ភ្នំពេញៈ លោក អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រី​ប្រតិភូ​នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង ទទួល​បន្ទុក​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស ការទាក់ទាញ​វិនិយោគិន និង​ជន​ជាតិ​បារាំង​នៅ​បរទេស នឹង​មក​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​រយៈពេល​២ថ្ងៃ នៅថ្ងៃទី​២៤-២៥ ខែ​មករា ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​បារាំង និង​កម្ពុជា។

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​ប្រធានា​ធិបតី​បារាំង អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នៅ​ទីក្រុង​ប៉ារីស​កាលពី​ខែ​ធ្នូ ឆ្នាំ២០២២ ក្នុង​ឱកាស​លោក​ធ្វើ​ជាសហ​ប្រធាន​ក្នុងកិច្ច​ប្រជុំ​រំឭក​ខួប​លើក​ទី៤៥ នៃ​អាស៊ាន-សហភាព​អឺរ៉ុប នៅ​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក។

ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នាថ្ងៃ​ទី​២០ ខែ​មករា ថា អម​ដំណើរ​ដោយ​គណៈ​ប្រតិភូ​ធុរជន ដឹកនាំ​ដោយ​សហព័ន្ធ​ធុរកិច្ច​បារាំង MEDEF International និង Business France លោក Olivier Becht នឹង​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​នយោបាយ​កម្ពុជា​ជាច្រើន​នាក់ រួម​មាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ប៉ាន សូរស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក សុខ ចិន្តាសោភា រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី និង​ជា​អគ្គ​លេខា​ធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

ប្រភព​ដដែល​បន្ត​ថា ក្នុង​ដំណើរ​ទស្សនិច្ច​នេះ លោក Olivier Becht នឹង​មាន​ជំនួប​ផ្សេងៗ​ជាមួយ​សហគមន៍​បារាំង​នៅ​កម្ពុជា ជាពិសេស​តំណាង​សហគមន៍​ធុរកិច្ច​បារាំង​ដ៏រស់រវើក​ និង​ប្រជា​ពលរដ្ឋ​បារាំង​ចំនួន​៥ ០០០​នាក់​ដែល​កំពុង​រស់នៅ​កម្ពុជា​ដែល​បាន​ចុះ​បញ្ជី​ជាមួយ​ស្ថានទូត។

លោក Olivier Becht នឹង​ចូលរួម​ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​ឡើងវិញ​នូវ​ស្តូប​រំឭក​ដល់​វិញ្ញាណក្ខន្ធ​យុទ្ធ​ជន​ពលី​កម្ពុជា និង​បារាំង​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី១​តាម​ការ​សម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​របស់​លោក ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោកស្រី ភឿង សកុណា រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

ក្រៅពី​នេះ លោក Olivier Becht នឹង​ទៅ​ពិនិត្យ​ដំណើរ​ការសាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​បាក់​ខែង រាជ​ធានី​ភ្នំពេញ ដែល​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ធនាគារ​វិនិយោគ​អឺរ៉ុប និង​សហភាព​អឺរ៉ុប។

នៅ​សៀមរាប លោក​នឹង​ទស្សនា​ប្រាសាទ​អង្គរ ជាពិសេស​ការដ្ឋាន​ជួសជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច ដែល​ផ្តល់​ហិរញ្ញ​វត្ថុ​ដោយ​ប្រទេស​បារាំង។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «ដំណើរ​ទស្សន​កិច្ចនេះ​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​កាន់​តែខ្លាំង​ឡើងៗ​របស់​ប្រទេស​បារាំង​នៅ​តំបន់​អាស៊ាន ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​តាមរយៈ​ការចូលរួម​របស់​លោក​ប្រធានា​ធិបតី​បារាំង​ក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រទេស G20 កាលពី​ចុង​ឆ្នាំ២០២២​នៅ​កោះបាលី​ [ប្រទេស​ឥណ្ឌូ​នេស៊ី] និង​កិច្ច​ប្រជុំ​សហ​ប្រតិ​បត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ទីក្រុង​បាងកក [ប្រទេស​ថៃ]»។

ប្រភព​ដដែល​បន្ត​ថា អាស៊ី​អាគ្នេយ៍​គឺ​ជាតំបន់​សំខាន់​មួយ​នៃ​យុទ្ធសាស្រ្ត​បារាំង​នៅ​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក ដោយ​សារ​តំបន់នេះគឺ​ជាទី​តាំង​រស់រវើក​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​បើនិយាយ​ពី​ទិដ្ឋភាព​សេដ្ឋកិច្ច ដោយ​មាន​អត្រា​កំណើន​ខ្ពស់ ហើយ​អាស៊ាន​គឺ​ជាដៃគូ​ពាណិជ្ជកម្ម​លំដាប់​ទី​៣​របស់​សហភាព​អឺរ៉ុប៕​