មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​១៩ ខែមករា ឆ្នាំ ២០២៣ នេះ ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២២ ក្រុមប្រឹក្សាឃុំ សង្កាត់ (​កបឃ​.​ស​) ទូទាំងប្រទេស បានទទួល​ពាក្យបណ្តឹង​សរុប​ចំនួន ៥៣ បណ្តឹង​។

​លោក សោម សូ​រី​ដា អ្នកនាំពាក្យ គ​.​ជ​.​ប​. នៅ​ថ្ងៃទី​២០ ខែមករា ថ្លែងថា ក្នុងចំណោម ៥៣ បណ្តឹង​នេះ មាន​បណ្តឹងតវ៉ា​ចំនួន ៤៩ បណ្តឹង និង​បណ្តឹង​ជំទាស់ ៤ បណ្តឹង​។ លោក​បន្តថា ចំពោះ​ការដោះស្រាយ​បណ្តឹង​ទាំងនេះ ត្រូវបាន​ចាប់ផ្តើម​នៅតាម​បណ្តា​ឃុំ សង្កាត់ និង​ដោះស្រាយបាន​ជំហានៗ ព្រមទាំង​មួយចំនួនទៀត ត្រូវបាន​ដោះស្រាយ​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់ គជប បញ្ជាក់ថា ដោយឡែក​នៅ​ថ្នាក់ គ​.​ជ​.​ប និង​នៅ​ថ្នាក់​ក្រុមប្រឹក្សាធម្មនុញ្ញ​ពុំ​ទទួលបាន​ពាក្យបណ្ដឹង​ណាមួយ​ឡើយ​។ ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្ដឹង មកពី​ឃុំ​សង្កាត់​ក្នុង​រាជធានី​-​ខេត្ត​ចំនួន​១១ នៅ​ទូទាំងប្រទេស​រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ភ្នំពេញ ព្រៃវែង​ពោធិ៍សាត់ សៀមរាប តាកែវ ប៉ៃលិន និង​ត្បូងឃ្មុំ ខណៈ​បណ្តឹង​មួយចំនួន​ត្រូវបាន​ដោះស្រាយ និង​មួយចំនួនទៀត​កំពុងដំណើរការ​ដោះស្រាយ​។

​បើតាម គ ជ ប ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យ​បណ្តឹងតវ៉ា ឬ​/​និង​ជំទាស់​ក្នុងដំណាក់កាល​នៃ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២២ មាន ៣ ថ្នាក់​។ ទី​១ ការដាក់ និង​ការទទួល​ពាក្យបណ្តឹង​នៅ កបឃ​.​ស មាន​រយៈពេល ១០​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ហើយ​ការដោះស្រាយ​ពាក្យបណ្តឹង​មាន​រយៈពេល ៣​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​ពាក្យបណ្ដឹង ទី ២ ការដាក់ និង​ការទទួល​ពាក្យបណ្តឹង​នៅ គ​.​ជ​.​ប មាន​រយៈពេល ៥​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​សម្រង់​សេចក្ដីសម្រេច (​ទ​.១២០៣) របស់ កបឃ​.​ស ហើយ​ការដោះស្រាយ​ពាក្យបណ្តឹង​មាន​រយៈពេល ៥​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​ពាក្យបណ្ដឹង​។ ទី​៣ ការដាក់ និង​ការទទួល​ពាក្យបណ្តឹង​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​រយៈពេល ៥​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​សម្រង់​សេចក្ដីសម្រេច (​ទ​.១២០៣) របស់ គ​.​ជ​.​ប ហើយ​ការដោះស្រាយ​ពាក្យបណ្តឹង​មាន រយៈពេល ១០​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​ពាក្យបណ្ដឹង​។

​គជប បញ្ជាក់ទៀតថា​ដំណើរការ​នៃ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់​ទូទាំងប្រទេស ឆ្នាំ​២០២២ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ ក្នុង​បរិយាកាស​ស្ងប់ស្ងាត់​គ្មាន​អំពើហិង្សា និង​គ្មាន​ការគំរាមកំហែង​។

​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​នៅ​កម្ពុជា (​និក​ហ្វិ​ច​)​លោក សំ គ​ន្ធា​មី ថ្លែងថា អង្គការ​របស់លោក មិនបាន​តាមដាន ឬ​អង្កេត​ការណ៍​ចំពោះ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​នេះ​ទេ ព្រោះ​គជប ធ្វើ​នៅតាម​បណ្តា​ឃុំ​សង្កាត់​នៅ​ទូទាំងប្រទេស​។ លោក​ថ្លែងថា ជារួម​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត ដំបូង​របស់ គជប នេះ គឺ​ទុកពេល ឱ្យ​អ្នក​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ទៅពិនិត្យ​មើល​ឈ្មោះ​របស់ខ្លួន ដើម្បី​ប្តឹងតវ៉ា​នៅពេល​ឃើញ​មាន​ភាពមិន​ប្រក្រតីទិន្ន​ន័យ​ណាមួយ​នៅក្នុង​បញ្ជី​បោះឆ្នោត​។

​គួរ​ជ្រាបថា គជប កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៣​បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២​ដំបូង ដែលមាន​ឈ្មោះ​អ្នកបោះឆ្នោត​សរុប ចំនួន ៩ ៧១០ ៦៤៥​នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៥ ១៦១ ៩០៦ នាក់ ការិយាល័យ​បោះឆ្នោត មាន​ចំនួន ២៣ ៧៨៩ និង​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹង ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ដោយ​មូលហេតុ​ផ្លាស់ចេញ ស្លាប់ ស្ទួន និង​ការដក​សិទ្ធិ​បោះឆ្នោត មាន​ចំនួន ២៧១ ១៤២​នាក់​។ ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត មាន​គោលបំណង​ឱ្យ​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ និង​ទិន្នន័យ​ផ្សេងៗ​របស់ខ្លួន ក្នុង​បញ្ជី​បោះឆ្នោត ព្រមទាំង​អាច​សុំ​កែតម្រូវ​តាមរយៈ​ការប្តឹងតវ៉ា ឬ​/​និង​ប្តឹង​ជំទាស់​៕​