្ស​បុរាណ​បាន​ប្រើ​ប្រាស់ដែល​អាច​យក​សំណាក​ទាំង​នោះ​ទៅធ្វើ​ការ​ពិសោធន៍ រក​ចម្លើយ​ទិន្នន័យ​បាន​នៅ​ពេល​ខាង​មុខ​។​

​ចាប់​តាំងពី​អំឡុង​ឆ្នាំ​២០១៣​មក ក្រុម​ការងារ​ស្រា​វជ្រាវធ្លាប់​បាន​ធ្វើ​កំណា​យ​នៅ​បរិវេណ​​ទួល​ខាង​កើត​នៃ​ប្រាសាទ​អង្គរវត្តដោយ​គេ​បាន​រក​ឃើញ​សម្បក​ក្រូច​ថ្លុង គ្រាប់​ស្រូវ និង​គ្រាប់​កប្បាស​ដែល​បន្សល់​ទុក​ពី​សម័យ​បុរាណ​ប្រើ​ប្រាស់​៕