រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានបង្ហើបឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជា ទទួលបានពាក្យបណ្តឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ៧០៧ករណី ឃាត់ខ្លួនជនសង្ស័យ ១២០នាក់ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ផងដែរ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅកម្ពុជា នៅថ្ងៃទី ២០ ខែមករានេះ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច កំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងដោះស្រាយវិបត្តិ ដែលបណ្តាលមកពីជំនន់ទឹកភ្លៀង ប៉ុន្ដែពួកឧក្រិដ្ឋជន បានឆ្លៀតឱកាសប្រព្រឹត្តបទល្មើសបោក តាមប្រពន្ធ័អនឡាញ ដើម្បីទាក់ទាញជនបរទេសឱ្យប្រព្រឹត្តបទល្មើសខុសច្បាប់ និងទាក់ទាញពលករបរទេស ឱ្យចូលមកធ្វើការនៅកម្ពុជា ក្រោមរូបភាពផ្តល់កម្លាំងពលកម្មក្នុងតម្លៃខ្ពស់ជាដើម។

លោក បានបញ្ជាក់ថា ប្រឈមមុខនឹងហេតុការណ៍នេះ កងកម្លាំងកម្ពុជា បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ជួញដូរពលកម្មមនុស្ស និងពលកម្មផ្លូវភេទ ប្រកបដោយគណនីយភាព និងបើកចំហដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ ក្រុមគ្រួសារ ក្នុងការផ្តល់ព័ត៌មានមកតាមហ្វេសប៊ុករបស់លោកផ្ទាល់ ឬតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ អគ្គស្នងការនគរបាលជាតិ ឬអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាក់ដូច្នេះថា៖« មកទល់ពាក់កណ្តាលខែមករានេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា បានទទួលព័ត៌មាន និងពាក្យបណ្តឹងនានាចំនួន ៧០៧ករណី បានស្រាវជ្រាវរកឃើញ ៤៤៥ករណី មានជនបរទេសចំនួន ១ ០៤៥នាក់ បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសនានាចំនួន ១២០នាក់ មាន ៤សញ្ជាតិ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ និងបានបិទក្រុមហ៊ុនដែលពាក់ព័ន្ធបទល្មើស ចំនួន៥ក្រុមហ៊ុន ព្រមទាំងផ្អាកអាជីវកម្ម និងបន្តស្រាវជ្រាវ៤ក្រុមហ៊ុន»។

យ៉ាងណាមិញ លោកថា ក្នុងចំណោមពាក្យបណ្តឹងដែលទទួលបាន អាជ្ញាធរកម្ពុជាបានបិទសំណុំរឿង ២២៩ករណី ដោយមូលហេតុរកមិនឃើញទីតាំង និងផ្តល់ព័ត៌មានមិនច្បាស់លាស់។

ពាក់ព័ន្ធនឹងករណីអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅកម្ពុជានេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានសម្តែងក្តីបារម្ភខ្លាំងជុំវិញបញ្ហានេះ ហើយយល់ថា កន្លងមកកម្ពុជាត្រូវបានគេចោទប្រកាន់ជារឿយៗអំពីករណីជួញដូរមនុស្សនេះ បើទោះជាបទល្មើសនេះភាគច្រើនកើតឡើងរវាងជនបរទេស និងជនបរទេសក្តី។

លោកបានលើកឡើងដូច្នេះថា៖«បញ្ហានេះគឺទាមទារឱ្យពង្រឹងនូវការអនុវត្តច្បាប់របស់សមត្ថកិច្ច ជាពិសេសលុបបំបាត់អំពើពុករលួយ បង្កើនសមត្ថភាពសមត្ថកិច្ចឱ្យមានគុណភាពឱ្យវិវត្តន៍ទៅតាមបទល្មើស ព្រោះបច្ចុប្បន្នបទល្មើសជួញដូរមនុស្សតាមប្រព័ន្ធអនឡាញ អេឡិចត្រូនិកកាន់តែច្រើន និងត្រូវបង្កើនកិច្ចសហការល្អជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក ដើម្បីអនុវត្តន៍ការងារនេះឱ្យមានប្រសិទ្ធភាពថែមទៀត»។

គួរបញ្ជាក់ដែរថា តាមរយៈពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅកម្ពុជាខាងលើនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បានដាក់ចេញគោលការណ៍សំខាន់ៗ ដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស ជួញដូរពលកម្មមនុស្ស និងពលកម្មផ្លូវភេទនៅកម្ពុជា រួមមាន គាំទ្រដល់ផែនការសកម្មភាព និងការធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដែលរៀបចំដោយគណៈកម្មការអន្ដរក្រសួង។

ជំរុញលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់សហការរួមគ្នាអនុវត្តន៍ផែនការសកម្មភាពនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានអំពាវនាវដល់កម្មករ និយោជិតបរទេស និយោជក នៃរោងចក្រសហគ្រាស មូលដ្ឋានអាជីវកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ផ្ដល់ការគាំទ្រនិងចូលរួមអភិវឌ្ឍន៍ឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ លោក ស ខេង ក៏បានជំរុញឱ្យចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ករណីរកឃើញតម្រុយសង្ស័យ បទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ឬបទល្មើសផ្សេងៗទៀត ក្រុមចម្រុះធ្វើអធិការកិច្ច ត្រូវរាយការណ៍ជាបន្ទាន់ មកបញ្ជាការគណៈឯកភាពរាជធានី-ខេត្ត និងគណៈកម្មការអន្ដរក្រសួង ដើម្បីចាត់វិធានការស្របតាមច្បាប់ជាធរមានផងដែរ៕