ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្រេច​ផ្តល់​ថវិកា​ប្រមាណ ២​លាន​ដុល្លារ សម្រាប់​ជួយ​កែ​លម្អ​ផ្លូវ​ប្រវែង​៦៨​គីឡូ​ម៉ែត្រ ពី​ខេត្ត​សៀមរាប ទៅកាន់​ខេត្ត​ឧត្តរ​មានជ័យ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ដំណើរ និង​ការដឹក​ជញ្ជូន​កសិផល​រវាង​ភូមិសាស្រ្ត​ទាំងពីរ​ផងដែរ​។ នេះបើតាម​កិច្ចប្រជុំ​ពិភាក្សា​លើ​ការអនុវត្ត​គម្រោង​កែ​លម្អ​ផ្លូវ​ប្រវែង​៦៨​គីឡូ​ម៉ែត្រ ពី​ស្រុក​ស្វាយលើ​ខេត្ត​សៀមរាប ទៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ កាលពី​ម្សិលមិញ ដែល​រៀបចំ​ឡើង​នៅ​ខេត្ត​សៀមរាប​។

កិច្ចប្រជុំ​ពីគម្រោង​កែ​លម្អ​ផ្លូវ​ខាង​លើ​នេះ មាន​ការចូលរួម​រដ្ឋបាល​ខេត្ត​សៀមរាប រដ្ឋបាល​ខេត្ត​ឧត្តរ​មានជ័យ តំណាង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តំណាង​ក្រុមហ៊ុន និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​នៃ​ខេត្ត​ទាំងពីរ។

អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ឧត្តរ​មានជ័យ លោក ប៉ែន កុសល្យ បាន​ឱ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​ប្រវែង ៦៨​គីឡូ​ម៉ែត្រ​នេះ គឺ​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរ​មានជ័យ ដែល​ក្នុងនោះ​មាន​គម្រោង​ស្ថាបនា​ផ្លូវ​ DBST ឆ្លង​កាត់​ភូមិ​អង្កាញ់ ឃុំ​ស្វាយលើ ទៅ​ភូមិ​អភិវឌ្ឍន៍​ ឃុំ​កន្ទួត ស្រុក​ស្វាយលើ​ខេត្ត​សៀមរាប មាន​ប្រវែង ៤១​គីឡូ​ម៉ែត្រ និង​ភូមិ​ទំនប់ថ្មី ទៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ មាន​ប្រវែង ២៧​គីឡូ​ម៉ែត្រ។

លោក​បាន​ឱ្យដឹង​ដូច្នេះ​ដែរ​ថា៖«ចំពោះ​ផ្លូវ​ប្រវែង​ ២៧​គីឡូ​ម៉ែត្រ ដែល​ស្ថិតនៅ​ចាប់ពី​ភូមិ​ទំនប់ថ្មី ទៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ កន្លង​មក​បាន​ស្ថាបនា​ដោយ​ក្រុមហ៊ុន លី ឈួន ត្រូវ​បាន​រាជ​រដ្ឋាភិបាល​បាន​ឱ្យ​ផ្អាក​មួយ​រយៈ ហើយ​ការមាន​ការរិះគន់​ពី​ប្រព័ន្ធ​បណ្តាញ​សង្គម​ទៀត​ផង»។

លោក​បាន​បញ្ជាក់​ដែរ​ថា ផ្លូវ​មួយ​ខ្សែ​នេះ កន្លង​មក​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ខេត្ត​សៀមរាប និង​ខេត្តឧត្តរ​មានជ័យ ក្នុង​ការដឹក​ជញ្ជូន​កសិផល​របស់​ប្រជា​កសិករ​ទៅកាន់​ទីផ្សារ និង​ប្រើ​ពេលវេលា​ខ្លី​ឆ្ពោះ​ទៅកាន់​ច្រក​ព្រំដែន​ទៀត​ផង។ ម៉្យាងទៀត​ផ្លូវនេះ​ដែរ គឺជា​ផ្លូវ​យុទ្ធសាស្ត្រ​របស់​កងទ័ព និង​ជួយ​សម្រួល​នូវ​ភាព​ងាយ​ស្រួល​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​សាស្ត្រ​នៃ​ខេត្ត​ទាំងពីរ​ផងដែរ​។

នាឱកាស​នោះ​ដែរ លោក ទៀ សីហា ក៏​បាន​លើក​ឡើង​ដែរ​ថា សក្តានុពល​របស់​ខេត្ត​មាន​វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ ដែល​ជា​វិស័យ​សេដ្ឋកិច្ច​មួយ​មិន​ចេះ​រីង​ស្ងួត​របស់​កម្ពុជា ដោយ​កត្តានេះ​ហើយ ទោះបី​ប្រទេស​កម្ពុជា​បាន​ជួប​នូវ​វិបត្តិ​ជំងឺ​កូវីដ១៩ ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​ផ្តល់​ថវិកា ក្នុង​ការស្ថាបនា​ផ្លូវ ក្នុង​គោលដៅ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើងវិញ​។

លោក​បញ្ជាក់​ថា គម្រោង​ស្ថាបនា​ផ្លូវ​ថ្នល់​នេះ នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​ជាតិ និង​ប្រជា​ពលរដ្ឋ​ផង​ដែរ។

ប្រភព​ពី​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា ឆ្លង​តាម​កិច្ច​ពិភាក្សា នៃ​អង្គ​ប្រជុំ​ខាង​លើ​នេះ​ តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​ផ្តល់​ថវិកា​ចំនួន​ ២លាន​ដុល្លារ សម្រាប់​ធ្វើ​ការសម្រួល​ផ្លូវ​ឡើងវិញ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ទាំងពីរ​នេះ និង​ក្នុង​នោះ​ក៏មាន​ធ្វើ​សំណង់​សិល្បៈការ្យ​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​សៀមរាប និង​ធ្វើ​ស្ពាន ៣០​កន្លែង​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ត្រពាំង​ប្រាសាទ។

ប្រភព​ដដែល​បន្ត​ថា តំណាង​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ក៏បាន​បញ្ជាក់​ដែរ​ថា គម្រោង​ផ្លូវមួយ​ខ្សែ​នេះ គឺ​ត្រូវ​បាន​ប្រគល់​ឱ្យ​កង​វិស្វកម្ម​កងទ័ព​ស្ថាបនា​បន្ត ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​សៀមរាប ប្រវែង​៤១ គីឡូ​ម៉ែត្រ ​និង​ប្រវែង​២៧​គីឡូ​ម៉ែត្រ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរ​មានជ័យ ត្រូវ​បាន​ប្រគល់​ឱ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ឧត្តរ​មានជ័យ​ជា​អ្នក​ស្ថាបនា ក្នុង​គម្រោង​ផែនការ​ ៣ ឆ្នាំ​រំកិល​របស់​ក្រសួង ដែល​នឹង​ធើ្វ​ឱ្យ​រួច​រាល់​នៅ​ឆ្នាំ​២០២៤។

យ៉ាងណាមិញ កិច្ចប្រជុំ​នោះ តំណាង​អន្តរ​ក្រសួង​ជំនាញ ក៏បាន​សម្រេច​ថា ត្រូវ​រៀបចំ​បង្កើត​ក្រុម​ការងារ ក្នុង​ការត្រួត​ពិនិត្យ​លើ​ការងារ​នេះ ព្រម​ទាំង​ត្រូវ​អនុវត្ត​ទៅ​តាម​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ដើម្បី​សម្រេច​លទ្ធផល​នៃ​គម្រោង​នេះ៕​