សៀមរាបៈ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យហាវ៉ៃនឹងបញ្ចប់ការធ្វើកំណាយស្រាវជ្រាវពីការវិវត្ត ស្តីពី «ការគោរពពុទ្ធសាសនាថេរវាទ»ដោយផ្តោតលើការវិវត្តរបស់​សហ​គមន៍​មនុស្សក្នុងតំបន់នេះ តាំងពីសម័យមុនអង្គរ រហូតមកដល់សម័យកណ្តាល នៅថ្ងៃទី២០ខែមករាឆ្នាំ២០២៣នេះ។

ការធ្វើកំណាយនេះដើម្បីចង់ដឹងថា មានការផ្លាស់ប្តូរដូចម្តេចខ្លះ នាពេលដែល «វត្ត» មកជំនួសប្រាសាទ សម័យអង្គរ ដោយបានក្លាយជាស្នូលរបស់សហគមន៍។ តាមរយៈទិន្នន័យ LiDAR បង្ហាញថា មាន​ទួលលំនៅនៅផ្នែកពាយព្យប្រាសាទអង្គរវត្ត នាសតវត្សរ៍ទី១២ ត្រូវឈូសពង្រាបប្រហែលនៅ សម័យកណ្តាល។

លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការសហការធ្វើកំណាយស្រាវជ្រាវនេះ គឺក្នុងគោលបំណងដើម្បីស្វែងយល់ពីមូលហេតុនៃការប្រែប្រួលរចនាសម្ព័ន្ធទីក្រុង និងប្រជាសាស្ត្រក្នុងតំបន់អង្គរពីសតវត្សរ៍ទី១៣រៀងមក។

ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងគោលបំណងខាងលើនេះបានក្រុមការងារស្រាវជ្រាវបានបើករណ្តៅ កំណាយចំនួន២០រណ្តៅ ទំហំ ១x២ម នៅតាមទួល និងត្រពាំងក្នុងបរិវេណប្រាសាទអង្គរវត្ត។ ក្រៅពីនេះ ដើម្បីទទួលទិន្នន័យបន្ថែមទៀត អ្នកស្រាវជ្រាវ បានខួងដីចំនួន១០៤រណ្តៅបន្ថែមទៀត។

គម្រោងស្រាវជ្រាវនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ។

លោក ទិន ទីណា ពន្យល់ថា ទិន្នន័យដែលទទួលបានពីការធ្វើកំណាយនេះ«អាចឱ្យយើងយល់ពីសហគមន៍ មនុស្សរស់នៅក្នុងរាជធានីអង្គរ ដែលអាចឆ្លើយតបនឹងកត្តាប្រវត្តិសាស្ត្រធំៗមួយចំនួនដូចជា ការផ្លាស់ប្តូរមកកាន់ពុទ្ធសាសនាថេរវាទវិញ ការធ្លាក់ចុះអំណាចកណ្តាល របស់អង្គរ ការផ្លាស់ប្តូររាជធានីទៅភាគខាងត្បូង (ជុំវិញភ្នំពេញ) និងការវិលត្រឡប់នៃអំណាចកណ្តាលមួយរយៈខ្លីនៅសត​វត្សរ៍ទី១៦ នៃព្រះមហាក្សត្រសម័យលង្វែក»។

លោក ហេង ពិភាល់ បណ្ឌិតបុរាណវិទ្យានៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវបានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងរកមើលពីការផ្លាស់ប្តូររចនាសម្ព័ន្ធទីក្រុង ការ​ផ្លាស់ប្ដូរវិទ្យាសាស្ត្រ មានន័យថា គឺជាការស្វែងរកទីតាំងដែលមនុស្សធ្លាប់រស់នៅទូទៅ។

ការផ្លាស់ប្ដូរវិទ្យាសាស្ត្រនេះ គឺវាទាក់ទងទៅនឹងទេសភាព (ស្ថានដីទូទៅ) ថាតើ សណ្ឋានដីដែលមនុស្សធ្លាប់រស់នៅមានការផ្លាស់ប្ដូរយ៉ាងណាខ្លះ?

ទាក់ទងទៅនឹងប្រវត្តិសាស្ត្រធំៗ មានដូចជា ការផ្លាស់ប្ដូរជំនឿសាសនាពីព្រហ្មញ្ញមកគោរពពុទ្ធសាសនាមហាយាននិងពុទ្ធសាសនាថេរវាទវិញនៅសតវត្សរ៍ទី១៣ តើបានជះឥទ្ធិពលអ្វីខ្លះដល់ភូមិមនុស្សដែលធ្លាប់រស់នៅកណ្ដាលទីក្រុងអង្គរ និងតំបន់ជនបទជុំវិញអង្គរ? មួយវិញទៀត ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលយើងធ្លាប់ដឹងតៗគ្នា គឺការផ្លាស់ប្តូររាជធានីអង្គរ ថាតើ វាពិតជាការបោះបង់ចោលទីក្រុងអង្គរមែនឬយ៉ាងណា៕