
អាជ្ញាធរ និងប្រជាពលរដ្ឋ នៅក្នុងវេទិកា នៅស្រុកសណ្ដាន់ខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ខែមករា។ រូបថត រដ្ឋបាលខេត្តកំពង់ធំ
កំពង់ធំៈ លោក ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានប្រាប់ទៅប្រជាពលរដ្ឋ ឱ្យបន្តថែទាំផលដំណាំរបស់ខ្លួនបន្តទៅទៀត នៅលើដីដែលធ្លាប់កាន់កាប់ និងអាស្រ័យផលជាយូរមកហើយ ប៉ុន្តែមិនត្រូវមានការកាប់រុករានដីព្រៃបន្តទៀតនោះទេ។
បន្ថែមពីនេះ ចំពោះដីដែលមានទំនាស់ និងដីដែលស្ថិតនៅក្នុងការហាមឃាត់របស់អាជ្ញាធរ មន្ត្រីជំនាញទាំងអស់ ត្រូវសិក្សាស្វែងយល់អំពីបញ្ហាដីធ្លីនេះ ដើម្បីរួមគ្នាដោះស្រាយឱ្យស្របទៅតាមគោលការណ៍ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជាធាតុចូលបន្ថែម ក្នុងការរកយន្តការដោះស្រាយឱ្យមានប្រសិទ្ធភាព។
លោកងួន រតនៈ បានថ្លែងបែបនេះ នៅក្នុងវេទិកាផ្សព្វផ្សាយដីធ្លីជាមួយប្រជាពលរដ្ឋ និងផ្ដល់គោលការណ៍មួយចំនួន ដល់មន្ត្រីជំនាញក្នុងការចុះដោះស្រាយបញ្ហាដីធ្លី នៅឃុំមានរិទ្ធិ ស្រុកសណ្ដាន់ខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ខែមករា។
បើតាមផេកហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ នៅក្នុងវេទិកានេះ មានប្រជាពលរដ្ឋចំនួន ១៨នាក់ បានលើកឡើងស្រដៀងគ្នាអំពីបញ្ហាប្រឈមចំពោះដីធ្លី ដែលបានអាស្រ័យផល ដោយសារដីរបស់ពួកគាត់ មិនមានប្លង់កម្មសិទ្ធិ ព្រោះស្ថិតនៅលើដីតំបន់គម្របព្រៃឈើឆ្នាំ២០០២ ធ្វើឱ្យការអាស្រ័យផល របស់ពួកគាត់មានការភ័យខ្លាច ដោយសារមន្ត្រីជំនាញបានទៅការពារមិនអនុញ្ញាតឱ្យអាស្រ័យផលទៀតឡើយ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ លោកអភិបាលខេត្តបានថ្លែងថា មន្ត្រីជំនាញទាំងអស់មិនត្រូវទៅរំខានដល់ប្រជាពលរដ្ឋ ដែលបានអាស្រ័យផលនៅលើដីនោះទេ ប៉ុន្តែហាមដាច់ខាតការកាប់រុករានបន្ថែមកន្ទុយដី ដែលនៅសល់ព្រៃតិចតួច និងសូមឱ្យប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល និងមន្ត្រីជំនាញមានការសហការ និងមានភាពស្មោះត្រង់ក្នុងបញ្ហានេះ៕